
ព្រះវិហារៈ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានជួបពិភាក្សាជាមួយសមភាគីថៃរបស់ខ្លួន លោកឧត្តមសេនីយ៍ Sukumpol Suwanatat នៅស្រះទឹកមុខប្រាសាទព្រះវិហារ ក្នុងទឹកដីកម្ពុជា នាព្រឹកម៉ោង ១០ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ នេះបើតាមប្រភពពីក្រុមមន្ដ្រីយោធាកម្ពុជាម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងកាលពីព្រឹកមិញ។
មន្ត្រីយោធាដដែលបានបញ្ជាក់ថា ដំបូងឡើយ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជានិងថៃ គ្រោងនឹងធ្វើឡើងនៅខេត្តសុរិន្ទ ទឹកដីថៃ។
មន្ត្រីយោធាដដែលនោះបានឲ្យដឹងថា៖«កិច្ចប្រជុំរវាងប្រមុខកងទ័ពទាំងពីរ នៅព្រឹកនេះ គឺដើម្បីហូបបាយសាមគ្គី ហើយកិច្ចការយោធាដើម្បីបន្ថយភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ ក៏នឹងត្រូវលើកឡើងផងដែរ»។
លោកឧត្តមសេនីយ៍ Sukumpol Suwanatat រដ្ឋមន្ត្រីការពារជាតិថៃ អមដំណើរដោយមេទ័ពកំពូលៗរបស់ថៃ បានជិះយន្តហោះ ២គ្រឿង ចុះចតនៅតំបន់ផ្ទះក្រហម ក្នុងទឹកដីថៃ ហើយដើរចូលមកកាន់ប្រាសាទព្រះវិហារ។
ការជួបពិភាក្សាគ្នានេះគឺបន្ទាប់ពី ក្រុមបាតុករអាវលឿងថៃបានធ្វើការតវ៉ាជាច្រើនលើកដោយដាក់សម្ពាធដល់រដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ មិនឲ្យទទួលស្គាល់ការបកស្រាយសាលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ។
តុលាការក្រុងឡាអេដែលនឹងត្រូវបកស្រាយសាលដីកាឆ្នាំ១៩៦២របស់ខ្លួននៅខែមេសាខាងមុខបន្ទាប់ពីមានបណ្តឹងពីភាគីកម្ពុជាដោយសារការចូលទន្ទ្រានដណ្តើមយកតំបន់ប្រាសាទព្រះវិហាររបស់កងទព័ថៃកាលពីខែកក្កដាឆ្នាំ២០០៨។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍