
ប្រធានសហជីពសេរីកម្មករ លោកជា មុនីបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារប្តឹងលោកស្នងការនៃស្នងការដ្ឋានខេត្តនេះ និងមន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនា។
យោងតាមពាក្យបណ្តឹងរបស់លោកជា មុនីបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចាប់យករថយន្តរបស់សហជីពសេរីកម្មករចំនួន១គ្រឿង ម៉ាកតាកូម៉ា ព្រមទាំងកូនសោរថយន្តដោយចោទទុកជាវត្ថុតាងក្នុងហេតុការណ៌កម្មកររោងចក្រសាប្រ៊ីណាក្នុងស្រុកសំរោង នាំគ្នាធ្វើកូដកម្មទាមទារ លក្ខខណ្ឌការងារល្អប្រសើរ ហើយក៏កើតមានអំពើហឹង្សាប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងបុគ្គលិកសហជីពព្រមទាំងកម្មករ កម្មការិនីរោងចក្រ។
លោកជា មុនីនិយាយថាក្រោយការចាប់យកនូវទ្រព្យសម្ភារៈរបស់សហជីពសេរីកម្មករ និងរបស់បុគ្គលិកសហជីព ព្រមទាំងរបស់កម្មករមួយចំនួននោះ សមត្ថកិច្ចនគរបាលមិនបានបញ្ជូនវត្ថុចាប់យកប្រគល់មកឲ្យស្ថាប័នតុលាការភ្លាមៗឡើយ ហើយបានធ្វើឲ្យខូចខាតឡាននោះទាំងខាងក្នុង និងខាងក្រៅ ទើបតែនៅថ្ងៃទី៣ ខែមករានេះបានសមត្ថកិច្ចយកមកប្រគល់ឲ្យស្ថាប័នតុលាការរក្សាទុក បន្ទាប់ពីដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចប្រគល់វត្ថុដែលចាប់យកឲ្យម្ចាស់ដើមវិញ។
អានព័ត៌មានពិស្ដារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍