
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងពាក់ព័ន្ធលើកស្ទួយ ត្រសក់ចាវ ម៉ាំល្ហុងនិងត្រីឆ្អើរខ្មែរ ដាក់ជាម្ហូបសម្គាល់អត្តសញ្ញាណជាតិ ដែលជាផ្នែកមួយចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងជំរុញឲ្យមានការនាំចេញ ដូច គីមឈី របស់ប្រទេសកូរ៉េដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាវប្បធ៌មជាតិ នៅសាលសន្និសីទចតុមុខ នៅថ្ងៃចន្ទ ទី០៣ កុម្ភៈនេះ ដោយលោកមានប្រសាសន៍ថា៖ «ខ្ញុំសុំស្នើឲ្យមានការគិតគូរយកចិត្តទុកដាក់ អំពីវប្បធម៌ខ្មែរ ដូចជាត្រសក់ចាវ ម៉ាំល្ហុង ត្រីឆ្អើរ ជាដើម ដែលត្រូវធ្វើឲ្យទៅជាអត្តសញ្ញាណមួយរបស់ខ្មែរដែលអាចពង្រីក ទៅជាឧស្សាហកម្មម្ហូបខ្មែរដែលត្រូវបានធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេស»។
នៅឯសន្និសីទ វប្បធម៌ជាតិនេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបញ្ឈប់រាល់ការ ចម្លងវប្បធម៌ពីប្រទេសដទៃ ផងដែរ។