
ភ្នំពេញៈ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានថ្លែងសារនយោបាយដោយផ្ទាល់ជាលើកដំបូង នៅចំពោះមុខសកម្មជនខ្លួនប្រមាណជាង ២ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ ដោយបានធ្វើការសន្យាថា លោកនឹង «សង្គ្រោះជាតិ» ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនាពេលខាងមុខ។
ការថ្លែងសារនយោបាយនេះ ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោកបានចាកចេញពីទីក្រុងបាងកក ប្រទេសថៃ និងបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃព្រឹកថ្ងៃសុក្រនេះ ក្រោយពីបានរស់នៅនិរទេសខ្លួនជាង ៤ ឆ្នាំ ដើម្បីគេចពីការផ្តន្ទាទោសជាង ១១ ឆ្នាំពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស។
លោកបានថ្លែងថា៖ «ខ្ញុំមានជំនឿថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះក្នុងការបោះឆ្នោតនេះ...ហើយខ្ញុំសន្យាថា នឹងសង្គ្រោះប្រទេសរបស់យើង តាមគោលនយោបាយរបស់យើង»។
ឈរនៅក្បែរអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងសមាជិកជាន់ខ្ពស់គណបក្ស លោកបានប្រាប់ទៀតថា «យើងនាំគ្នាបញ្ឈប់ការឈ្លោះទាស់ទែងគ្នា ហើយយើងនឹងធ្វើការរួបរួមគ្នាដើម្បីស្រោចស្រង់ជាតិ»។
លោកសម រង្ស៊ី ក៏បានប្រកាសអំពីជ័យជម្នះដែលនឹងកើតមាននៅក្នុងថ្ងៃបោះឆ្នោតខាងមុខដោយលោក ជឿជាក់ថា អ្នកដែលមកស្វាគមន៍ គាំទ្រលោកនៅថ្ងៃនេះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់ភាពជោគជ័យ របស់គណបក្សសង្គ្រោះជាតិ។ ទោះជាយ៉ាងណាក្តី លោកបានថ្លែងថា «ប្រសិនបើ គ.ជ.ប ប្រកាសថាគណបក្សផ្សេងមួយនោះឈ្នះ យើងនឹងបដិសេធលទ្ធផលការបោះឆ្នោតភ្លាម»។
មេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានព្រះរាជទានការលើកលែងទោសដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីត្រួសត្រាយផ្លូវឲ្យលោក អាចចូលរួមការបោះឆ្នោត ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកក្កដា ដើម្បីប្រកួតប្រជែងជាមួយបុរសជើងខ្លាំង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេស ២៨ ឆ្នាំមកហើយ។
លោកបានបន្តថា «ដូចដែរខ្ញុំបានសន្យាប្រាប់បងប្អូនទាំងអស់គ្នា ថាខ្ញុំនឹងត្រឡប់មកកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត បើទោះជារាជរដ្ឋាភិបាលចាប់ខ្ញុំដាក់គុកក៏ដោយ ហើយវត្តមានខ្ញុំនៅទីនេះដូចដែរខ្ញុំបានសន្យា។ ខ្ញុំគ្មានទោសទេបងប្អូន តែតុលាការបានលាបព័ណ៌ឲ្យខ្ញុំមានទោស ឥឡូវនេះគេបាន លាងជម្រះព័ណ៌ឲ្យខ្ញុំដូចដើមវិញហើយ»។
ក្នុងអំឡុងពេលថ្លែងសារនយោបាយប្រមាណជា ៤៥នាទី លោក សម រង្ស៊ី ក៏បានលើកឡើងនូវគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិសំខាន់ទាំង ៧ចំណុចផងដែ។
លោកបានលើកឡើងថា «យើងនឹងផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដែលក្នុងនោះក៏មានសមាជិកក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ។ យើងនឹងផ្តល់ថវិកា ៤ម៉ឺនរៀលសម្រាប់មនុស្សចាស់ជរា ក្នុងនោះក៏មានឪពុកម្តាយសមាជិកក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាដែរ។ យើងនឹងតំឡើងប្រាក់ខែមន្ត្រីរាជការឲ្យបានមួយលានរៀលក្នុងមួយខែ»។
ក្រោយពីការស្វាគមន៍យ៉ាងច្រើនកុកករពីសកម្មជន និងប្រជាពលរដ្ឋនៅរាជធានីនៅភ្នំពេញ លោក សម រង្ស៊ី នឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនៅបណ្តាខេត្តចំនួន ១៥ ក្នុងចំនួន ២៤ ខេត្តនៅថ្ងៃស្អែក ខណៈពេលដែល រយៈពេលនៃការឃោសនាបោះឆ្នោតនៅសល់ ៨ថ្ងៃទៀតនឹងត្រូវបិទបញ្ចប់។
យ៉ាងណាក៏ដោយ ការមកដល់របស់លោក សម រង្ស៊ី មិនទាន់ស្ថិតក្នុងឋានៈជាបេក្ខជនតាមផ្លូវច្បាប់ឡើយដោយឈ្មោះរបស់លោក ត្រូវបាន គ.ជ.ប លុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត កាលពីឆ្នាំមុន។
តាមការគ្រោងទុកនៅថ្ងៃស្អែកនេះ លោកសម រង្ស៊ី រួមទាំងលោក កឹម សុខា នឹងធ្វើដំណើរទៅជួបសកម្មជននៅខេត្តកំពង់ស្ពឺ និងតាកែវ។