ព្រៃវែង៖ បុរសវ័យ ៧៣ឆ្នាំ ម្នាក់ដែលជាសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានខ្យល់គរស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយរង់ចាំគណៈប្រតិភូរបស់ខ្លួនក្នុងរោងវេទិកាមួយ ដែលត្រូវបានប្រារពធ្វើឡើងនៅភូមិរកាខ្សុក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃអង្គារនេះ។
លោក ទុំ សាន់មុនី អធិការនគរបាលស្រុកស្វាយអន្ទរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បុរសចំណាស់ ដែលបានខ្សល់គរស្លាប់នោះ ឈ្មោះ ភួន ចឹម ជាប្រជាកសិកររស់នៅភូមិថ្កូវ ឃុំមេបុណ្យ។
លោកបានបន្តថាមុនដំបូងគាត់អង្គុយលើកៅអីឈើ ក្រោមរោងវេទិកា ជាមួយសកម្មជនគាំទ្រប្រមាណជាង២០នាក់ផ្សេងទៀត ដើម្បីរង់ចាំការមកដល់របស់គណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ។ មួយសន្ទុះក្រោយមកគឺនៅវេលាម៉ោងប្រមាណជា៨និង១០នាទីព្រឹក គេឃើញគាត់ដួលធ្លាក់ពីកៅអីដោយខ្លួនឯងហើយសន្លប់បាត់ស្មារតីតែម្ដង។
លោកបានថ្លែងថា៖«យើងបានស្ទុះទៅពិនិត្យ ឃើញគាត់សន្លប់បាត់ស្មារតី យើងក៏យករថយន្តដឹកគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានពិនិត្យហើយថាគាត់បានស្លាប់បាត់ទៅហើយ» ។
លោកមុនីបន្តថាក្រុមគ្រូពេទ្យកោសល្យវិច័យ បានបញ្ជាក់ថាគាត់ស្លាប់ដោយសារ«ជំងឺខ្យល់គរ» បច្ចុប្បន្នក្រុមគ្រួសាររបស់គាត់ បានយកសពគាត់ទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
លោកបានឲ្យដឹងទៀតថា ទោះជាបែបណាក្ដី ការស្លាប់របស់គាត់មិនបានបង្អាក់សកម្មភាពរបស់សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលចូលរួមនៅក្នុងវេទិការនាព្រឹកនោះឡើយ។ នៅម៉ោងប្រមាណ៨ និង៤៥នាទី គណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ញ៉ែម បុញ្ញារិទ្ធ អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ និងលោក គង់ បូរ៉ា អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងបានមកដល់ ហើយបន្ទាប់មកកម្មវិធីត្រូវបានចាប់ផ្ដើមដំណើរការ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់។