
ភ្នំពេញៈ យ៉ាងហោចណាស់មានកម្មករ កម្មការិនី នៃរោងចក្រ SL ជាង ១០ នាក់បាន រងរបួសស្រាលក្នុងការបង្រ្កាបពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថកាលព្រឹកថ្ងៃទី២១ ខែតុលា នៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្បែរវិមានឯករាជ្យ។
អ្នកស្រី នាង អ៊ិត វ័យ ៥២ ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចវាយចំក្បាលខាងក្រោយបាននិយាយថា កម្មករបានចាកចេញពីផ្ទះរបស់ពួកគេតាំងពីម៉ោង ៥ ព្រឹក ដោយធ្វើដំណើរតាមមធ្យោបាយផ្សេងៗគ្នាក្នុងគោលបំណងបង្វាងពីភ្នែកអាជ្ញាធរ។
អ្នកស្រីនាង អ៊ិតបានថ្លែងថា៖ «យើងបានមកជួបជុំគ្នានៅមុខផ្ទះរបស់លោកឪ (លោកហ៊ុន សែន) ដែលយើងចាត់ដូចជាឪពុកម្តាយ ដើម្បីឲ្យគាត់ជួយ តែបែរជាកម្លាំងសមត្ថកិច្ចរបស់កងរាជអាវុធហត្ថដែលមានគ្នាជាច្រើននាក់បានមកដេញវាយពួកយើងឲ្យចេញពីកន្លែងនោះ ដោយមិនបាននិយាយប្រាប់ជាមុន»។
កម្មករជាច្រើនបានរត់គេចពីការដេញវាយរបស់សមត្ថកិច្ច តែមានអ្នកខ្លះបានត្រូវវាយចំដៃ ជើង និងក្បាល ប៉ុន្តែពួកគេមិនរបួសធ្ងន់ធ្ងរនោះទេ។
កម្មករម្នាក់ទៀតឈ្មោះ យី ស៊ីណាត អាយុ ២៥ ឆ្នាំ ដែលត្រូវវាយចំស្មាដោយសារលោកបានជួយកម្មករ អាយុ២៥ ឆ្នាំម្នាក់ដូចជាសត្វធាតុដោយមិនបានសាកសួរជាមុននោះទេ។ ប៉ុន្តែពួកគេមិនបាននិយាយថា ពួកគេចុះពីលើឡានមកដេញវាយពួកកម្មករដូចជាសត្វធាតុដោយមិនបានសាកសួរជាមុននោះទេ។
លោកស៊ីណាត បានថ្លែងថា៖ «យើងត្រូវការតែ ៥ ចំនុចពីថៅកែរោងចក្រតែប៉ុណ្ណោះ បន្ទាប់ពីរោងចក្របានបញ្ឈប់ពីការងារ។ ពួកយើងតវ៉ាជិត ៣ ខែហើយ ខ្ញុំមិនមានលុយសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ បន្តិចទៀតពួកយើងនឹងត្រូវបានគេដេញពីផ្ទះជួលហើយ ដោយសារគ្មានលុយឲ្យគេ»។
កម្មករប្រមាណជា ៤០០ នាក់ដែលបានមកជួបជុំគ្នានៅសួនច្បារសម្តេចហ៊ុន សែន និងមានខ្លះនៅមុខវត្តបុទុមបាននិយាយថា បើគ្មានដំណោះស្រាយទេពួកគេនឹងដេកនៅទីនោះ។
បន្ទាប់ពីមានអំពើហឹង្សាកើតមានលើកម្មករមួយសន្ទុះក្រោយមកគេឃើញលោកអភិបាលសាលារាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ចុះមកសំរបសំរួល ដោយសូមឲ្យកម្មករចាកចេញពីទីលានសួនច្បារនោះ ប៉ុន្តែកម្មករមិនបានធ្វើតាមនោះទេ ដោយថែមទាំងគំរាមថា ពួកគេនឹងនៅកន្លែងនោះទាល់តែមានដំណោះស្រាយ។
សូមបញ្ជាក់ថា កម្មកររោងចក្រ SL1 និង SL2 បានតវ៉ាជិត ៣ ខែមកហើយដោយទាមទារឲ្យដកលោក មាស សុត្ថា ដែលជាម្ចាស់ភាគហ៊ុនមួយនៅរោងចក្រនោះចេញ និងចំនុចមួយចំនួនទៀត ហើយពួកគេបានធ្វើការដង្ហែក្បួនជាច្រើនដងមកហើយដែរ ប៉ុន្តែ ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលធ្វើការលើផ្នែកនេះមិនមានដំណោះស្រាយជូនពួកគេឡើយ។