ភ្នំពេញៈ កម្មករប្រមាណជាជាង ១ ០០០ នាក់មកពីរោងចក្រអូសេអង (Ocean Garment) ក្នុងខណ្ឌពោធិសែនជ័យ ត្រូវបានអាក់ខានបន្តដំណើរក្បួនរបស់ពួកគេទៅកាន់ក្រសួងការងារកាលពីព្រឹកថ្ងៃអង្គារនេះ ដោយសារសមត្ថកិច្ចបានធ្វើការរារាំង។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបាននិយាយថា កម្មករនៅរោងចក្រ អូសេអង បានធ្វើការតវ៉ាជាច្រើនថ្ងៃមកហើយ បន្ទាប់ពីថៅកែរបស់ពួកគេបានប្រកាសភ្លាមៗ ពីការព្យួរការងាររយៈពេលមួយខែសិនដោយសារគ្មានការងារសម្រាប់កម្មករ។
លោកបានថ្លែងថា៖ «ការធ្វើកូដកម្មដោយសន្តិវិធីរបស់កម្មករ កម្មការិនី រោងចក្រអូសេអងនេះគឺជា រឿងត្រឹមត្រូវ ព្រោះថាការព្យួរការងារដោយមិនបានជូនដំណឹងមុន មិនមានការចុះអង្កេតពីអធិការការងារ មិនមានការអនុញ្ញាតពីក្រសួងការងារ និយោជកត្រូវផ្តល់ប្រាក់ឈ្នួល ១០០% ជូនកម្មករនិយោជិត»។
លោកបានបន្តថា ការផ្តល់ប្រាក់ឈ្នួលត្រឹមតែ ១៥ ដុល្លារក្នុងអំឡុងពេលព្យួរការងាររយៈពេល ១ខែនេះគឺជាការអនុវត្តន៌មិនត្រឹមត្រូវឡើយ។
កម្មករបានវិលត្រលប់ទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ បន្ទាប់ពីពួកគេបានហែរចេញប្រមាណជា ៥០០ម៉ែត្រដោយបន្តទាមទារឲ្យរោងចក្រផ្តល់ប្រាក់ឈ្នួល ១០០% ជូនពួកគេក្នុងកំឡូងពេលរោងចក្រព្យួរការងារក្នុងរយៈពេល ១ខែដែលចាប់ពីថ្ងៃទី ២៦ ខែឩសភា ដល់ថ្ងៃទី២៦ ខែ មិថុនានេះ។