
ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រទាននូវថវិកាដល់អ្នកធាក់ស៊ីក្លូប្រមាណជាង១៣០នាក់ កាលពីព្រឹកមិញ បន្ទាប់ពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ របស់ព្រះវរាជបិតាព្រះអង្គយកទៅតម្កល់ទុកក្នុងប្រាសាទព្រះកែវមរកដ ក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។ នៅចំពោះមុខទុរគតជន ដែលជាអ្នកធាក់ស៊ីក្លូដ៏មានវ័យចំណាស់ៗជាង១៣០នាក់ ដែលបានឈប់សំចតនៅជាប់របងស្ថានទូតរុស្ស៊ី កាលពីព្រឹកមិញនេះ សម្តេចក្រុមព្រះទ្រង់បានសម្ដែងនូវព្រះទ័យក្ដួលអាណិតអាសូរដល់ មនុស្សចាស់ៗ ដែលខ្លះមានវ័យរហូតដល់៨០ឆ្នាំទៅហើយ តែនៅតែបន្តការប្រកបមុខរបរធាក់ស៊ីក្លូ ដើម្បីដោះស្រាយជីវភាពគ្រួសារ ដោយទ្រង់មានព្រះបន្ទូលថា៖«អំណោយដ៏តិចតួចនេះ ថ្វីត្បិតតែមិនអាចធ្វើឲ្យជីវភាពបងប្អូនល្អប្រសើរបាន ប៉ុន្តែអាចជួយទំនុបបំរុងនូវភាពស្រេកឃ្លាតរបស់បងប្អូនបានមួយរយៈខ្លី»។ ក្នុងឱកាសនោះដែរសម្តេចក្រុមព្រះក៏បានថ្លែងអំណរចំពោះសប្បុរសជនខ្មែរ និង បារាំង ពិសេស លោក Guy Demaison ប្រធានសមាគម អាអិមអឺ អាស៊ី (AME D'ASIE) ដែលបាននាំយកនូវអំណោយជានំចំណី និងភេសជ្ជៈ គ្រឿងកំប៉ុងមួយចំនួនចែកជូនដល់អ្នកធាក់ស៊ីក្លូ ដ៏មានវ័យចំណាស់ៗទាំងនេះ។