ពោធិ៍សាត់ៈ ជនសង្ស័យក្នុងករណីប្លន់សម្លាប់ក្មេងៗចំនួនពីរនាក់ យកម៉ូតូមួយគ្រឿងកាលពីខែមករាកន្លងមកនេះ ត្រូវបានតុលាការខេត្ត ពោធិ៍សាត់សម្រេចផ្ដន្ទាទោសកាលពីព្រឹកម្សិលមិញ ឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ និងបង្គាប់ឲ្យបង់សំណងដល់គ្រួសារជនរងគ្រោះ ចំនួន២០លានរៀល។
លោកប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ ប៊ុន យឺត អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន ពីរថ្ងៃក្រោយពីជននេះបានប្រព្រឹត្តបទល្មើសវាយប្លន់យកម៉ូតូមួយគ្រឿង នៅចំណុចកាច់កង់ ភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីថ្ងៃ ទី១៣ខែមករា ឆ្នាំ២០១៣ ដែលបណ្ដាលឲ្យ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ និងក្មេងស្រីម្នាក់អាយុ១០ ឆ្នាំស្លាប់ និងយុវត្តីម្នាក់ទៀតរងរបួសធ្ងន់។
លោកបានបន្តថានៅពេលបើកសវនាការកាលពីព្រឹកម្សិលមិញនោះ ជនសង្ស័យបានសារភាពនៅមុខតុលាការថាខ្លួនពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតនោះមែន បន្ទាប់ពីជនរងគ្រោះបានចង្អុលបង្ហាញនិងឆ្លើយដាក់បន្ទុកនៅក្នុងសវនាការនោះ។
លោកបានថ្លែងថា៖«តុលាការបានសម្រេចផ្ដន្ទាទោសជនជាប់ចោទឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទប្លន់សម្លាប់មនុស្សដោយចេតនា និង បង្គាប់ឲ្យបង់សំណងរដ្ឋបវេណីដល់គ្រួសារជនរងគ្រោះចំនួន២០លានរៀល »។
លោកបានបន្ថែមថា ក្រោយជនជាប់ចោទត្រូវបានតុលាការបង្គាប់ឲ្យនាំយកទៅអនុវត្តទោសនៅពន្ធនាគារខេត្តពោធិ៍សាត់។