
ភ្នំពេញៈ ស្របពេលដែលកម្មករភាគច្រើនកំពុងតែជ្រួលច្របល់ និងបានកំពុងតែធ្វើការតវ៉ាមិនពេញចិត្តនឹងការតម្លើងប្រាក់ឈ្នួលរបស់ពួកគេតាំងពីថ្ងៃអង្គារ រហូតមកដល់ថ្ងៃនេះ សហជីពមួយចំនួនដែលមាននិន្នាងាកទៅរកខាងរដ្ឋាភិបាលបានអំពាវនាវឲ្យកម្មករបញ្ឈប់នូវសកម្មភាពនេះដើម្បីជៀសវាងនូវការខាតបង់ផលប្រយោជន៌របស់ពួកគេ និងប្រទេសជាតិ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បាននិយាយនៅថ្ងៃពុធទី ២៥ខែធ្នូនេះថា បងប្អូនកម្មករភាគច្រើនមិនចង់ធ្វើការតវ៉ាដូចនេះទេ ប៉ុន្តែដោយសារតែមានក្រុមអ្នកនយោបាយ និងសហជីពដែលមាននិន្នាការនយោបាយមួយចំនួនតូចនោះមានការបំផុសឲ្យមានការយល់ច្រឡំថាការតម្លើងប្រាក់ឈ្នួលនេះមានចំនួនតិចតួចពេក ដោយគាត់ចង់តម្លើងឲ្យបាន១៦០ដុល្លារតែម្តង។
លោកបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំយល់ថា នៅលើពិភពលោកនេះគ្មានប្រទេសណាមួយដែលអាចធ្វើឲ្យឡើងបានប្រាក់ឈ្នួល១០០%តែម្តងនោះទេ។ គោលដៅរបស់យើងគឺធ្វើឲ្យបាន១០០%នោះ ក៏ប៉ន្តែយើងធ្វើជាជំហានរបស់យើង។ នេះជាការងារបច្ចេកទេស»។
លោក សោម អូន បានបន្តទៀតថា លោកមានការសោកស្តាយចំពោះកម្មករដែលធ្វើបែបនេះ ហើយលោកមានការពេញចិត្តទៅនឹងការតម្លើងនេះ។
លោកនិយាយថា៖ «ការតម្លើងនេះសមរម្យ ហើយយើងអាចរក្សាបាននូវសន្តិសុខការងាររបស់បងប្អូនកម្មករ និងរក្សាបាននូវវិស័យវិនិយោគនៅក្នុងប្រទេសយើងផងដែរ។ ប៉ុន្តែប្រសិនបើសហជីពមួយចំនួនតូចយកបញ្ហានយោបាយមកឡូកឡំជាមួយនឹងករណីរបស់កម្មករនោះ គឺជារឿងមួយដែលខ្ញុំមានការ ព្រួយបារម្ភ និងសោកស្តាយ»។
លោកសោម អូនបានស្នើសុំឲ្យកម្មករធ្វើការពិចារណាថា រាជរដ្ឋាភិបាលក៏ដោយ សហជីពណាក៏ដោយគ្មានអ្នកណាមួយមិនចង់ឲ្យកម្មករទទួលបានប្រាក់ខែច្រើននោះទេ តែដោយសារលទ្ធភាពរបស់ភាគីនិយោជកមិនអាចទៅរួច។
លោកបានសង្កត់ធ្ងន់ថា៖ «អ្នកវិនិយោគដែលចង់មកវិនិយោគនឹងលែងមកតទៅទៀត ដោយសារតែសហជីពយកស្ថានភាពនយោបាយមកប្រឡូកប្រឡាក់នឹងរឿងសេដ្ឋកិច្ចខ្លាំងពេក ហើយរោងចក្រដែលកំពុងតែធ្វើការវិនិយោគនេះ អាចនឹងងាកទៅរកប្រទេសផ្សេង ដែលជាហេតុនាំឲ្យមានការប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងប្រជាពលរដ្ឋរបស់យើងយ៉ាងធ្ងន់ធ្ងរ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់កម្មករ នៅព្រឹកថ្ងៃពុធនេះ នៅឯខេត្តស្វាយរៀង ក្រុង បាវិត ថា កម្មករជាច្រើននាក់នៅក្នុងទីក្រុងភ្នំពេញនឹងប្រមែប្រមូលគ្នានៅទីលានប្រជាធិបតេយ្យនៅរសៀលនេះ។
លោកបានថ្លែងថា៖ «សូមបងប្អូនកម្មករតស៊ូជាមួយគ្នា យើងសុខចិត្តពិបាកមួយរយៈពេលខ្លីដើម្បីធូរធារបានមួយជីវិត»។
ចំណែកឯកម្មករនៅឯខេត្តកំពង់ចាមបាននាំគ្នាបិទផ្លូវមិនឲ្យមានការឆ្លងកាត់ស្ពានគីស៊ូណាផងដែរ ដើម្បីទាមទារប្រាក់ឈ្នួលរហូតដល់១៦០ដុល្លារ។