
ភ្នំពេញៈ ប្រធានសហភាពសហជីពកម្ពុជាបានដាក់លិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីក្រសួងការងារ កាលពីព្រឹកថ្ងៃពុធនេះ ស្នើសុំជួយអន្តរាគមន៍ទៅនិយោជករោងចក្រកាត់ដេរឲ្យបើកប្រាក់ខែមួយចំនួនជូនកម្មករមុនថ្ងៃបោះឆ្នោត។
លោក រ៉ុង ឈុន ប្រធានសហភាព សហជីពរូបនេះបានថ្លែងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតខ្លួន ក្រសួងការងារគួរតែធ្វើអន្តរាគមន៍ឲ្យគ្រប់ថៅកែរោងចក្រកាត់ដេរទាំងអស់បើកប្រាក់ខែដល់កម្មករមុនពេល។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា៖«ខ្ញុំចង់ឲ្យរដ្ឋមន្ត្រីក្រសួងនេះ (លោក វង សូត) ធ្វើអន្តរាគមន៍ឲ្យថៅកែបើកប្រាក់ខែចំនួន ៧០ ភាគរយ ជាមុនដល់កម្មករដើម្បីឲ្យពួកគេមានប្រាក់ធ្វើដំណើរទៅចូលរួមបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះនៅតាមខេត្តក្រុងនានាដែលពួកគេបានចុះឈ្មោះ»។
លោកបានបញ្ជាក់ថា កម្មករនឹងបាត់បង់ឱកាសខ្លួនទៅបោះឆ្នោតបើសិនពួកគេមិនមានប្រាក់ធ្វើដំណើរ។