
ភ្នំពេញៈ តុលាការសាលាឧទ្ទរណ៍នៅព្រឹកថ្ងៃសុក្រ ទី១៤ ធ្នូនេះ បានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់លោកម៉ម សូណង់ដូ ដោយសំអាងថាករណីរបស់លោកម៉ម សូណង់ដូធំនិងធ្ងន់ធ្ងរពេក។
អ្នកស្រី ឌិន ផាណារ៉ា ភរិយាលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍ដែល បានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់ប្ដីគាត់ ។
អ្នកស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នៅថ្ងៃនេះ ខ្ញុំមានការខកចិត្តចំពោះការច្រានចោលការស្នើសុំឲ្យនៅក្រៅឃុំ តែទោះជាបែបណាក្តី ខ្ញុំនៅតែមានក្តីសង្ឃឹមនឹងជឿជាក់ចំពោះប្រព័ន្ធច្បាប់នៅកម្ពុជាថា នឹងផ្តល់យុត្តិធម៌ឲ្យប្តីខ្ញុំ ហើយប្តីខ្ញុំនឹងមានសេរីភាពឡើយវិញ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។
លោកស សូវាន មេធាវីការពារក្តីលោកម៉ម សូណង់ដូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា សវនាការនូវថ្ងៃនេះ មិនមែនជាការសើរើរឿងក្តី កូនក្តីរបស់ខ្ញុំនោះទេ សវនាការដ៏តូចមួយនេះគឺធ្វើឡើងសម្រាប់ការស្នើសុំឲ្យ កូនក្តីខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្នប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «សវនាការនៅថ្ងៃនេះ គឺខ្ញុំសុំឲ្យលោកម៉ម សូណង់ដូនៅក្រៅឃុំ ទម្រាំតុលាការសាលាឧទ្ទរណ៍ធ្វើការជំនុំជម្រះ ព្រោះកូនក្តីខ្ញុំហ្នឹង គាត់មានជម្ងឺ»។
លោកបានបន្ថែមថា «ឥឡូវនេះ ខ្ញុំបានធ្វើបណ្តឹងសារទុក ស្តីពីការសុំនៅក្រៅឃុំនេះ ទៅតុលាការកំពូលហើយ ហើយតុលាការកំពូល គេនឹងពិនិត្យសុំនៅក្រៅឃុំនេះ»។
នៅជុំវិញបរិវេណសាលាឧទ្ទរណ៍ កាលពីព្រឹកមិញនេះ ក្រុមសមត្ថកិច្ចចម្រុះរាប់រយនាក់ ដែលមានខែល ដំបងឆក់ និងឡានពង្លត់អគ្គិសនី បានធ្វើការរារាំង មិនឲ្យក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូបានចូលមកកៀកសាលាឧទ្ទរណ៍ដើម្បីស្តាប់ការសម្រេចសេចក្តីរបស់តុលាការនេះឡើយ។ តែទោះជាបែបណា ពុំមានអំពើហិង្សាណាមួយកើតឡើងនោះទេ។
លោក ម៉ម សូណង់ដូ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ១៥ កក្កដា បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យចាប់ខ្លួន ដោយចោទថា លោកជាប់ពាក់ព័ន្ធទៅនឹងការនៅពីក្រោយខ្នង ក្រុម លោក ប៊ុន រដ្ឋា ដែលអាជ្ញាធរអះអាងថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ហើយកាលពីថ្ងៃចន្ទ ទី០១ ខែតុលាឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមផ្តន្ទាទោសលោកម៉មសូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ពីបទផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ផ្តើមធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា មួយចំនួន នៃក្រមព្រហ្មទណ្ឌ។