
ក្រុមជនសង្ស័យ៤នាក់ក្នុងនោះមានស្រ្តីម្នាក់និងកាំភ្លើងK-59មួយដើមដែលនគរបាលខណ្ឌចំការមនចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ធ្នូរដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះសមត្ថកិច្ចកំពុងបន្តស៊ើបសួរនៅអធិការដ្ឋានខណ្ឌនៅឡើយពីម្សិលមិញ។
លោកអ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមនបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះនៅមិនទាន់បញ្ជូនទៅតុលាការទេ។
លោកប្រាប់ថា៖«យើងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននិងបន្តការស៊ើបសួរដើម្បីកសាងសំណុំរឿងពួកគេ »។
លោក ហ៊ាងថារ៉េតអធិការរងបានរំឭកប្រាប់ថា មុនឈានដល់ការឃាត់ខ្លួននេះ សមត្ថកិច្ចបានសង្ស័យលើមុខសញ្ញាជនសង្ស័យ២នាក់ដោយជិះម៉ូតូម៉ាកសេ១២៥ នៅក្បែររង្វង់មូលផ្សារដើមថ្កូវ។ពេលនោះ សមត្ថកិច្ចបានហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យប៉ុន្តែជនសង្ស័យមិនឈប់ហើយព្យាយាមបើកម៉ូតូរត់គេច។
លោកឲ្យដឹងទៀតថាជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅផ្ទះជួលគ្មានលេខមួយកន្លែង ឋិតនៅតាមបណ្ដោយផ្លូវ១៣៥ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនក្នុងនោះសមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីម៉ាក K-59 មួយដើមនិងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ក្នុងនោះស្រីម្នាក់ផង។
លោកឲ្យដឹងបន្តថាជនសង្ស័យបានបើកម៉ូតូគេច សំដៅទៅកាន់ផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជាប់ខាងកើតរបងសាលាបឋមសិក្សា ហ៊ុននាងបឹងត្របែកខាងត្បូង។ពេលនោះពួកគេ បានបោះចោលថ្នាំញៀនមួយកញ្ចប់នៅតាមផ្លូវនិងកាំភ្លើងខ្លីបោះចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ រួចហើយក៏រត់ចូលទៅសំងំនៅក្នុងផ្ទះធ្វើឲ្យសមត្ថកិច្ចព័ទ្ធនិងចូលឆែកឆេររក ឃើញមនុស្សចំនួន៤នាក់ក្នុងនោះមានស្ដ្រីម្នាក់ដែលត្រូវជាសង្សារជនសង្ស័យម្នាក់។ចំណែកអត្តសញ្ញាណរបស់ពួកគេនឹងលម្អិតនៅក្នុងសន្និសិទ្ធកាសែតពេលក្រោយ។
ក្រោយឆែកឆេរសមត្ថកិច្ចបានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូច ដកហូតបានកាំភ្លើងខ្លី ម៉ាក កា៥៩ចំនួន១ដើម ម៉ូតូ២ គ្រឿង១គ្រឿង ម៉ាកស្កុពីនិង១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២៕