
ភ្នំពេញៈ ពលរដ្ឋសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃចន្ទនេះបានប្រមូលផ្តុំគ្នាមកតវ៉ាមុខសាលារាជធានីភ្នំពេញ ដើម្បី ជំរុញឲ្យអាជ្ញាធរធ្វើការដោះស្រាយដីធ្លី ឲ្យបានច្បាស់លាស់ជូនពួកគាត់ ខណៈ ក្រុមអ្នកភូមិបឹងកក់ ដែលប្រឆាំងនឹងអ្នកស្រី ទេព វន្នី បាននាំគ្នាទៅស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់ឯកសារភស្តុតាងបន្ថែម ស្តីពីអំពើ ពុតត្បុតដ៏អាក្រក់របស់អ្នកស្រីទេព វន្នី។
អ្នកស្រី ឆាយ គឹមហ៊ន តំណាងពលរដ្ឋសហគមន៍បុរីកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នាព្រឹកថ្ងៃនេះថា ពួកគាត់ នឹងទៅប្រមូលផ្តុំគ្នា មុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរ ផ្តល់ព័ត៌មានជាក់លាក់ពីដំណោះស្រាយរបស់ពួកគាត់។
អ្នកស្រីនិយាយថា «យើងចង់ឲ្យ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ផ្តល់កាលបរិច្ឆេទឲ្យបានច្បាស់លាស់លើដំណោះស្រាយសម្រាប់ពួកយើង ព្រោះយើងមិនចង់បានការសន្យាដដែលៗនោះទេ»។
ជាមួយគ្នានេះ អ្នកស្រី ហេង មុំ តំណាងពលរដ្ឋរងគ្រោះសហគមន៍បឹងកក់ ដែលប្រឆាំងទៅនឹងការដឹកនាំរបស់អ្នកស្រីទេព វន្នី បាននិយាយថា ពួកគាត់នឹងនាំយកខិតប័ណ្ណ ដែលក្រុមទេព វន្នី បានយកទៅបោះ ផ្លុងចោលមុខផ្ទះរបស់គាត់ យកទៅដាក់ប្តឹងឲ្យស្ថានទូតអាមេរិក ជួយអន្តរាគមន៍ផ្តល់ភាពយុត្តិធម៌ សម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ។
អ្នកស្រីបានបន្ថែមថា ខិតប័ណ្ណនោះបានជេរប្រមាថ និងចោទប្រកាន់ដោយគ្មានភស្តុតាង មកលើពួកគាត់ដែលជាជនរងគ្រោះ ថាបានលក់ក្បាលឲ្យអាជ្ញាធរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍