ក្រុងអាំម៉ាន់/ហ្សឺណែវ: អ.ស. ប.បាននិយាយពីថ្ងៃពុធថា មនុស្សជាង៦ម៉ឺននាក់បានស្លាប់ នៅក្នុងការបះបោរ និងសង្គ្រាមស៊ីវិលនៅស៊ីរី ដោយធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដ៏ខ្ពស់ក្នុងការតស៊ូមួយដែលមិនបានបង្ហាញសញ្ញាថានឹងបញ្ចប់នោះទេ។
ក្រុមសកម្មជនបាននិយាយថា ក្នុងអំពើហិង្សាថ្មីបំផុត មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅជាយរដ្ឋធានីដាម៉ាសដ៏បះបោរនៅពេលការវាយប្រហារផ្លូវអាកាសរបស់រដ្ឋាភិបាលមួយ បានប្រែក្លាយស្ថានីយ៍ប្រេងមួយកន្លែងទៅជាអណ្តាតភ្លើងនរក ដោយដុតកំឡោចក្រុមអ្នកបើកបរ ដែលបានសម្រុកទៅទីនោះដើម្បីឱកាសដ៏កម្រមួយដើម្បីចាក់សាំងរថយន្តពួកគេ។
បន្ទាប់ពីបានទៅដល់តំបន់នោះមួយម៉ោង បន្ទាប់ពីមានការវាយឆ្មក់នៅតំបន់មូឡេហា ជាយក្រុងដាម៉ាស់ភាគខាងកើតនៅម៉ោង១រសៀល សកម្មជន លោក អាប៊ូ សាអ៊ីត បាននិយាយថា៖ «ខ្ញុំបានរាប់ឃើញសាកសពយ៉ាងតិច៣០នាក់។ ពួកគេត្រូវភ្លើងឆេះខ្លោច ឬ ក៏ត្រូវដាច់ជាបំណែក»។
នៅភាគខាងជើង ក្រុមឧទ្ទាមបានបើកការវាយប្រហារធំមួយដើម្បីកាន់កាប់ព្រលានយន្តហោះយោធា និងបាននិយាយថា ពួកគេបានទទួលជោគជ័យនៅក្នុងការបំផ្លាញយន្តហោះចម្បាំងមួយ និងឧទ្ធម្ភាគចក្រមួយគ្រឿង នៅកន្លែងកើតហេតុ។
នៅក្នុងទីក្រុងហ្សឺណែវ ស្នងការសិទ្ធិមនុស្ស អ.ស.ប. លោកស្រី ណាវី ភីឡៃ បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវដែលបានពីប្រភព៧រួមគ្នា ក្នុងរយៈកាល៥ខែនៃការវិភាគបានចុះបញ្ជីថា មនុស្ស៥៩៦៤៨នាក់ បានស្លាប់នៅស៊ីរីចន្លោះពីថ្ងៃទី១៥មីនា២០១១ ដល់ទី៣០ខែវិច្ឆិកា២០១២។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍