
ភ្នំពេញៈ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះ បានបដិសេធធ្វើបត្យាប័ន មហាសេដ្ឋីរុស្ស៊ីខាងអចលនទ្រព្យឈ្មោះ Sergei Polonsky និងបានបញ្ជាឲ្យមានការដោះលែងសេដ្ឋីរុស្ស៊ីរូបនេះពីពន្ធនាគារភ្លាមៗ។
លោក បែន សុនសម័យ មេធាវីការពារក្ដីមួយរូបរបស់លោក Polonsky បានថ្លែងថា តុលាការបានសម្រេចមិនធ្វើបត្យាប័ន Sergei Polonsky ទៅប្រទេសរុស្ស៊ីទេ និងបានបញ្ជាឲ្យមានការដោះលែងពីពន្ធនាគារ ប៉ុន្តែ Sergei Polonsky នៅតែប្រឈមមុខនឹងបទចោទរបស់សាលាដំបូងខេត្តព្រះសីហនុដដែល។
លោក Polonsky ដែលជាម្ចាស់កោះ ដែកគោល នៅសមុទ្រ ក្រុង ព្រះសីហនុ បាននិយាយ ថា គាត់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីដើមឆ្នាំមុនបន្ទាប់ ពីគាត់បានប្រើអំពើហិង្សាទៅលើអ្នកបើកទូកចំនួន ៦នាក់។ គាត់ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយ ចេតនា និងការឃុំខ្លួនខុសច្បាប់។
លោក សុនសម័យ បានបញ្ជាក់ថា «លោក Polonsky មិនអាចធ្វើ បត្យាប័នទៅប្រទេសរុស្ស៊ីបានទេនៅពេលនេះ, គាត់ត្រូវនៅកម្ពុជា។ គាត់បានដាក់ទុនវិនិយោគនៅកម្ពុជារាប់លានដុល្លារ ហើយមិនដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅកន្លែងណាឡើយ»។
លោមេធាវីបានបន្តថា «គាត់គឺជាសប្បុរសជន មិនមែនជាឧក្រិដ្ឋជនទេ។ ខ្ញុំនឹងរកប្រពន្ធម្នាក់ឲ្យគាត់»។
សូមបញ្ជាក់ថា ចៅក្រមតុលាការខេត្ត ព្រះសីហនុ បានដោះលែងគាត់ឲ្យនៅ ក្រៅឃុំបន្ទាប់ពីបានជាប់គុករយៈពេលពីរបីខែ ហើយបានចាប់ខ្លួនគាត់ម្ដងទៀតបន្ទាប់ពីអាជ្ញាធររុស្ស៊ីបានស្នើ ឲ្យធ្វើបត្យាប័នរូបគាត់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍