
ភ្នំពេញៈ អត្រាអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៣ នេះមានការថយចុះច្រើនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។ នេះបើយោងតាមរបាយការណ៌របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្ត្រនៃក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ក្នុងរយៈពេល ៩ខែ នេះមានចំនួន ៧ នាក់ គឺមានការថយចុះ៨០% ដែលកាលពីឆ្នាំ ២០១២ ក្នុងរយៈពេលដូចគ្នាដែរនោះគឺមានអ្នកស្លាប់រហូតដល់ ៣៥ នាក់។
លោកបានឲ្យដឹងទៀតថារយៈពេលនេះចំនួនករណីគ្រុនចាញ់ដែលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ ឬភ្នាក់ងារស្ម័គ្រចិត្តភូមិមានចំនួន ២៩,៦៣១ ករណី គឺថយចុះ ៤៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១២ ដែលមានចំនួន ៥៤,៤៦៤ ករណី។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានថ្លែងថា៖ «នេះមានន័យថា ជម្ងឺគ្រុនចាញ់លែងជាមូលហេតុចំបងនៃការស្លាប់ទូទៅរបស់ប្រជាជនកម្ពុជាទៀតហើយ ប៉ុន្តែការថយចុះនេះមិនមែនជាសារមួយទាក់ទាញឲ្យយើងបន្ធូរបន្ថយការធ្វើអន្តរាគមន៌ដែលយើងកំពុងធ្វើនេះទេ បើពុំនោះទេ អត្រាឈឺ និងស្លាប់ នឹងអាចកើនឡើងវិញភ្លាម»។
លោកបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋធ្វើការការពារខ្លូនពីជម្ងឺគ្រុនចាញ់ដោយសំរាន្តក្នុងមុងការពារមូសខាំ បើអ្នកមានសញ្ញាក្តៅខ្លួនពេលនៅតំបន់គ្រុនចាញ់ ឬពេលទើបនឹងមកពីតំបន់គ្រុនចាញ់អ្នកត្រូវតែប្រញាប់ទៅជួសឈាមមើលមេរោគដោយភ្នាក់ងារស្ម័គ្រចិត្តភូមិ ឬនៅមណ្ឌលសុខភាពដែលនៅជិតអ្នកជាងងគេភ្លាមៗ៕