ភ្នំពេញៈ មន្រ្តីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារតែរន្ទះបាញ់ បានកើនឡើងដល់ ១០០ នាក់ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៣។
លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកាលបីម្សិលមិញថា មនុស្ស ១០០ នាក់បានស្លាប់ដោយសារតែរន្ទះបាញ់ ៧៤ នាក់បានរងរបួស ហើយគោ ៤៧ ក្បាល បានងាប់ ក្នុងរយៈពេល ៩ ខែ ឆ្នាំនេះ។
លោកបានបញ្ជាក់ថា៖ «ក្នុងខែនេះ គ្រោះថ្នាក់ដោយសាររន្ទះបាញ់ហាក់ដូចជាមិនកើតមានដូចមុនទេ»។
រយៈពេលដដែលឆ្នាំមុន មានមនុស្ស ១០៣ នាក់ស្លាប់ ៧១ នាក់រងរបួស និងគោ ៣៤ ក្បាលងាប់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានផ្សព្វផ្សាយដល់ប្រជាជនទាំងអស់ឲ្យជៀសវាងពីរន្ទះបាញ់ ដោយបិទទូរស័ព្ទ និងទូរទស្សន៍ពេលភ្លៀងធ្លាក់ កុំឈរក្រោមដើមឈើ ហើយកុំនៅក្នុងទឹក ឬវាលស្រែ៕ TK