ភ្នំពេញៈ មន្ត្រីនៃក្រសួងសុខាភិបាលបានឲ្យដឹងថា អត្រានៃអ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាមនៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៣នេះ មានការថយចុះច្រើនគួរឲ្យកត់សំគាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្ត្រនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាមនៅកម្ពុជាក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៣ នេះមានចំនួន ៤៥ នាក់ គឺមានការថយចុះ៧១% បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១២ ដែលមានអ្នកស្លាប់ចំនួន ១៥៧ នាក់។
លោកបានថ្លែងថា៖«ចំពោះចំនួនករណីអ្នកជម្ងឺក្នុងរយៈពេលនេះដែរមានចំនួន ១៥,១៩៣ នាក់ គឺមានការថយចុះ ៥៩% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១២ ដែលមានអ្នកជម្ងឺចំនួន ៣៦,៩៥៨ នាក់»។
គួរកត់សំគាល់ដែរថាខេត្តដែលមានអត្រាអ្នកឈឺខ្ពស់គឺភាគច្រើនខេត្តដែលនៅជាប់ ឬជិតព្រំ ដែនថៃ។ ទោះបីជាយ៉ាងណាក៏យើងនៅតែត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយទោះ គ្មានសញ្ញាផ្ទុះរាតត្បាតទូទាំងប្រទេសក៏ដោយ ព្រោះស្ថានភាពគ្រុនឈាមក៏យើងត្រូវប្រុងប្រយ័ត្នដោយយើងកំពុងប្រឈមនឹងកត្តាពីរគឺប្រទេសកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ និងក្នុងតំបន់អាស៊ីអាគ្នេយ៌ ស្ថានភាពគ្រុនឈានឆ្នាំនេះមានសភាពការណ៌អាក្រក់ជាងឆ្នាំមុនៗយ៉ាងច្រើនគួរឲ្យបារម្ភ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៌ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឲ្យមានការប្រុងប្រយ័ត្នអំពីការធ្វើអនាម័យ និងត្រូវសំរាន្តក្នុងមុង។
លោកបានថ្លែងថា៖«ខ្ញុំយល់ថា គ្រោះទឹកជំនន់អាចបន្សល់ទុកហានិយភ័យ នូវសត្វមូស។ ពេលទឹកស្រកទៅវិញ ត្រូវធ្វើការសំអាត និងបង្ហូរទឹកចេញឲ្យបានឆាប់តាមលំនៅឋានរៀងៗខ្លួនទើបមានប្រសិទ្ធិភាព ចំណែកការដាក់ថ្នាំអាបែតតាមថ្លុកជាការលំបាកដោយវិសាលភាពធំធេងពេក»៕