ក្រុងទ្រីប៉ូលីៈ សភាលីប៊ីកាលពីថ្ងៃអាទិត្យបានបោះឆ្នោតហាមប្រាមអ្នកដែលធ្លាប់កាន់តំណែងជាន់ខ្ពស់នៅក្នុងអំឡុងការគ្រប់គ្រង៤២ឆ្នាំរបស់ លោកមួម៉ារ កាដាហ្វីពីរដ្ឋាភិបាល ជាទង្វើមួយ ដែលអាចដកតំណែងនាយករដ្ឋមន្ត្រី និងមន្ត្រីកំពូលជាច្រើនទៀត ដោយមិនខ្វល់ពីតួនាទីរបស់ពួក គេក្នុងការផ្ដួលរលំជនផ្តាច់ការរូបនោះទេ។
ក្រុមអ្នកនយោបាយបានដេញ ដោលគ្នាលើសេចក្តីព្រាងច្បាប់នេះអស់ពេលជាច្រើនខែហើយ ប៉ុន្តែបញ្ហានេះទើបតែសម្រេចក្នុងសប្តាហ៍នេះនៅពេលក្រុមប្រដាប់អាវុធធុនធ្ងន់ បានចូលគ្រប់គ្រងក្រសួងពីរ និងបានវាយឆ្មក់ចូលស្ថាប័នច្រើនទៀត ក្នុងនោះមានទាំងវិទ្យុ-ទូរទស្សន៍រដ្ឋ។
ការសម្រេចចិត្តធ្វើការបោះឆ្នោតក្រោមការបង្ខិតបង្ខំនេះអាចធ្វើឲ្យក្រុមប្រដាប់អាវុធនេះ កាន់តែហ៊ានប្រើកម្លាំងម្តងទៀតដើម្បីបញ្ជាក់ពីឆន្ទៈរបស់ពួកគេលើរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រី អាលី ហ្សៃដាន អ្នកការទូតម្នាក់ក្រោមរបបលោកកាដាហ្វីដែលផ្តាច់ខ្លួនចូលជាមួយក្រុមប្រឆាំងនិរទេសក្នុងឆ្នាំ១៩៨០អាចស្ថិតក្នុង ចំណោមអ្នកដែលត្រូវបញ្ឈប់ពីតំណែង ថ្វីបើប្រការនេះមិនទាន់ច្បាស់ក្តី ហើយអ្នកនាំពាក្យសភាបាននិយាយថា វាអាចត្រូវបានសម្រេចដោយគណៈកម្មាធិការទទួលបន្ទុកការអនុវត្តច្បាប់។
មនុស្សម្នាក់ក្នុងចំណោមរាប់រយនាក់ដែលចូលរួមអបអរការអនុម័តច្បាប់នេះ ដែលភាគច្រើន បាញ់កាំភ្លើងឡើងលើបានស្រែកថា៖ «អយុត្តិធម៌មនុស្សខ្លះ វាប្រសើរជាជាងការផ្តួលរលំគោលបំណងច្បាប់ទាំងមូល»។
ជិតពីរឆ្នាំបន្ទាប់ពីលោកកាដា ហ្វីត្រូវផ្ដួលរលំ ខ្មាន់កាំភ្លើងដែលបានប្រយុទ្ធដើម្បីបញ្ចប់របបផ្តាច់ ការ៤២ឆ្នាំ កំពុងបដិសេធមិនដាក់អាវុធទេ និងវិលទៅរកជីវិតស៊ីវិលវិញ នៅក្នុងរដ្ឋធានីនេះ កងជីវពលគេឃើញច្បាស់ជាងកម្លាំងរដ្ឋាភិបាល៕ AFP/CC