ភ្នំពេញៈ ក្រុមអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត (Internet) និង អ្នកសរសេរប្លុក (bloggers) និង បណ្ដាញសង្គម (Facebook) ប្រមាណជាង៣០នាក់ កាលពីព្រឹកម្សិលមិញ បានជួបពិភាក្សាគ្នាស្ដីពី «សិទ្ធិសេរីភាពបញ្ចេញមតិ លើប្រព័ន្ធអ៊ិនធើណិត» ខណៈ រដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់គ្រប់គ្រងអ៊ីនធើណិត ដើម្បីបញ្ញត្តិ និងកម្រិតការប្រើប្រាស់អ៊ីនធើណិត។
នៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឯមជ្ឈមណ្ឌលវប្បធម៌អាឡឺម៉ង់ ក្នុងរាជធានីភ្នំពេញ លោកអ៊ូ វីរៈ ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ដោយសាររបត់នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចំរើនទាំងផ្នែក សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិទ្យសាស្ត្រនោះ ក្រុមអ្នកជំនួញ មន្ត្រីរាជការ និង បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងយុវជន ដែលភាគច្រើនជានិសិត្យ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីទំនាក់ទំនងលើមុខជំនួញ កិច្ចការទូត ការសិក្សាស្រាវជ្រាវ និងការចែករំលែកព័ត៌មានរបស់ពួកគេទៅវិញទៅមក។ ជាមួយគ្នានេះ អ៊ិនធើណិត បានក្លាយជាវេទិកាកណ្ដាលមួយ សម្រាប់ការពិភាក្សាសាធារណៈ សកម្មនិយម និងការអភិវឌ្ឍន៍។
លោកបានថ្លែងថា៖«អ៊ិនធើណិត ផ្ដល់មធ្យោបាយសម្រាប់អ្នកសរសេរប្លុក ភ្នាក់ងារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ក្រុមប្រឆាំង និងគណបក្សនយោបាយនានា ដើម្បីបញ្ជូនសាររបស់ពួកគេទៅកាន់សាធារណជន»។
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីប្រកាសមួយស្ដីពី ការលើកកម្ពស់ ការការពារ និងសិទ្ធិចូលទៅកាន់ អ៊ិនធើណិត។ សេចក្ដីប្រកាសនេះ ក៏បានអះអាងថាការគោរពសិទ្ធិមនុស្ស ជាពិសេស សេរីភាពបច្ចេញមតិ និងសេរីភាពទទួលបានព័ត៌មាន លើប្រព័ន្ធអ៊ិនធើណិត។ រដ្ឋាភិបាលកម្ពុជា កាលពីខែឧសភាឆ្នាំមុន បានប្រកាសថា រដ្ឋាភិបាលកំពុងតែព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ិនធើណិត ដោយសំអាងថាពង្រាងច្បាប់នេះ ដើម្បីរារាំងមិនឲ្យ«បុគ្គលទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត»។
«បច្ចុប្បន្ន ពង្រាងច្បាប់នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការរៀបចំចងក្រងនៅឡើយ ប៉ុន្តែសាធារណមតិមួយចំនួនបានសម្ដែងក្ដីព្រួយកង្វល់ថាច្បាប់នេះអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ិធើណិតនៅកម្ពុជា» នេះបើតាមការប្រាប់ឲ្យដឹងពី អ្នកស្រី សន រ៉ាមណា មន្ត្រីសម្របសម្រួលគម្រោង សេរីភាពបញចេញមតិនៅកម្ពុជា ។
កញ្ញា នាង សុវត្ថិធារី និស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានេះ បានលើកឡើងថា អ៊ិនធើណិត មានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះនាងក្នុងការសិក្សាស្រាវជ្រាវ អំពីប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនិងមេរៀនរបស់នាង ។
នាងបានថ្លែងថា៖«ខ្ញុំពិតជាមិនអាចខ្វះបានទេនូវប្រព័ន្ធអ៊ិនធើណិត ព្រោះវាជាឧតុបករណ៍ដ៏សំខាន់ក្នុងការសិក្សារបស់ខ្ញុំ»។ទោះជាបែបណាក្ដី អ្នកស្រី ចក់ សុភាព នាយិការកម្មវិធី សេរីភាពបញ្ចេញមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ជាការពិត មានជនទុច្ចរិត មួយចំនួន ប្រើប្រាស់អ៊ិនធើណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យសាធារណជនមានការភ័ណ្ឌច្រឡំ និង ធើ្វឲ្យប៉ះពាល់ ដល់សិទ្ធិអ្នកដទៃ ឬ សន្តិសុខសង្គម។ «ប៉ុន្តែ យើងមិនត្រូវគិតតែលើចំណុចអវិជ្ជមានបែបនេះ ដោយដាក់កម្រិតទៅលើអ្នកប្រើប្រាស់នោះទេ ព្រោះវាអាចធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់យើង»។