ភ្នំពេញ: គ្រាន់តែឮឈ្មោះថា «ត្បាល់ខ្មែរ» ភ្ញៀវជាច្រើនច្បាស់ជានឹកដល់ម្ហូបអាហារ ដែលចម្អិនដោយគ្រឿងគ្រៅបុកក្នុងត្បាល់ហើយ។
ជាក់ស្ដែងហាងនេះមិនត្រឹមតែល្បីខាង បុកល្ហុងមឹក បុកល្ហុងពោះគោ បុកល្ហុងស្បែកកង្កែប បុកខ្យង និងបុកក្ដាមនោះទេ ត្បាល់ខ្មែរ ក៏មានម្ហូបធ្វើពីកង្កែបមានដូចជា កង្កែបប៉ារ៉ាបំពង កង្កែបបំពងខ្ទឹមស ខកង្កែបខ្ញី និង ខកង្កែបម្ទេសក្រៀមដ៏ល្បីប្រចាំហាងដែរ។
កង្កែបប៉ារ៉ាធំៗត្រូវបានគេយកទៅបំពងទាំងស្បែកសណ្ឋានក្រឡាៗ យ៉ាងស្រួយខ្ញោកតែម្ដង ខណៈដែលកង្កែបយើងទូទៅច្រើនតែត្រូវពន្លាត់ស្បែកសិនទើបដាក់លើភ្លើងចង្ក្រាន។
ម្ហូបចម្អិនពីកង្កែបនៅហាងត្បាល់ខ្មែរជាទូទៅមានតម្លៃ ៦,៥ ដុល្លារ ។ ហាងនេះស្ថិតនៅក្រោយវិទ្យាល័យ ជា ស៊ីម បឹងកេងកង វិថីលេខ ៧១ កែងផ្លូវ ៣៦០។
ភោជនីយដ្ឋាន ត្បាល់ខ្មែរ ទើបនឹងបើកដំណើរការថ្មីថ្មោង ផ្ដល់ឲ្យភ្ញៀវងាយស្រួលក្នុងការចតយានជំនិះ កន្លែងអង្គុយធំទូលាយ ស្រស់ស្អាត និងមានផាសុកភាព បន្ថែមពីលើទីតាំងចាស់នៅម្ដុំទួលទំពូង។
ទីតាំងថ្មីអាចទទួលភ្ញៀវមកជាលក្ខណៈគ្រួសារ ឬជួបជុំមិត្តភក្ដិជាក្រុមធំ។ អ្វីដែលពិសេសនោះគឺតម្លៃនៅរក្សាដដែល បើទោះបីជាទីតាំងថ្មីមានការតុបតែងស្អាតប្លែកជាងមុនក្តី។
ចំពោះតម្លៃសម្រាប់ម្ហូបប្រភេទគ្រឿងបុកចាប់ពី ១ ដល់ ៣,៥ ដុល្លារ។ រីឯម្ហូបគ្រឿងសមុទ្រមាន បង្គាអាំងអំបិលម្ទេស មឹកឆាបន្ទះដែក ខ្យងផ្លិតអប់មីសួ និងខ្យងផ្លិតឆាអិចអូ។ តម្លៃម្ហូបគ្រឿងសមុទ្រចន្លោះពី ៣ ទៅ ៦,៥ ដុល្លារ។
ភោជនីយដ្ឋាន ត្បាល់ខ្មែរ អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៧៧ ៥៨ ៦៨៕