បាត់ដំបង: ដៃ​​​​ចាប់​ហែក​ជើង​កណ្ដុរ​អាំង​ធ្យូង​​​ឯ​តូប​តាម​ចិញ្ចើម​ផ្លូវ​មួយ​នៅ​ភាគ​ខាង​លិច​​កម្ពុជា លោក យិត សារីន ចូលចិត្ដ​ទទួល​ទាន​សាច់​​កណ្ដុរ ​និង​បាយ​ស​​ក្លែម​ស្រាបៀរ​។

លោក​និយាយ​ថា​៖ «​វា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​»។

កណ្ដុរ​ស្រែ​អាំង​មិន​​សុទ្ធ​​តែ​ជា​​​ជម្រើស​អាហារ​សម្រន់​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​មនុស្ស​គ្រប់​​រូប​នោះ​ទេ តែ​នៅ​ទី​ជនបទ​នៃ​ខេត្ដ​បាត់ដំបង​ កណ្ដុរ​អាំង​ពេញ​និយម​ ដោយសារ​​វា​ជា​​អាហារ​​​មាន​តម្លៃ​ថោក​ និង​ងាយ​​ស្រួល​ចម្អិន​ ដោយ​កណ្ដុរ​អាំង​ធុន​តូច​មួយ​ក្បាល​មាន​តម្លៃ ១ ០០០ រៀល​ ខណៈ​អា​ធំ​មាន​តម្លៃ ៥ ០០០ រៀល​។

កណ្ដុរ​ស្រែ​ត្រូវ​បាន​ទទួល​ទាន​ជា​ទូទៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ពេល​ប្រជាជន​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​​ត្រួតត្រា​របស់​​ខ្មែរ​ក្រហម ខណៈ​ដែល​កង្កែប​ រពីង និង​សត្វ​ល្អិត​ដទៃ​ទៀត ​ត្រូវ​បាន​ចាត់​វា​ទុក​ជា​អាហារ​​ស្រោច​ស្រង់​ជីវិត​។

ស​ម្រាប់អ្នក​និយម​កណ្ដុរ​ស្រែ​អាំង​ វា​​​ជា​​គ្រឿង​ក្លែមស្រាបៀរដ៏ពេញនិយម​​​។ រូបថត AFP

ពេល​នេះ កណ្ដុរ​ឆ្អិន​ក្លាយ​ជា​​អាហារ​ថ្ងៃ​ត្រង់​មាន​តម្លៃ​ថោក​សម្រាប់​កម្មករ​ និង​កសិករ​ ទោះ​​​​ជា​មាន​ការ​និយាយ​ខុសៗ​គ្នា​ពី​ជាតិ​វា​យ៉ាង​ណា​ក៏​ដោយ។

លោក សារីន បាន​ប្រាប់ AFP ថា សាច់​កណ្ដុរ​មិន​ខុស​ពី​ «សាច់​​មាន់ ឬ​សាច់​គោ​» នោះ​ទេ ខណៈ​​អ្នក​ដទៃ​ទៀត​និយាយ​ថា វា​​មាន​រសជាតិ​ស្រដៀង​សាច់​ជ្រូក​ច្រើន​ជាង។

លោក​គឺ​ជា​អតិថិជន​ម្នាក់​ និង​​ជា​ទេសចរ​ជាតិ​ ដែល​ឆៀង​ចូល​តូប​កណ្ដុរ​អាំង​ចិញ្ចើម​ផ្លូវ​ក្រៅ​ក្រុង​បាត់ដំបង ដែល​កណ្ដុរ​អាំង​​ត្រូវ​បាន​តាំង​​បង្ហាញ​ដង្ហែ​ជាមួយ​ទឹក​អំបិល​ម្រេច​។

អ្នកស្រី ម៉ាលីស ជា​អ្នក​លក់​កណ្ដុរ​អាំង​ម្នាក់ អាហារ​សម្រន់​នេះ​មាន​ការ​ពេញ​និយម​ខ្លាំង​តាំង​​ពី​អ្នកស្រី​ដាក់​លក់​ជាង​មួយ​ទសវត្សរ៍​មុន​ និង​លក់​បាន ​២-៣ គីឡូក្រាម ​ក្នុង​មួយ​ថ្ងៃ។​

តូប​​​តាមចិញ្ចើម​ផ្លូវ​នៅ​ជាយក្រុង​បាត់ដំបង​ ដែល​ភាយក្លិន​កណ្ដុរអាំង​​​។ រូបថត AFP

បច្ចុប្បន្ន អ្នកស្រី ម៉ាលីស អាច​លក់​ក្នុង​បរិមាណ ២០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ញៀវ​ខ្មែរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​រថយន្ដ​វ៉ែន និង​ភ្ញៀវ​​បរទេស​ដែល​ចង់​ដឹង​ចង់​ឃើញ​ម្ដងម្កាល​។

រដូវ​វិស្សមកាល​បុណ្យ​ទាន​​អ្នកស្រី​អាច​​លក់​កណ្ដុរ​ធំៗ​រហូត​ដល់ ១៨០ ក្បាល ​ក្នុង​មួយ​​ថ្ងៃ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​បុណ្យ​អុំ​ទូក​ជា​ដើម​។

ដោយ​ច្រាន​ចោល​នូវ​ក្ដី​បារម្ភ​អំពី​សុខភាព​ដោយ​ការ​បរិភោគ​​​កណ្ដុរ​អាំង​ អ្នកស្រី​ ម៉ាលីស បាន​លើក​ឡើង​ថា កណ្ដុរ​ស្រែ​របស់​ខ្លួន​ចាប់​នៅ​តាម​ស្រែ​ និង​មិន​ប៉ះពាល់​ចំពោះ​សុខភាព​អ្នក​ទទួល​ទាន​ឡើយ​។

អាជីវករ​រូប​នេះ បាន​និយាយ​ពេល​កំពុង​ចាប់​ប្រែ​សាច់​អាំង​ភាយ​ក្លិន​​យ៉ាង​ឈ្ងុយ​ថា​៖ «​កណ្ដុរ ទាំង​នេះ​​មាន​សុខភាព​​ល្អ​ជាង​សាច់​ជ្រូក និង​មាន់​ទៅ​ទៀត​។ ពួក​វា​ស៊ី​តែ​មើម​​ឈូក​ និង​គ្រាប់​ស្រូវ​ប៉ុណ្ណោះ​​»។

ទោះ​បី​ជា​មាន​ការ​និយម​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​អារម្មណ៍​ញញើត​កណ្ដុរ​អាំង​។

អ្នកស្រី​ ម៉ាលីស ​​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ពព្រាយ​ថា៖ «​ពួក​គេ​មាន​អារម្មណ៍​ថា វា​គួរ​ឲ្យ​ខ្ពើម​»៕ AFP/HR