ភ្នំពេញ: ស្ថិត​នៅ​ម្ដុំ​ជ្រោយ​ចង្វារ ភោជនីយដ្ឋាន តាសេត ដែល​ល្បី​ដោយសារ​រូបមន្ត​ប្រចាំ​ត្រកូល​ក្នុងការ​ចម្អិន​អវយវៈ​គោ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​ម្ហូប​កន្សោម​ដោះ​គោ​អាំង​ជ្រលក់​ទឹក​ប្រហុក។

ប្រិយមិត្ត​ដែល​ធ្លាប់​ញ៉ាំ​សាច់​កន្សោម​ដោះ​គោ ច្បាស់​ជា​ដឹង​ថា ម្ហូប​នេះ​មិន​សូវ​មាន​នៅ​តាម​ហាង​ទេ ហើយ​ម្យ៉ាង​ទៀត​ក៏​ពិបាក​រក​កន្លែង​ណា​ដែល​ចម្អិន​វា​បាន​រស​ជាតិ​ឆ្ងាញ់​ត្រូវចិត្ត​ដែរ។

ម្ចាស់​ហាង តា​សេត អ្នកស្រី ស្រីណែត បាន​និយាយ​ទាំង​ទឹកមុខ​រួសរាយ​ថា៖ «នៅ​ក្នុង​ហាង​របស់​ខ្ញុំ​សម្រាប់​មុខម្ហូប​ទាំង​អស់​គឺ​ផ្តោត​ទៅ​លើ​គោ​តែម្ដង មិន​ថា ភ្នែក កន្សោម ខួរ ក្រចក ខ្មង សាច់ អណ្តាត ពោះ​គោ​ជាដើម គឺ​ខាង​យើង​យក​មក​ច្នៃ​ធ្វើ​ម្ហូប​ទាំង​អស់។ និយាយ​រួម​គឺ​ហាង​យើង​ខ្ញុំ​ឯកទេស​ខាង​អវយវៈ​គោ អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ»។

ម្ចាស់​ហាង​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ភ្ញៀវ​គាត់​ចូលចិត្ត​ញ៉ាំ​ខ្លាំង​គឺ​ទឹក​ប្រហុក​ជាមួយ​នឹង​កន្សោម​ដោះ​អាំង ពោះគោ និង​សាច់គោ​អាំង​ជាដើម»។

ក្រៅពីនេះ អ្នកស្រី ក៏បាន​បញ្ជាក់​ដែរ​ថា៖ «សម្រាប់​ភ្ញៀវ​បុរស​ក៏​និយម​កុម្ម៉ង់ សម្រាប់ ខួរ​គោ លិង្គ​ខទីវ​នេះ​មាន​ការ​ពេញ​និយម​ញ៉ាំ ដោយ​ពួកគាត់​ថា​មាន​រស​ជាតិ​ឆ្ងាញ់។ ចំពោះ​ខួរ​គោ លិង្គ​ខទីវ មួយ​ឆ្នាំង​គឺអាច​ញ៉ាំ​បាន​គ្នា ៤ នាក់ ក្នុង​តម្លៃ ៣០ ០០០ រៀល»។

ប្រសិនបើ​អ្នក​ចង់​អង្គុយ​ក្យូស​ជួបជុំ​គ្រួសារ និង​ញ៉ាំ​សាច់ ឆ្អឹង និង​អាហារ​ចម្អិន​ពី​គ្រឿង​ក្នុង​គោ​នានា អាច​ទាក់ទង​ហាង​តាសេត តាម​ទូរស័ព្ទ​លេខ ០១២ ៩២៤ ៧៤៨៕