
ភ្នំពេញ : ស្ថិតនៅមាត់ទន្លេក្បែរម្ដុំផ្សាររាត្រី ភោជនីយដ្ឋានបុប្ផាភ្នំពេញដែលមានរចនាជាក្បាលកប៉ាល់ស្ថិតនៅតាម ដងទន្លេ បានផ្ដល់នូវបរិយាកាសខ្យល់ជំនោរត្រជាក់ល្ហឹម គួបផ្សំនឹងទេសភាពមាត់ទឹកដ៏ស្រស់ស្រកាល។ ភោជនីយដ្ឋាននេះមានមុខម្ហូបជាច្រើន ហើយថ្ងៃនេះយើងសូមលើកយកម្ហូប «ការីមាន់ក្នុងស្មុគ» មកជូនលោកអ្នកស្វែងយល់ពីវិធីចម្អិនវាម្ដង។
គ្រឿងផ្សំ : សាច់មាន់ គល់គ្រឿងបុក (រួមមានគល់ស្លឹកគ្រៃ រមៀត រំដេង ក្រូចសើច និងខ្ទឹមសបុកឲ្យម៉ដ្ឋ) ម្សៅការី ប្រេងការី ទឹកដោះគោខាប់ ខ្ទិះដូង សណ្ដែកកួរ ឈើឯម ផ្កាចន្ទន៍ ដំឡូងជ្វា ការ៉ុត ខ្ទឹមបារាំង ស្ករស ម្សៅស៊ុប និងអំបិល។
វិធីចម្អិន : ដំបូងត្រូវយកសាច់មាន់រំលីងជាមួយគ្រឿងបុក បន្ទាប់មកចាក់ខ្ទិះដូង(ដើមខ្ទិះ) ប្រេងការី និងម្សៅការីរួចរម្ងាស់ឲ្យឈ្ងុយ មុននឹងចាក់ទឹកដោះគោខាប់ចូល។ បន្ទាប់មកទៀតបន្ថែមគ្រឿងផ្សំរសជាតិរួមមាន ស្ករស ម្សៅស៊ុប និងអំបិល មុននឹងចាក់ខ្ទិះដូងរាវ (ចុងខ្ទិះ) សឹមដាក់បន្លែចូល។ ចុងក្រោយត្រូវទុកឲ្យពុះ ហើយដួសដាក់ស្មុគទ្រាប់ស្លឹកចេកនោះជាការស្រេច។
ចង់ដឹងថា «ការីមាន់ក្នុងស្មុគ» មានរសជាតិយ៉ាងណា លោកអ្នកក៏អាចអញ្ជើញទៅភោជនីយដ្ឋានបុប្ផាភ្នំពេញ (ទីតានិក) ទល់មុខផ្សាររាត្រីមាត់ទន្លេ ដែលអាចទាក់ទងបានតាមទូរស័ព្ទលេខ ០២៣៤២៧២០៩ និង០១២ ៨១១៥៦៥៕