
ការ៉េមត្រប៉ែខ្មៅម៉ដ្ឋទន់ល្មើយ មួយដុំមានតម្លៃ ៦០០០ រៀល។ ឈឹម ស្រីនាង
ភ្នំពេញ: កាលពីនៅក្មេងៗ អ្នកខ្លះប្រាកដជាធ្លាប់បានញ៉ាំការ៉េមត្រប៉ែខ្មៅ ច្រកក្នុងបំពងដែក មួយដើមត្រឹមតែ ១០០ ឬ ២០០ រៀល តែប៉ុណ្ណោះ។ ឥឡូវនេះ សឹងតែពុំមានទៀតទេ ការ៉េមត្រប៉ែខ្មៅរុញរទេះលក់នោះ។
ប៉ុន្តែរសជាតិបែបនេះ ត្រូវបានហាងការ៉េម Delikat Gelato ម្តុំផ្សារទួលទំពូង យកមកកែច្នៃជាការ៉េមថ្មីឆ្ងាញ់ប្លែកមាត់។ ហាងការ៉េមដែលល្បីខាងយកផ្លែឈើតាមរដូវកាល ឬមួយក៏បង្អែមក្នុងស្រុកមកច្នៃធ្វើជាការ៉េមតាមស្តង់ដារអ៊ីតាលី ដើម្បីតម្រូវចិត្តភ្ញៀវខ្មែរ និងបរទេសនោះ កន្លងមកធ្លាប់បានលក់ការ៉េមខ្វិត ល្ង ស្វាយ ល្ពៅ និងជីរអង្កាមជាដើម។
ពោលគឺហាង Delikat Gelato នេះតែងតែធ្វើការ៉េមទៅតាមប្រភេទផ្លែឈើដែរមានតាមរដូវនៅស្រុកខ្មែរយើង។ សម្រាប់សប្តាហ៍នេះ គឺរឹតតែប្លែកត្រង់ថា ហាងនេះបានយកត្រប៉ែខ្មៅមកធ្វើជាការ៉េមម៉ដ្ឋទន់ល្មើយ ក្លិនឈ្ងុយ ព្រមទាំងមានរសជាតិឆ្ងាញ់ប្លែកមាត់ ខុសពីការ៉េមត្រប៉ែដើមរបស់ខ្មែរយើង។
ការ៉េមត្រប៉ែនេះមួយដុំ មានតម្លៃត្រឹមតែ ៦០០០ រៀល តែប៉ុណ្ណោះ ដោយបន្ថែមនំស្រួយពីលើមួយ ភ្ញៀវក៏អាចខ្ចប់យកទៅផ្ទះបានដែរ។
ចំពោះការ៉េមផ្លែឈើស្រស់ៗទាំងនេះត្រូវបានធ្វើមួយថ្ងៃសម្រាប់ផ្គត់ផ្គង់តម្រូវការមួយថ្ងៃតែប៉ុណ្ណោះ ដើម្បីរក្សាគុណភាពស្រស់ និងឆ្ងាញ់ល្អ។
ចង់ញ៉ាំការ៉េមត្រប៉ែ ស្តង់ដារអ៊ីតាលីទេ? លោកអ្នកអាចទៅសាកភ្លក្សនៅ ហាងការ៉េម Delikat Gelato ម្តុំផ្សារទួលទំពូង សូមទាក់ទងតាមទូរស័ព្ទលេខ ០៨៧ ២១១ ២១១៕