ក្រុងហាណូយ៖ អ្នកស្រី​ ង្វៀង ធូ ឡូន មក​ពី​អាល្លឺម៉ង់​ចូលចិត្ដ​ឆ្លៀត​​ពេល​ទៅ​ញ៉ាំ​ការ៉េម​បាយ​ដំណើប កេម ស៊ុយ ក្នុង​ក្រុង​ហាណូយ នៅ​ពេល​ដែល​​វិល​មក​កាន់​​មាតុភូមិ​វិញ​។

អ្នកស្រី ឡូន ពិបាក​ទ្រាំ​នឹង​អាកាស​ក្ដៅ​ស្អុះ​ស្អាប់​ក្នុង​ក្រុង​ហាណូយ តែ​អ្នកស្រី​រីករាយ​នឹង​បង្អែម​ប្រពៃណី​ដែល​អាច​បន្សាប​សីតុណ្ហភាព​បាន​ខ្លះ​ ដែល​ជា​ស្នាដៃ​អ្នក​ម្ដាយ ទ្រីញ ធីថាវ អាយុ ៧៥ ឆ្នាំ​។

អ្នកស្រី ឡូន បាន​និយាយ​ប្រាប់​​ថា​៖ «​ការ៉េម​បាយ​ដំណើប​កេម​ ស៊ុយ ជួយ​បន្សាប​កម្ដៅ​ក្នុង​រាងកាយ​បាន​ច្រើន​»។

អ្នកស្រី​ដែល​បាន​រស់នៅ​ប្រទេស​អាល្លឺម៉ង់ ​ជិត ៣០ ឆ្នាំ បាន​និយាយ​ថា ការ៉េម​បាយ​ដំណើប​​របស់​អ្នក​ម្ដាយ​ពិត​ជា​ឈ្ងុយ​ឆ្ងាញ់​ និង​មិន​ខុស​ពី​បង្អែម​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្រុង​ហាណូយ​ ដែល​អ្នកស្រី​ចូល​ចិត្ដ​តាំង​ពី​ក្មេង​នោះ​ទេ​។

គ្រឿង​ផ្សំ​រសជាតិ​ រួម​មាន បាយ​ដំណើប ការ៉េម​​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ ខ្ទិះ​​ដូង ស្ករស និង​ស្លឹក​តើយ​។ ស្លឹក​តើយ​មាន​ក្លិន​ឈ្ងុយ​ និង​ជួយ​បន្ថែម​សម្រស់​ឲ្យ​បាយ​ដំណើប​ទៅ​ជា​ពណ៌​បៃតង​។

អ្នកស្រី ទ្រីញ ធីថាវ ដែល​មាន​បទពិសោធ​ធ្វើ​ការ៉េម​បាយ​ដំណើប​ពី​ចាស់​ទុំ​ក្នុង​គ្រួសារ​បាន​និយាយ​ថា អ្នកស្រី​ត្រូវ​កុម្ម៉ង់​​ស្រូវ​ដំណើប​ដែល​ដាំ​នៅ​តំបន់​ភ្នំ​យ៉ាង​ពិសេស​ ហើយ​ស្លឹក​​តើយ​យក​ពី​ផ្ទះ​មិត្ដភក្ដិ​នៅ​ភាគ​ពាយព្យ​នៃ​ខេត្ដ​សុនឡា ប្រទេស​វៀតណាម ពី​ព្រោះ​ស្រូវ​​នៅ​ទីនោះ​មាន​សភាព​ទន់ និង​ស្អិត​ជាង​។

អង្ករ​ដំណើប​ត្រូវ​បាន​ត្រាំ​ទឹក​ចន្លោះ​ពី ៨ ទៅ ១០ ម៉ោង​ ខណៈ​ស្លឹក​តើយ​​កិន​ជាមួយ​ទឹក រួច​​ត្រូវ​ច្រោះ​យក​កាក​ចេញ​។ គ្រឿង​​ផ្សំ​ទាំង ២ ​គួរ​តែ​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ ខណៈ​ទឹក​ស្លឹក​តើយ​ចម្រោះ​នោះ​ត្រូវ​បាន​ប្រើ​ជំនួស​ទឹក​មក​ដាំ​​ចំហុយ​។

អ្នកស្រី ទ្រីញ ធីថាវ បាន​រៀប​រាប់​ថា ក្រោយ​ពី​ចំហុយ​បាយ​ដំណើប​ស្លឹក​តើយ​រួច វា​ត្រូវ​បាន​យក​មក​លាយ​ជាមួយ​ខ្ទិះ​​ដូង​។

អ្នកស្រី​បាន​បន្ដ​ថា ដំណាក់​កាល​បន្ទាប់ គឺ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ស្រស់ និង​ការ៉េម និង​កូរ​រហូត​ដល់​ក្លាយ​ជា​ល្បាយ​តែ​មួយ​ និង​​កក​ ២ ម៉ោង​ រួច​កូរ​ម្ដង​ទៀត ​ដើម្បី​ឲ្យ​ប្រាកដ​ថា ល្បាយ​ទាំង​នេះ​នឹង​មិន​បន្សល់​សមាសធាតុ​កក​ដុំៗ​ទេ​។

អ្នកស្រី ទ្រីញ ធីថាវ ​បន្ថែម​ថា ​​បន្ទាប់​មក គឺ​ដួស​បាយ​ដំណើប​ចំហុយ​ស្លឹក​តើយ​នោះ​ដាក់​ចាន​ ​ទុក​ឲ្យ​ត្រជាក់​ និង​ច្របាច់​ក្រែម​ពី​លើ​ រួច​ចុង​ក្រោយ បន្ថែម​សាច់​ដូង​កោស​ ឬ​សណ្ដែក​ដី​លីង​៕ VNS/HR