ភ្នំពេញៈ ជា​ភេសជ្ជៈ​ដ៏ពេញនិយម​របស់​ប្រជាជន​ខ្មែរ​គ្រប់​វ័យ កាហ្វេ​បាន​រំលេច​វត្តមាន​ហាង​រីកដុះដាល​តាម​បណ្តា​រាជធានី-ខេត្ត ប្រកប​ដោយ​ភាពប្រកួតប្រជែង​ខ្ពស់​។

ដោយឡែក កាហ្វេថ្មីប្លែក​មួយ​បាន​នឹង​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ចូលចិត្ត​ពិសា​ភេសជ្ជៈ​កំដរ​មាត់ នោះ​គឺ​កាហ្វេ​ដូង​ជាមួយ​រសជាតិ​ផ្អែម ឆ្ងាញ់ ឈ្ងុយ​ក្លិន​ដូង​ប្រហើរ ជាប់​ច្រមុះ​ជាមួយ​នឹង​ចំណិត សាច់ដូង ជាប់​ក្នុង​កំប៉ុង​ផងដែរ​។

ហាង​កាហ្វេ​ដូង ផ្តោត​សំខាន់​ទៅ​លើ​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ដូង​។

កាហ្វេ​ដូង​សាខា​ទី២ បាន​បើក​ដំណើរការ​បាន​ប្រហែល​ជិត​​ ១ ​ឆ្នាំ បន្ទាប់ពី​កាហ្វេ​ដូង​សាខា​ទី​១ បើក​ដំណើរ​ការប្រមាណ​ជិត ២ ​ឆ្នាំ​ ដោយ​ទទួល​បាន​ជោគជ័យ និង​ការគាំទ្រ​លើ​ជំនួញ​មួយ​នេះ​។

លោក អ៊ុក សុភ័ត្ដ្រា ម្ចាស់​ហាង​កាហ្វេ​ដូង​សាខា​ទី​២ ​បាន​រំឭក​ពី​ប្រវត្តិ​នៃ​ការច្នៃ​កាហ្វេ​ដូង​នេះ​ថា​៖ «​មិត្តភក្តិ​ខ្ញុំ​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ ហើយ​ខ្ញុំ​អត់​សូវ​ចេះ​ញ៉ាំ​កាហ្វេ​ទេ តែ​ពួកយើង​ចង់​ស្រាវជ្រាវ​កាហ្វេ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ថ្មី និង​ប្លែក​។ មិត្តភក្តិ​ខ្ញុំ​តែងតែ​រក​គំនិត​ច្នៃប្រឌិត​ផ្សេងៗ ពេល​នោះ​គាត់​បាន​រកឃើញ​កាហ្វេ​ដូង​ហ្នឹង ខ្ញុំ​សាក​ញ៉ាំ ឃើញ​ថា​រសជាតិ​វា​ឆ្ងាញ់ ខ្ញុំ​ញ៉ាំ​បាន អ៊ីចឹង​ខ្ញុំ​គិតថា​ប្រជាជន​ខ្មែរ​ក៏​អាច​ញ៉ាំ​បាន​ដែរ ហើយ​បើ​លក់​កាហ្វេ​ដូង​ហ្នឹង ប្រាកដ​ជា​ដើរ យើង​អាច​ធ្វើឲ្យ​អតិថិជន​ចូលចិត្ត​រសជាតិ​»​។

កាហ្វេ​ទឹកដោះគោ​ដូង និង​តែ​បៃតង​ទឹកដោះគោ​ដូង​មាន​តម្លៃ​ពី ៤ ៥០០ ទៅ ៦ ០០០ រៀល​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង​វ័យ ២៩ ​ឆ្នាំ​រូបនេះ​ បាន​បន្ថែមថា​៖ «​កាលពី​មុន​ខ្ញុំ​លក់​នៅ​តាម​តូប​ជាប់​ផ្លូវ​ទេ​ទល់​មុខ​ហាង​ខ្ញុំ​សព្វថ្ងៃ​ហ្នឹង តែ​ដោយសារ​មាន​ការគាំទ្រ​ច្រើន ដូចនេះ​ទើប​ខ្ញុំ​សម្រេច​បើកហាង​នៅ​ទី​នេះ​ទៅ ណា​មួយ​វា​ងាយស្រួល​សម្រាប់​អតិថិជន​ចត​ឡាន ម៉ូតូ និង​អង្គុយ​រង់ចាំ​ផង​។ ពេល​លក់​នៅ​តូប​មាន​ភ្ញៀវ​គាំទ្រ​ល្មមៗ តែ​ពេល​បើកហាង​ទទួល​បាន​ការគាំទ្រ​កាន់តែ​ច្រើន​គុណ​ ៥ ​ដង​ឯណោះ​»»​។

ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ហាង​កាហ្វេ​ដូង លក់​ដាច់​ចន្លោះ​ពី ២០០ ទៅ ៣០០ កែវ​នៅក្នុង​ ១ ​ថ្ងៃ​ ដោយ​ថ្ងៃ​អាទិត្យ​ការលក់​មាន​ចំនួន​តិច​ជាង​ថ្ងៃ​ធម្មតា​។ ភ្ញៀវ​ដែល​មក​ពិសា​ភេសជ្ជៈ​នៅ​ទី​នេះ ៥០ ​ភាគរយ និង ៥០ ភាគរយ​ទៀត​ ជា​ការកុម្ម៉ង់​ខ្ចប់​។

ម្ចាស់​ហាង​កាហ្វេ​ដូង​សាខា​ទី​២ នេះ​បានបង្ហាញ​ពី​ចំណុច​ពិសេស​របស់​ហាង​កាហ្វេ​ដូង​ថា​៖ «​យើង​យក​កាហ្វេ​ដែល​ល្អ កាហ្វេ ធម្មជាតិ គ្មាន​ជាតិគីមី ហើយ​ដូង​វិញ​យើង​យក​ដូង​ល្អ និយាយ​ទៅ​ដូង​យើង​កុម្ម៉ង់​ផ្ទាល់​តែម្តង​។ កាហ្វេ​ដូង​ញ៉ាំ​បាន​ទាំង​បុរស និង​ស្ត្រី ភ្ញៀវ​ចង់​កុម្ម៉ង់​រសជាតិ​ស្តើង ក្រាស់ តាម​អ្វី​ដែល​គាត់​ចូលចិត្ត ពួកយើង​ធ្វើឲ្យ​ដូច​ចិត្ត ញ៉ាំ​ម្តង​ហើយ ចង់​ញ៉ាំ​ម្តងទៀត​»​។

ភេសជ្ជៈ​ពិសេស​ប្រចាំ ហាង​កាហ្វេ​ដូង​មាន​កាហ្វេ​ទឹកដោះគោ​ដូង តែ​បៃតង​ទឹកដោះគោ​ដូង តែ​ក្រហម​ទឹកដោះគោ​ដូង សូកូឡា​ដូង អូវ៉ាន់ទីន​ដូង កែវ​តូច​តម្លៃ ៤ ៥០០ ​រៀល និង​កែវ​ធំ​តម្លៃ ៦ ០០០ ​រៀល ចំណែក ប្រភេទ​ក្រឡុក តម្លៃ ៦ ០០០​រៀល​។

សេវា​ដឹកជញ្ជូន ហាង​កាហ្វេ​ដូង​ឥតគិតថ្លៃ​សម្រាប់​ទីតាំង​ដែល​នៅ​ជិត និង​ទីតាំង​ឆ្ងាយ​ដែល​កុម្ម៉ង់​ចាប់ពី ១០ កែវ​ឡើង​ទៅ​។ បើ​ក្រោម ១០ កែវ​គិត​ថ្លៃ​សេវា​តាម​ចម្ងាយ​ផ្លូវ​។

ហាង​កាហ្វេ​ដូង​ចាប់​បើក​ពី​ម៉ោង ៦ កន្លះ​ព្រឹក ដល់​ម៉ោង ៦ ​កន្លះ​ល្ងាច និង​មាន​ទីតាំង​ក្រោយ​របង​សាលាបឋមសិក្សា​ ដើមថ្កូវ ត្រង់​ចំណុច​ផ្លូវកែង លេខ​ ១៥៥ និង​ផ្លូវ ៤៨៨​។ ទូរស័ព្ទ លេខ​ ០៩៩ ៨៧ ៥៣ ៣៣៕

វីដេអូ៖