ភ្នំពេញៈ បន្ថែមពីលើអាជីពសម្ដែងភាពយន្តដែលកំពុងលេចធ្លោ តារាភាពយន្តខ្មែររូបសង្ហាលោក ជា លាងឈែ បានដាក់ទុនបើកហាងកាហ្វេ «ត្នោតខ្មែរ» ដោយយកឈ្មោះតាមរុក្ខជាតិដ៏រឹងមាំ និងពោរពេញដោយប្រយោជន៍ដល់មនុស្ស។
តារាត្រេមុខកូរ៉េលោក ជា លាងឈែ តួប្រុសក្នុងរឿង «រវាងយើង» បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុធ្វើឲ្យលោកបើកហាងកាហ្វេនេះថា៖ «ពីដំបូងខ្ញុំមិនបានគិតថា បើកហាងកាហ្វេនោះទេ ប៉ុន្តែដោយសារតែមិត្តភក្តិគាត់បានបើកហាងកាហ្វេ ហើយគាត់មានការងារច្រើនពេកមិនអាចឆ្លៀតពេលមកហាងបាន ហើយក៏សម្រេចចិត្តថាបិទ ហើយខ្ញុំក៏សុំទិញវិញទាំងអស់ និងបានជួលបុគ្គលិកគាត់មកធ្វើការផងដែរ ដើម្បីបើកជាហាងកាហ្វេជាប្រ៊េនដ៍របស់ខ្លួនឯង»។
កាហ្វេ ត្នោតខ្មែរ មានការរចនាស្លាកយីហោរូបដើមត្នោត និងផ្លែត្នោតនៅលើកំប៉ុងកាហ្វេជាមួយតម្លៃសមរម្យ ដោយប្រភេទភេសជ្ជៈក្តៅ (កាហ្វេខ្មៅ Americano កាពូឈីណូ ឡាតេ តែបៃតង និងសូកូឡា) តម្លៃត្រឹមតែ ១,២៥ ដុល្លារ ភេសជ្ជៈទឹកកក (កាហ្វេត្នោតខ្មែរ កាពូឈីណូ ឡាតេ តែបៃតង និងសូកូឡា) តម្លៃ ១,៥០ ដុល្លារ និងភេសជ្ជៈក្រឡុក (កាហ្វេត្នោតខ្មែរ ទឹកផាសិន តែបៃតង និងសូកូឡា) តម្លៃ ១,៧៥ ដុល្លារ ។
ក្រោយប្ដូរទីតាំងពីម្ដុំទួលគោកមកកន្លែងថ្មីក្នុង ១ ថ្ងៃកាហ្វេ ត្នោតខ្មែរ អាចលក់បាន ៥០ ទៅ ៦០ កែវ និងកំពុងបន្តកៀងគរភ្ញៀវជាមួយរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងបរិយាកាសអង្គុយមានផាសុកភាព។
លោក ជា លាងឈែ បានបញ្ជាក់ថា៖ «ដោយប្តូរទីតាំងមកកន្លែងថ្មី ទើបធ្វើឲ្យបាត់ភ្ញៀវចាស់ៗ។ ទីតាំងថ្មីទើបដំណើរការរយៈពេល ៤ ខែប៉ុណ្ណោះដូចទៅនឹងការបើកហាងលើកដំបូងដែរ ត្រូវប្រើពេលយូរទៀតទើបមានភ្ញៀវច្រើនដូចកាលនៅកន្លែងចាស់»។
លោកប្រាប់ពីគោលបំណងនៅថ្ងៃខាងមុខពីហាងកាហ្វេទៀតថា៖ «នៅពេលដែលខ្ញុំរៀបចំហាងឲ្យមានភាពរឹងមាំទាំងគុណភាព និងរសជាតិដែលជារបស់ខ្លួនឯងទាំងគ្រឿងផ្សំដូចជាទឹកកកជាដើមគឺត្រូវផលិតជាប្រ៊េនដ៍ខ្លួនឯងប្រើចំពោះតែក្នុងហាងកាហ្វេនោះ ខ្ញុំនឹងចាប់ផ្តើមដាក់លក់ប្រ៊េនដ៍បន្តទៅឲ្យអ្នកដែលចង់បើកហាងកាហ្វេឈ្មោះបញ្ជាក់ពីសមិទ្ធផលខ្មែរ ដើម្បីចែកចាយឲ្យប្រជាជនខ្មែរយើងបានស្គាល់ឲ្យច្រើនជាងនេះ»។
កាហ្វេ ត្នោតខ្មែរ ស្ថិតនៅលើផ្លូវ ២៧១ ជិតស្តុបបឹងទំពុន៕
វីដេអូ៖