ភ្នំពេញ៖ ទោះ​ជា​​ឆ្នាំ ២០២០ បាន​ធ្វើ​ឲ្យ​​ទូទាំង​ពិភព​លោក​ជ្រួល​ច្របល់​ តែ​អ្នក​នៅ​តែ​អាច​​បន្សាប​​ក្ដី​កង្វល់​ដោយ​ការ​ក្រេប​ភេសជ្ជៈ​​នៅ​ហាង​កាហ្វេ​ ដែល​នាំ​ភ្ញៀវ​ទៅ​កាន់​ទសវត្សរ៍ ៦០។

ទិដ្ឋភាព​វិល​ទៅ​រក​អតីតកាល ជាមួយ​ឥដ្ឋ​​​​ក្រឡា​​ស​-ក្រហម​​ការ​ប្រើ​លេខ​ខ្មែរ​ជា​ឈ្មោះ​ហាង​ និង​បទ​ចម្រៀង​បន្លឺ​​យ៉ាង​រងំ​ញ៉ាំង​​ឲ្យ​​បរិយាកាស​ពោរពេញ​ទៅ​ដោយ​ភាព​ស្ងប់​សុខ​។

ប៉ុន្តែ​លើស​ពី​នោះ ​រសជាតិ​កាហ្វេ​ គឺ​ជា​អ្វី​ដែល​អន្ទង​ចិត្ត​ភ្ញៀវ​មក​គាំទ្រ​ជា​ហូរហែ​។

ម្ចាស់ហាង​ កាហ្វេ ១៩៦៧ ជា​​អតីត​សិស្ស​សាលា​វិទ្យាស្ថាន​ភាសា​បរទេស​ មាន​ ពិទូ​ បាន​ចាប់​ផ្ដើម​បើក​ហាង​នេះ​កាល​ពី​ដើម​ខែ​ឧសភា​ តែ​ជាក់​ស្ដែង​ហាង​នេះ ​គឺ​ផ្ដើម​ចេញ​ពី​អាជីវកម្ម​លក់់​លើ​រទេះ​ប៉ុណ្ណោះ​។

អ្វី​ដែល​ជំរុញ​​ចិត្ត​​​ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ​ ប្រើ​រចនាប័ទ្ម​ និង​ដាក់​ឈ្មោះ​អតីតកាល​​​បែប​នេះ​ គឺ​រឿង​រ៉ាវ​ដក់​ក្នុង​ចិត្ត ​ដែល​លោក​តែងតែ​ឮ​ចាស់ៗ​និទាន​ប្រាប់​​ពី​ភាព​រីករាយ​នា​​សម័យកាល​នោះ​ ធ្វើ​ឲ្យ​លោក​​ចង់​នាំ​បរិយាកាស​ទសវត្សរ៍ ​៦០ ត្រឡប់​មក​វិញ។​

អង្គុយ​សន្ទនា​ជាមួយ​ ភ្នំពេញ ប៉ុស្ដិ៍ ម្ចាស់​ហាង​កាហ្វេ​រូប​នេះ​​បាន​និយាយ​ថា៖ «​ខ្ញុំ​ពិត​ជា​ស្រឡាញ់​វប្បធម៌​ និង​ប្រពៃណី​របស់​ខ្មែរ​កាល​ពី​សម័យ​អំឡុង​ ឆ្នាំ ១៩៦០​ ហ្នឹង​ណាស់​ ពេល​ឮ​​​ចាស់ៗ​ និង​តា​ខ្ញុំ​ផ្ទាល់​រៀប​រាប់​ម្ដងៗ​ ខ្ញុំ​តែង​ចង់​ឲ្យ​ក្មេង​សម័យ​ក្រោយ​បាន​ទទួល​អារម្មណ៍​ដូច​គ្នា​ បាន​ឃើញ​ពី​ភាព​រួសរាយ​រាក់ទាក់​ ការ​គោរព​ ជួយគ្នា​ និង​អធ្យាស្រ័យ​ឲ្យ​​គ្នា​ទៅ​វិញ​ទៅ​​មក​។ មួយ​វិញ​ទៀត​​​ខ្ញុំ​ចង់​អភិរក្ស​ការ​ប្រើប្រាស់​លេខ​ខ្មែរ​»។

សម្ភារចាស់ៗ​ប្រើ​ជា​គ្រឿង​តាំង​លម្អ​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មុន​ពេល​បើក​ជា​ហាង​ ពិទូ​ ឆ្លង​​កាត់​បទពិសោធ​​​​​ជំនួញ​ជោកជាំ​ ដែល​ខ្លះ​​​ដំណើរការ​​​មិន​សូវ​ល្អ។ ពេល​នេះ​លោក​នៅ​សល់​តែ​ហាង​កាហ្វេ​ និង​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​តែ​ប៉ុណ្ណោះ​។

មុន​ពេល​បាន​ឈាន​មក​ដល់​ចំណុច​នេះ​ ពិទូ​ និង​ដៃ​គូ​ដែល​ជា​មិត្តភក្តិ​ជិតស្និទ្ធ​បាន​ចំណាយ​ពេល​​ជិត ​១ ឆ្នាំ​ទៅ​រៀន​សូត្រ​ពី​ភេសជ្ជៈ និង​កាហ្វេ។

លោក​​​​រំឭក​ថា៖ «ខ្ញុំ​មិន​មែន​​ជា​មនុស្ស​ចូលចិត្ត​ហូប​កាហ្វេ​​ហើយ​ក៏​គ្មាន​ចំណេះដឹង​អ្វី​បន្តិច​ដែរ។ ចាំ​បាន​ថា​ កាល​ណោះ​​ខ្ញុំ​​ទៅ​រៀន​ ទៅ​សាក​ ជិត ​១ ​ឆ្នាំ​យើង​ឡើង​ខ្យល់​ព្រោះ​ត្រូវ​សាក​រាល់​ថ្ងៃ​ តែ​ខ្ញុំ​ចង់​ជម្នះ​វា​»។

ពេល​នេះ​កាហ្វេ​ ១៩៦៧ មាន​​រសជាតិ​​​ពិសេស​ប្រចាំ​ហាង​ដោយ​​មាន​រូប​លោក​​​​ជា​អ្នក​ចេញ​​រូបមន្ត​ខ្លួន​ឯង​ទាំង​អស់​។

កាហ្វេ​ដែល​ភ្ញៀវ​មាន​ការ​ពេញ​និយម​ជាង​គេ​នោះ ​គឺ​កាហ្វេ​អូឡេ​ តែផាសិន​ទឹកឃ្មុំ​ និង​កាហ្វេ​ទឹកឃ្មុំ​។​

ពិទូ​ បាន​រៀបរាប់​ពី​រសជាតិ​នីមួយៗ​​របស់​កាហ្វេ​យ៉ាង​ដូច្នេះ​ថា​៖ «កាហ្វេ​អូឡេ​ជា​កាហ្វេ​លាយ​​ជាមួយ​ទឹក​ដោះគោ​ខាប់​ដែល​​ហូប​ទៅ​រសជាតិ​កាហ្វេ​ឈ្ងុយ​​ពេញ​មាត់​។ កាហ្វេ​យើង​ជ្រើសរើស​មក​ពី​តំបន់​មួយ​ចំនួន​នៅ​អាមេរិក​ខាង​ត្បូង​ ឯ​តែ​ផាសិន​​ទឹកដោះ​គោ​ពេល​ពិសា​ទៅ​ភ្ញៀវ​នឹង​ទទួល​បាន​រសជាតិ​ផាសិន ​និង​ទឹក​ឃ្មុំ​ពី​ធម្មជាតិ ​១០០%​ ព្រោះ​​យើង​យក​ពី​កន្លែង​​យើង​ចិញ្ចឹម​ផ្ទាល់​។ ឯ​ តែ​ ក៏​ជា​ថ្នាំ​ខ្មែរ​ជំនួយ​ដល់​តម្រង​នោម​ផង​ដែរ។ មួយ​ទៀត​នោះ​គឺ ​កាហ្វេ​ទឹក​ឃ្មុំ​ជា​​រូបមន្ត​ថ្មី​ ​ទាំង​ឆ្ងាញ់​ ទាំង​​​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​អ្នក​ដែល​ខ្សោយ​ផង​ដែរ​»។​

​នំប៉័ង​ប៉ាតេ នៅ​​​​កាហ្វេ ១៩៦៧។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

តម្លៃ​របស់​ភេសជ្ជៈ​ចាប់​ពី​ ៥ ០០០ ទៅ ៨ ០០០ រៀល​។

ចំណុច​ពិសេស​នៃ​​ហាង​ ត្រូវ​បាន​​លោក​រំលេច​ឡើង​ថា៖ «ទី១ ​គឺ​រសជាតិ​មិន​ចរចា​ មាន​ន័យ​ថា​ គុណភាព ​គឺ​គុណភាព​ គ្មាន​ការ​ថែមថយ​ បើ​កាហ្វេ​ខ្សោយ ​ឬ​គ្រឿង​ផ្សំ​មិន​ល្អ​យើង​នឹង​ប្ដូរ​ភ្លាម ​និង​ពាក្យ​ស្លោក ​១ ​គឺ​ ចូល​ជា​ភ្ញៀវ ​ចេញ​ជា​គ្រួសារ​ ពួក​យើង​មាន​ការ​ស្វាគមន៍​ភ្ញៀវ​យ៉ាង​រាក់ទាក់​ ធ្វើ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ដូចជា​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។

ក្នុង​ថ្ងៃ​អនាគត​ ពិទូ​ ចង់​ពង្រីក​អាជីវកម្ម​ ហើយ​ក៏​ចង់​លក់​ឈ្មោះ ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​មាន​ដើម​ទុន​តិចតួច​អាច​បើក​អាជីវកម្ម​ខ្លួន​ឯង​ផ្ទាល់​ និង​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បើក​ជា​ហាង​កាហ្វេ​៖​ «ពួក​យើង​នឹង​ជួយ​ឲ្យ​គាត់​បើក​រកស៊ី​ហើយ​បង្រៀន​គាត់​គ្រប់​យ៉ាង​»។

ជាមួយ​នឹង​ការ​ស្រឡាញ់​បរិស្ថាន​ហាង​លោក​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ ៥០០ រៀល ដល់​អ្នក​​ ដែល​យក​កែវ​មក​ខ្លួន​ឯង​ផ្ទាល់៖ «ចំណុច​សំខាន់​ខ្ញុំ​គ្រាន់​តែ​ចង់​បង្កើត​ទម្លាប់​កុំ​ឲ្យ​យើង​ប្រើ​ហើយ​​បោះ​ចោល​ ដើម្បី​​កាត់​​​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ ខ្ញុំ​ក៏​កំពុង​ស្វែងរក​ទីផ្សារ​ណា​ដែល​​យក​កែវ​ក្រដាស​ ឬ​អ្វី​ក៏​ដោយ​ដែល​អាច​ជំនួស​ប្លាសិ្ទក​បាន​»។

ទិដ្ឋភាព​បែប​ក្លាសិក​នៅ​មុខ​ហាង​កាហ្វេ ១៩៦៧។ រូបថត សហការី

ជា​ចុង​ក្រោយ ​ពិទូ​ បាន​ផ្ដាំផ្ញើ​ទៅ​កាន់​អ្នក​អាន​ទាំង​អស់​ថា​៖ «ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មិន​ពេញ​ចិត្ត​ហើយ​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​ខ្លួន​នឹង​ធ្វើ​អ្វី​ ឲ្យ​ងើប​ចេញ​ពី​ភាព​អាប់អួ​នេះ​ ហើយ​​ដេញ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ បើ​គិត​ថា​ខ្លួន​មិន​ទាន់​មាន​សមត្ថភាព​ចូរ​ទៅ​រៀន​ ដុស​ខាត់​ខ្លួន​ឯង​ឲ្យ​ពូកែ​ ហើយ​យក​វា​មក​ប្រើប្រាស់​ក្នុង​ជីវិត​»។

ហាង​កាហ្វេ​ ១៩៦៧ ចាប់​ផ្ដើម​​បើក​ពី​ម៉ោង​ ៧ ព្រឹក​ ដល់​ម៉ោង​ ៧ ល្ងាច និង​មាន​ទីតាំង​នៅ​ផ្លូវ ​១៣៤​ សង្កាត់​មិត្តភាព​ ខណ្ឌ ​៧ មករា​។

ពេល​នេះ​មាន​ការ​ដឹក​ជញ្ជូន​តាម​ Nham 24 ផង​ដែរ​៕

វីដេអូ៖