ភ្នំពេញ: លោកអ្នក​ដែល​ចង់​ញ៉ាំ​អាហារ​តាម​ចិញ្ចើមផ្លូវ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់ ក្នុង​បរិយាកាស និង​ទីតាំង​ស្អាត ហាង The Street អាច​ជា​ជម្រើស​ដ៏​ប្រសើរ។

ស្ថិតនៅ​ផ្ទះ​លេខ ២០២ ផ្លូវ ១៤៣ សង្កាត់​បឹង​កេងកង ២ ខណ្ឌ​ចំការមន The Street ក៏មាន​មុខម្ហូប​ប្លែកៗ​ដូចជា ប្រហិត​ត្រី​រុំគល់​ស្លឹកគ្រៃ​បំពង ប្រហិត​ត្រី​រុំស្លឹក​ក្រូច​បំពង សាច់​គោ​អាំង​រុំ​ផ្សិត​ម្ជុល ព្រុយ​ត្រី​សាល​ម៉ុន​អាំង​អំបិល​ម្ទេស ប្រហិត​ភ្នំភ្លើង​ទឹកកក ជើង​មាន់​ហោះ ផ្សិត​ខ្មៅ​ញាត់​ប្រហិត​ត្រី​បំពង សាច់​ជ្រូក​អាំង​ចង្កាក់ ជើង​មាន់​បំពង​ខ្ទឹម​ស ឆ្អឹង​ជំនីរ​បំពង​ខ្ទឹមស និង​ជើង​មាន់​ឆ្អឹង​ជំនីរ​ជ្រូក​បំពង​ស្រួយ​ខ្ញោក​ដល់​ឆ្អឹង។

សម្រាប់​ម្ហូប​ដែល​ទើប​ច្នៃ​ថ្មី​នេះ គឺ​ក្ដាមថ្ម​ហោះ​អត់​ពង ដែលមាន​រសជាតិ​ហឹរ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ហើយ​មិន​ចង់​ឈប់។ ចំពោះ​ក្ដាមថ្ម ភាគច្រើន​វា​ត្រូវបាន​គេ​និយម​យក​ទៅ​ឆា​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក នៅ The Street ក្ដាម​ថ្ម​នេះ​ត្រូវ​បាន​ធ្វើជា​លក្ខណៈ​ភ្លា​ស្រស់ ដោយ​ប្រើ​ទឹក​ជ្រលក់​ខ្ទឹមស និង​ម្ទេស​ហឹរ ដែល​បំបាត់​នូវ​ក្លិនឆ្អាប ហើយ​ធ្វើ​ឲ្យ​សាច់​ក្ដាម​ស្រស់​ល្អ​រស​ជាតិ​ឆ្ងាញ់។

សម្រាប់​អ្នក​ដែល​មិនចេះ​ញ៉ាំ​គ្រឿង​សមុទ្រ​ឆៅ ក៏​អាច​ញ៉ាំ​បានដែរ ដោយសារ​ទឹក​ជ្រលក់​ធ្វើ​ឲ្យ​សាច់​ក្ដាម​បី​ដូចជា​ឆ្អិន​ដូច្នោះ​ដែរ។

ក្ដាមថ្ម​ហោះ មាន ២ ប្រភេទ គឺ​ក្ដាមថ្ម​ហោះ​អត់​ពង និង​ក្ដាមថ្ម​ហោះ​មាន​ពង។ សម្រាប់​ក្ដាមថ្ម​ហោះ​អត់​ពង​នេះ​មួយ​ចាន​តម្លៃ ១៥០០០ រៀល។

The Street ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ៩៣៣ ៣៨២៕