ភ្នំពេញៈ ក្រោម​ពន្លឺ​អំពូល​គោម ភ្លឺ​ស្រទន់ ភ្ញៀវ​ដែល​អង្គុយ​ពេញៗ​តុ​កំពុង​រីករាយ​នឹង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់ៗ ក្លែម​ជាមួយ​ស្រាបៀរ​រសជាតិ​បែប​ថៃ​។

ក្ដាមថ្ម​រំលេច​ពង​ពេញៗ​ស្នូក មឹក និង​បង្គា​អាំង​តម្រៀប​ក្នុង​កូន​ឈ្នាង ព្រម​ទាំង​ញ៉ាំ​ស្វាយ​ខ្ចី​ក្នុង​ស្នូក​ប្រឡាំងកាស​គឺជា​ម្ហូប​ដែល​កំពុង​ពេញនិយម​បំផុត​នៅ​ហាង ដាយ៉ាំ យ៉ាំ Dayum Yum Seafood ក្រោយ​ផ្សារ​សាមគ្គី​។

លោក ផាង ចាន់វាសនា ដែល​ជា​ម្ចាស់ ដាយ៉ាំ យ៉ាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​គ្រឿង​សមុទ្រ ហើយ​ក៏​ចង់​បើកហាង​លក់​តែ​គ្រឿង​សមុទ្រ​តែម្តង​។ ខ្ញុំ​ធ្លាប់​ដើរ​ញ៉ាំ​នៅ​កន្លែង​គេ​ច្រើន ហើយ​នៅ​ក្រៅ​ប្រទេស​ក៏​ធ្លាប់​ដែរ​ដូចជា​ថៃ​អី​ជាដើម​»​។

ដាយ៉ាំ យ៉ាំ មាន​បម្រើ​គ្រឿង​សមុទ្រ​ដូចជា បង្គា​អាំង​អំបិលម្ទេស មឹកអាំង​អំបិលម្ទេស ត្រី​បបែល​អាំង​អំបិលម្ទេស ងាវ​អាំង​អំបិលម្ទេស (១២០០០៛) ក្តាមសេះ​អាំង​អំបិលម្ទេស ១៥០០០៛ ខ្យង​ប៉ារ៉ា​អំបិលម្ទេស ២០០០០៛ និង​មាន​មុខម្ហូប​ឆា អាំង បំពង មាន​តម្លៃ​ចាប់ពី ១០០០០៛ ជាច្រើន​មុខ​ទៀត​។

មឹក និង​បង្គា​អាំង​ដាក់​កូន​ឈ្នាង ក្ដាមថ្ម ពង និង​ញាំ​ប្រឡាំងកាស​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រៅពី​ប្រភេទ​អាហារ​សមុទ្រ ដាយ៉ាំ យ៉ាំ ក៏​មាន​លក់​ជើងមាន់​អាំង ស្លាបមាន់​អាំង ១០០០០៛ ងៀត​ក្របី ១៥០០០៛ ក្បាល​ត្រី​សាម៉ុន​អាំង កញ្ឆែត​ឆា​គ្រឿងក្នុង ឆាខ្យង​ហូល ១២០០០៛ សម្ល​តុំយ៉ាំ ២០០០០៛ និង​អយស្ទ័រ ១០ គ្រាប់ ១២០០០៛ ផង​ដែរ​។

ម្ចាស់​ហាង​លក់​អាហារ​សមុទ្រ​ដែល​បាន​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​អូស្ត្រាលី​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​មុនពេល​បើកហាង ដាយ៉ាំ យ៉ាំ ខ្ញុំ​បាន​ដើរ​ញ៉ាំ​អាហារ​នៅ​តាម​កន្លែង​គេ​ជាច្រើន​ជាពិសេស​នៅ​ប្រទេស​ថៃ ហើយ​ប្រមូលផ្តុំ​រសជាតិ​ថា មួយណា​ឆ្ងាញ់ ហើយ​យក​មក​កែច្នៃ​បន្ត ដើម្បី​ឲ្យ​កាន់​តែមាន​រសជាតិ​»​។

ដាយ៉ាំ យ៉ាំ ក៏​មាន​ម្ហូប​ពិសេស​ប្រចាំ​ហាង​ដែល​មាន​ភ្ញៀវ​ចូលចិត្ត​កុម្ម៉ង់​ជាងគេ​ដូចជា ក្តាមថ្ម​ពងមាន​ទម្ងន់ ៤ ខាំ ឬ ៥ ខាំ តម្លៃ ១៤ ទៅ ២០ ដុល្លារ (​តម្លៃប្រែប្រួល​ទៅ​តាម​រដូវកាល​) និង​សត្វ​ប្រឡាំងកាស​ញាំ​ស្វាយ​ខ្ចី​មាន​តម្លៃ ១៨ ដុល្លារ​។

បរិយាកាស​ហាង​ស្រស់ស្រាយ​បំភ្លឺ​ដោយ​ភ្លើងគោម​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ដើម្បី​បង្កើន​រសជាតិ​អាហារ​មួយ​កម្រិត​ថែម​ទៀត ចំពោះ​ទឹក​ជ្រក់​វិញ ដាយ៉ាំ យ៉ាំ គឺ​មាន ២ ប្រភេទ ទី​ ១ សម្រាប់​ជ្រលក់​ជាមួយ​គ្រឿង​សមុទ្រ​ទូទៅ​ដូចជា​មឹក ឬ​បង្គា​ជា​ទឹកត្រី​មាន​ម្ទេស​ពណ៌​ក្រហម​រសជាតិ​ហឹរល្មម និង​ទី​ ២ ជា​ទឹកត្រី​មាន​ម្ទេស​ពណ៌​បៃតង​ធ្វើ​យ៉ាង​ពិសេស​សម្រាប់តែ​ទទួលទាន​ជាមួយ​ក្តាមថ្ម​ពង​ប៉ុណ្ណោះ​។

ដាយ៉ាំ យ៉ាំ ចាប់​ដំណើរការ​បាន​រយៈពេល ៨ ខែ​មក​ហើយ​ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ភ្ញៀវ​រហូត​ដល់​ជាង ១០០ នាក់​។

ដាយ៉ាំ យ៉ាំ ចាប់​បើក​ពី​ម៉ោង ៣ កន្លះ​រសៀល​ដល់​ម៉ោង ១០ កន្លះ​យប់ និង​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ផ្លូវ​លេខ ២៣៣ ផ្ទះ​លេខ ៨៩E0 សង្កាត់​ផ្សារ​ដេប៉ូ ៣ ​។ ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ០៨៦ ៦២៨ ៨៨៨ ឬ​ហ្វេសប៊ុក​ផេច Dayum Yum Seafood៕

វីដេអូ៖