ភ្នំពេញ : ធ្វើដំណើរចូលដល់មាត់ច្រកធំនៃសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ លោកអ្នកនឹងប្រទះភ្នែកឃើញភោជនីយដ្ឋានចិន Fu Lu Zu នៅខាងស្ដាំដៃ ជាប់ចំណតរថយន្ត។ គ្រាន់តែទៅដល់ជិតមាត់ទ្វារហាង លោកអ្នកនឹងទទួលបាននូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពីបុគ្គលិក។
ការរចនាខាងក្នុងមានលក្ខណៈបែបចិនសម័យទំនើប ដែលមានពន្លឺភ្លើងពណ៌លឿងចិញ្ចែងចិញ្ចាច ផ្ទាំងគំនូរ គ្រឿងតុបតែងពណ៌ក្រហមក្រមៅ កៅអីឈើ និងតុមូលតាមក្បួនហុងស៊ុយចិន ដោយមានទាំងបន្ទប់វីអាយភីសម្រាប់ភ្ញៀវរហូតដល់ទៅ២០នាក់ថែមទៀតផង។
ក្នុងបញ្ជីមុខម្ហូប អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេនោះគឺ ខអណ្ដាតទា។ លោកអ្នកធ្លាប់ញ៉ាំតែអណ្ដាតជ្រូក និងគោដែលសម្បូរទៅដោយសាច់។ ដូច្នេះតើអណ្ដាតទាដែលតូចប៉ុនកូនដៃនោះមានរសជាតិយ៉ាងណា?
នៅក្នុងចាន មានអណ្ដាតទាប្រមាណជា៣០ដុំ ដែលអមដោយស្លឹកជីរវ៉ាន់ស៊ុយ។ គ្រាន់តែខាំបានមួយម៉ាត់ លោកអ្នកប្រាកដជាជក់ចិត្តនឹងឆ្អឹងខ្ចីច្រុបៗដែលស្រោបពីលើសាច់ ហាប់ស្រួយនៃអណ្តាតទាប៉ុនកូនដៃនោះជាមិនខាន។
ដោយសារតែទឹកខមិនសូវប្រៃខ្លាំង លោកអ្នកអាចទទួលទានជាមួយបាយ ឬញ៉ាំសម្រន់លេងក៏បាន។
ប្រសិនបើលោកអ្នកចង់ភ្លក្សរសជាតិដើមនៃអាហារខអណ្តាតទានេះ សូមអញ្ជើញទៅភោជនីយដ្ឋាន Fu Lu Zu នៅសណ្ឋាគារសូហ្វីតែល ស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ មុខម្ហូបនៅភោជនីយដ្ឋាន Fu Lu Zu មានតម្លៃចាប់ពី៣ដុល្លារឡើងទៅ។ ឈុតអាហារថ្ងៃត្រង់ពីម៉ោង១១កន្លះព្រឹកដល់២កន្លះរសៀល និងពេលល្ងាចពីម៉ោង៦ដល់១០យប់ សម្រាប់គ្នាពីរនាក់ មានតម្លៃចាប់ពី៦៨ដុល្លារឡើងទៅ៕