
ក្តាមផ្គរលាន់មួយចានមានក្តាមបីតម្លៃ ៥ដុល្លា។ ហុង មិនា
ភ្នំពេញ: ស្ថិតនៅក្នុងផ្សារកុងតឺន័រ 3G square ហាងលក់គ្រឿងសមុទ្រព្រៃកោងកាង មានការតុបតែងស្អាត រំលេចដោយពណ៌លឿង លាយពណ៌សនៅខាងលើ ធ្វើឲ្យទិដ្ឋភាពហាងមានសោភណភាពស្អាតគួរឲ្យទាក់ទាញ។ ហាងនេះ ជាមុខជំនួញមួយរបស់តារាសម្ដែងល្បីឈ្មោះគឺលោក ណាខន រួមទាំងមិត្តភក្តិ។
លោក ណាខន បាននិយាយទាំងទឹកមុខរីករាយថា៖ «បានជាខ្ញុំបើកហាងនេះឡើងដោយសារតែពេលទំនេរពីសិល្បៈ យើងចប់ការងារ ចេះតែដើរទៅញ៉ាំអីនៅហាងមិត្តភក្តិផ្សេងៗ ពេលខ្លះក៏ណាត់គ្នាទៅមើលកុន អ៊ីចឹងក៏ចេះតែគិតថា ស្តាយពេលវេលាទុកចោលអត់ប្រយោជន៍ ហើយក៏មានគំនិតជាមួយនឹងមិត្តភក្តិបើកជាហាងលក់គ្រឿងសមុទ្រនេះឡើងតែម្តងទៅ»។
ដោយសារតែគ្រឿងសមុទ្រទាំងអស់ត្រូវបានលោកនាំយកមកពីកោះកុងផ្ទាល់ពីអ្នកនេសាទនៅទីនោះ ទើបឈ្មោះហាងនេះបានផ្សារភ្ជាប់ទៅនឹងរុក្ខជាតិចាក់ឫសវែងដ៏រឹងមាំប្រចាំតំបន់សមុទ្រ។
លោកបាននិយាយបន្តថា៖ «ហាងនេះ ខ្ញុំដាក់ឈ្មោះព្រៃកោងកាង ដោយសារតែខ្ញុំចូលចិត្តទៅលេងកោះកុង ហើយឃើញម្ហូបទីនោះប្លែក មិនជាសូវសំបូរមានលក់ប៉ុន្មានទេនៅទីក្រុងភ្នំពេញ ហើយចុងភៅខ្ញុំផ្ទាល់គឺគាត់ជាអ្នកកោះកុងស្រាប់»។
ម្ហូបពិសេស នៅក្នុងហាងព្រៃកោងកាង ពិតជាប្លែកពីហាងដទៃត្រង់ថា ម្ហូបសឹងតែទាំងអស់ គឺសុទ្ធតែជាម្ហូបបែបអ្នកកោះកុង ដូចជាបុកកាពិកោះកុង ខ្យងត្រដឹក ដែលមានរាងដូចអយស្ទ័រ។ ខ្ចងនេះ ពិសេសត្រង់ថា វារស់នៅក្រោមឫសព្រៃកោងកាងតែម្តង។
ម្ហូបសមុទ្រដ៏ប្លែកមួយទៀតដែលកម្រឃើញមានលក់នៅក្នុងហាងដទៃនោះគឺ ក្តាមផ្គរលាន់ ដែលមានតែក្នុងរដូវភ្លៀងតែប៉ុណ្ណោះ។ ក្រោយពីវាយបំបែកសម្បកដ៏រឹងរបស់វានឹងញញួរ ក្ដាមផ្គរលាន់មានសាច់ផ្អែមឆ្ងាញ់ តែយ៉ាងណាចំនួនក្ដាមនេះក៏មានកំណត់។
លោក ណាខន បានបន្តថា៖ «ចំពោះក្តាមផ្គរលាន់នេះ គឺមានការពេញនិយមកុម្ម៉ង់ញ៉ាំច្រើនពីភ្ញៀវ គាត់ចូលចិត្តញ៉ាំ ហើយចំពោះក្តាមផ្គរលាន់នេះគឺយើងត្រូវប្រើញញួរដំ ព្រោះអីសម្បកវារឹងខ្លាំង តម្លៃរបស់វាគឺធូរថ្លៃ។ ក្តាមថ្មមួយចានមាន ៣ ក្តាមតម្លៃ ៥ ដុល្លារ»។
ខែភ្លៀងអ៊ីចឹងចង់ញ៉ាំក្ដាមផ្គរលាន់ទេ? ហាងព្រៃកោងកាង Seafood ស្ថិតនៅមុខស្ថានទូតអូស្ត្រាលី។ ទូរស័ព្ទលេខ ០៩៨ ៣៣៣ ៤០៣៕

តារាសម្ដែងល្បីឈ្មោះលោក ណាខន។ ហុង មិនា

ហាងព្រៃកោងកាង Seafood ស្ថិតនៅផ្សារកុងតឺន័រ 3G square។