ភ្នំពេញៈ ចាប់ផ្តើម​ពី​ការផ្សព្វផ្សាយ​លក់​នៅ​តាម​បណ្តាញ​សង្គម​មក មាន​ត្រឹម ៤ ទៅ ៥ តុ ហាង​ស៊ុប​ដែល​ល្បី​ថា​ឆ្ងាញ់ I''m Spicy Soup របស់​ពិធីការិនី និង​តារាសម្ដែង​រូប​ស្រស់ កញ្ញា ជីជី បាន​ពង្រីក​ហាង​ដែល​មាន​ទីធ្លា​ធំ​ទូលាយ ដើម្បី​តប​មក​វិញ​នូវ​តម្រូវការ​របស់​អតិថិជន​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការ​មក​ទទួលទាន​ស៊ុប​ដែល​មាន​រសជាតិ​ជូរហឹរ​។

កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បាន​ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មូល​ហេតុ​ដែល​ឆ្លៀតពេល​ពី​ការងារ​សិល្បៈ​បើក​ហាង​ថា​៖ «​ខ្ញុំ​មិនមែន​ជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​បទពិសោធ​ក្នុង​ការធ្វើ​ស៊ុប​អី​ដែរ ចេះ​តែ​ចៀន​ឆា​អី​ធម្មតា ប៉ុន្តែ​បងស្រី​របស់​បង​គាត់​ធ្លាប់​បាន​ទៅ​ញ៉ាំ​កន្លែង​គេ ហើយ​ក៏​យក​មក​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​ជារឿយៗ​ពេល​ខ្លះ​មាន​កម្មវិធី​នៅ​ផ្ទះ​ហៅ​មិត្តភក្តិ​មក​ជុំគ្នា​ផឹកស៊ី​អី​តិចតួច​ហើយ​ក៏​មាន​ស៊ុប​ហ្នឹង​ឲ្យ​ពួកគាត់​ញ៉ាំ​ដែរ ពួកគាត់​ក៏​ថា ស៊ុប​នេះ​អាច​ញ៉ាំ​បាន​អ៊ីចឹង​ក៏​បែក​គំនិត​បើក​លក់​តែ​ម្តង​ទៅ​»​។

I''m Spicy Soup មាន​លក់​មី​ស៊ុប​ហឹរ លត​ស៊ុបហឹរ នំ​បញ្ចុកហឹរ មីសួរ​ស៊ុបហឹរ និង​ស៊ុប​កម្ទេច​មី តម្លៃ ១០ ០០០៛​។ ប្រភេទ​ស៊ុប​រសជាតិ​ជូរ​ហឹរ​ដែល​មាន​បន្លែ​ ១ ​ចាន​ធំ សាច់ និង​ប្រហិត​សម្រាប់​ឈុត​តូច​តម្លៃ ៤២ ០០០៛ ឈុត​កណ្តាល​ ៤៨ ០០០៛ និង​ឈុត​ធំ ៦៥ ០០០៛​។

ខ្យង​កឺកឺ​ដ៏​ពេញនិយម​មួយ​ចាន​តម្លៃ ២៥០០០៛​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ពិធីការិនី​ស្រស់ស្អាត​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​ពី​មុន​មក​ខ្ញុំ​រៀន​ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍ ប៉ុន្តែ​រៀន​មិន​បាន​ចប់​ទេ​គឺ​ត្រឹម​ឆ្នាំ​ទី ៣ ក៏​ត្រូវ​ព្យួរ​ឈ្មោះ​ទុក​ដោយសារ​បង​រវល់​ក្នុង​ការងារ​សិល្បៈ​ច្រើន ហើយ​ក៏​ឆ្លៀត​បើក​មុខរបរ​រកស៊ី​តែ​ម្តង​ទៅ​ដោយ​បាន​ចាប់ផ្តើម​ពី​ការបើក​ហាង​លក់​សម្លៀកបំពាក់ និង​បន្ត​មក​រហូត​ (​បើក​ហាង​ស៊ុប​) ​នេះ​ឯង​»​។

បន្ទាប់ពី​ស៊ុប​ដែល​ពិសេស​ជា​មុខម្ហូប​ដែល​ល្បី​ប្រចាំ​ហាង I''m Spicy Soup ក៏​នៅ​មាន​ជា​ប្រភេទ​ស៊ុប​ខួរ​មាន​តម្លៃ ១៤ ០០០៛ ខ្យង​កឺកឺ​មាន​តម្លៃ ២៥ ០០០៛ និង​លៀស​ហាល​ ១ ​កំប៉ុង ៥ ០០០៛ ដែល​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នាពេល​ថ្ងៃត្រង់​។

I''m Spicy Soup ស្ថិត​នៅ​ផ្លូវ​លេខ​ ១១២ ម្ដុំ​ក្តាន់ ២ និង​ទូរស័ព្ទ ០៧៨ ៦៩៩ ៩៩៨ និង ០១៥ ២៩៩ ៩៣៣៕

ពិធីការិនី​រូប​ស្រស់ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖