ភ្នំពេញ: ចង់​ញ៉ាំ តែ​ដូចជា​ខ្ជិល​ជិះ​ទៅ​ញ៉ាំ​នៅ​ម្តុំ​កៀន​ស្វាយ អ៊ីចឹង​មាន​តែ​រក​កន្លែង​ទទួល​ទាន​ក្នុង​ក្រុង។

ស្ថិតនៅ​ក្រោយ​សាលា​វ៉ាន់ដា ហាង​លក់​ម្ហូប​មួយ​ដែល​មាន​ឈ្មោះ​អាហារ​ដ្ឋាន ៣ ជំនាញ ដែល​មាន​ចុងភៅ​ក្មេងៗ​ពីរ​បីនាក់​កំពុង​តែ​អាំង ឈរ​ចាក់​ខ្ទិះ​ចូល​ក្នុង​ខ្យង មាន​ក្លិន​ឈ្ងុយ​ហើរ​មក​ប៉ះ​ច្រមុះ​អ្នក​ដំណើរ​ឆ្លង​កាត់​ទីនោះ មិន​ឲ្យ​ជិះ​ហួស ហើយ​ក៏​បាន​ឈប់​ម៉ូតូ​ចូល​ភ្លក្ស​សិន។

លោក សយ វិរៈ ម្ចាស់​អាហារដ្ឋាន ៣ ជំនាញ និយាយ​ថា៖ «បើ​សិន​ជា​បងប្អូន​ដែល​ខ្ជិល​ជិះ​ទៅ​ឆ្ងាយ​ដើម្បី​ញ៉ាំ​ខ្យង គឺ​អាច​មក​ភ្លក្ស​ខ្យង​នៅ​ហាង​ខ្ញុំ​បាន ដោយសារ​តែ​នៅ​ទីនេះ​គឺ​ខ្ញុំ​បាន​នឹក​ឃើញ​បង្កើត​ជា​គ្រឿង​ផ្សំ​ថ្មីៗ​ដើម្បី​ច្នៃ​ខ្យង​មក​ធ្វើជា​ម្ហូប​ដែល​មាន​រសជាតិ​ខុស​ប្លែក​ពីគ្នា គឺមាន​ច្រើន​រសជាតិ ដែល​ហាង​ខាង​ក្រៅ​មិន​មាន​ដូច​នៅ​ទីនេះ ដូចជា​ខ្យង​ឆា​ខ្ទិះ​ដូង​ខ្ទឹម​បំពង និង​ខ្យង​ខ្ទិះ​អាំង​ជាដើម ដោយ​ម្ហូប ២ មុខ​នេះ​គឺ​ពិសេស​ខ្លាំង​ប្រចាំ​ហាង​តែម្តង ទាំង​រសជាតិ​ប្លែក​មាត់​ជាមួយ​ទឹក​ជ្រលក់ និង​គ្រឿង​ផ្សំ​ដែល​ខ្ញុំ​ធ្វើ​ពិសេស​ប្រចាំ​ត្រកូល»។

ក្រៅពី​ខ្យង នៅ​ក្នុង​អាហារដ្ឋាន ៣ ជំនាញ​មាន​ម្ហូប​សម្រាប់​អ្នក​មក​ញ៉ាំ​ជា​គ្រួសារ ឬក៏​មិត្តភក្ដិ​ដូចជា ឆា​ងាវ​ក្រូច ដែល​ជា​ម្ហូប​ថ្មី​ប្រចាំ​ហាង ដោយ​ពី​មុន​យើង​ធ្លាប់តែ​ឃើញ​គេ​ឆា​ងាវ​អម្ពិល​ទុំ តែ​ឥឡូវ​នេះ​ម្ចាស់​ហាង​បាន​ច្នៃ​យក​ក្រូច​ឆ្មារ​មក​ឆា​ជាមួយ​ងាវ​ជំនួស​អម្ពិល​ទុំ​វិញ បង្កើត​បាន​ជា​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​ឆា​ងាវ​អម្ពិល​ទុំ។

ចំពោះ​តម្លៃ​វិញ ខ្យង​អាំង​ខ្ទិះដូង​ខ្ទឹម​បំពង​មួយ​ចាន​ត្រឹម​តែ ៥ ០០០ រៀល កង្កែប​អាំង ១២ ០០០ រៀល ក្នុង​មួយ​ចាន ឆ្អឹង​ជំនីរ​ជ្រូក ១ ចាន​តម្លៃ ៨ ០០០ រៀល។ អាហារដ្ឋាន ៣ ជំនាញ មាន​ទូរស័ព្ទ​លេខ ០៨៩ ៧៧៨ ៨៧៧៕