ភ្នំពេញ : បាយឆាឡុកឡាក់សាច់គោ គឺជាអាហារដែលអាចទទួលទានបានគ្រប់ពេល មិនថាជាស្រស់ស្រូបនៅពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចឡើយ។
ជាទូទៅ អាហារដែលចម្អិនដោយប្រើសាច់គោ ត្រូវចំណាយពេលខ្លីជាងសាច់សត្វដទៃទៀត ដោយសារតែសាច់គោឆាប់ឆ្អិន និងឆាប់ចូលជាតិជាមួយគ្រឿងផ្សំទាំងឡាយ។ ដូច្នេះហើយ ទើបលោកអ្នកអាចចម្អិនបាយឆាឡុកឡាក់នេះដោយប្រើពេលប្រមាណតែ១៥ នាទី។
ដោយគ្រាន់តែដាំបាយសឲ្យឆ្អិន លោកអ្នកអាចចាប់ផ្ដើមរៀបចំគ្រឿងផ្សំ ងាយៗដូចជា សាច់គោ ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ សាឡាដ ម្សៅស៊ុប គ្រឿងយ៉ៅហន អំបិល ទឹកប៉េងប៉ោះ ទឹកក្រូចឆ្មារ ម្រេច និងប្រេងឆា។
សាច់គោត្រូវហាន់ជា ដុំៗ រាងបួនជ្រុងតូចល្មម ងាយទំពា។ សាឡាដត្រូវបេះលាងទឹកឲ្យស្អាតរៀបដាក់ចានទុកមួយអន្លើសិន។ ខ្ទឹមបារាំង ប៉េងប៉ោះ ក្រោយពីលាងទឹករួចអាចហាន់វាជាបន្ទះ រៀបដាក់ពីលើសាឡាដ។ បន្ទាប់មកអ្នកត្រូវធ្វើទឹកជ្រលក់ដោយយក អំបិល ម្រេច ទឹកក្រូចឆ្មារលាយចូលគ្នាភ្លក្យមើលតាមចំណូលចិត្ត។ អ្វីដែលត្រូវធ្វើបន្ទាប់ទៀតត្រូវដាក់ប្រេងឆាបំពងខ្ទឹមសឲ្យឈ្ងុយ រួចដាក់សាច់គោ អំបិល ទឹកប៉េងប៉ោះឆានឹងគ្រឿងយ៉ៅហន កុំឲ្យឆ្អិនពេករួចដួសដាក់ពីលើបន្លែដែលរៀបរួច។
បាយសដែលដាំ ឆ្អិននោះត្រូវដួសដាក់កូនចានឲ្យណែន រួចផ្កាប់វាលើចានឡុកឡាក់សាច់ គោ ដើម្បីឲ្យវាពូនជាដុំហាប់ ល្អ។ នៅពេលទទួលទាន លោកអ្នកអាចផ្ទាប់បន្លែជាមួយនឹងសាច់គោ ហើយស្រូបទឹកម្រេចក្រូចឆ្មារហឹរៗបន្តិច នោះប្រាកដជាឆ្ងាញ់មាត់ មិនខាន៕