ភ្នំពេញ: អ្នកដំណើរ​លើ​ផ្លូវ​សុកហុក មុខ​ជា​ស្គាល់​ប្លុក​លក់​គុយទាវ​កាត់ ល្បី​មាន​មនុស្ស​ចេញ​ចូល និង​ខ្លះ​ចូល​ចត​យានជំនិះ​ខ្ចប់​ទាំង​ប្រអប់ៗ ខណៈ​ទាំង​អ្នក​បក​គុយទាវ និង​អ្នក​មូរ​ស្នូល​សុទ្ធ​តែ​ញាប់ដៃ​គ្រប់ៗ​គ្នា​។

ចំណោម​ហាង​ទាំង​នោះ គុយទាវ​កាត់ ៥៥៥ មាន​អាយុកាល​ចំណាស់​ជាងគេ ដោយ​ម្ចាស់​ហាង​បាន​រក្សា​​នូវ​រសជាតិ​ដដែល​អស់​រយៈកាល​ប្រមាណ​ ២ ​ទសវត្សរ៍​មក​ហើយ​។

អ្នក​មើល​ការ​ខុសត្រូវ​ហាង លោក សិដ្ឋ សិលា បាន​រៀបរាប់​ថា​៖ «​បើ​គិតពី​មុខរបរ​គុយទាវ​កាត់​នេះ​គឺ​តតាំង​ពី​ជំនាន់​បង​ឪពុកម្ដាយ​ក្មេក​ខ្ញុំ​មក​ម្ល៉េះ​រហូត​ដល់​តំណ​គាត់ ហើយ​ខ្ញុំ​គ្រាន់​តែ​មើល​ការខុសត្រូវ​ឲ្យ​គាត់​ទេ​។ រយៈពេល​ដែល​ពួកគាត់​បើក​ដូចជា​បើ​តាម​ខ្ញុំ​ចាំ​ចង់ ២០ ​ឆ្នាំ​អី​ហើយ​»​។

គុយទាវ​ចំហុយ និង​មូរ​ដាក់​ស្នូល​រួច​កាត់​ដាក់​ចាន​ភ្លាមៗ​។ ហេង ជីវ័ន

ទោះ​ជា​នៅ​លើ​វិថី​សុខហុក​មាន​ហាង​គុយទាវ​កាត់​ដទៃ​ទៀត​ក៏ដោយ ក៏​អ្នក​មើល​ការខុសត្រូវ​ហាង​គុយទាវ​កាត់​ ៥៥៥​ រូប​នេះ​អះអាង​ថា​ដោយសារ​ការចម្អិន​មាន​រូបមន្ត​ត្រឹមត្រូវ អនាម័យ ហើយ​រសជាតិ​រក្សា​នៅ​ឆ្ងាញ់ ទើប​ភ្ញៀវ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​។

អ្នក​មើលការ​ខុសត្រូវ​វ័យ ២៩ ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖ «​យើង​ធ្វើ​គឺ​មាន​ក្រឹត្យក្រម យើង​អត់​អាច​ចេះ​តែ​ធ្វើ​ទេ​។ អ៊ីចឹង​តាំងពី​ដើម​ដល់​ឥឡូវ​គឺ​រសជាតិ​នៅ​តែ​ដដែល ហើយ​ដោយសារ​ពួក​ខ្ញុំ​លក់​មុន​គេ អ៊ីចឹង​បាន​ចេះ​តែ​មាន​អតិថិជន​មក​គាំទ្រ​ពួក​ខ្ញុំ​ច្រើន​ទៅៗ​។

លោក សិលា បាន​រៀបរាប់​ថា​គុយទាវ​កាត់​ធ្វើ​ពី​ម្សៅ​អង្ករខ្សាយ​ដោយ​កិន​ដូច​ម្សៅ​នំ​បញ្ចុក​ដែរ​។ បន្ទាប់មក​ម្សៅ​ត្រូវ​យក​មក​ចំហុយ រួច​បក​វា​មក​មូរ​ជាមួយ​ស្នូល​ប៉ិគួៈ លាយ​ជាមួយ​ផ្សិត​ត្រចៀក​កណ្ដុរ និង​សាច់ជ្រូក​។ រីឯ​បន្លែ​មាន​សណ្ដែកបណ្ដុះ ជីរ និង​សាលាដ​។ សាច់​ផ្ទាប់​នឹង​គុយទាវ​កាត់​មាន​ជម្រើស​សាច់​ប៉ាតេ នំជើងជ្រូក និង​ណែម​រួមផ្សំ​ជាមួយ​ទឹកត្រី​រសជាតិ​ជូរ​ប្រៃ​ផ្អែម​។

ហាង​តម្លៃ​សមរម្យ និង​អនាម័យ​ធ្វើឲ្យ​អតិថិជន​គ្រប់​វ័យ​មក​គាំទ្រ​។ហេង ជីវ័ន

ជា​រៀងរាល់​ថ្ងៃ​ហាង​គុយទាវ​កាត់ ៥៥៥ មាន​ភ្ញៀវ​មក​ញ៉ាំ និង​ខ្ចប់​ជា​ហូរហែ តែ​នៅ​ចុង​សប្ដាហ៍​មាន​ភាពមមាញឹក​ជាងគេ​។ ក្រៅពី​គុយទាវ​កាត់​តម្លៃ ៧ ០០០ ​រៀល​ហាង​ក៏​មាន​បម្រើ​បាញ់ស្រ៊ុង បាញ់ហយ នំប៉័ង​ប៉ាតេ ពងមាន់​ចៀន តម្លៃ ៧ ០០០ រៀល​។ ប្រភេទ​ខគោ មាន​គុយទាវ មី និង​នំប៉័ង តម្លៃ ១០ ០០០ ​រៀល​។

គុយទាវ​កាត់ ៥៥៥ ស្ថិត​នៅ​ផ្ទះ​លេខ ៨៣ ផ្លូវ ១០៧ ទូរស័ព្ទ​លេខ ០៩២ ៨២ ៨៨ ៩៨៕

Yousos Apdoulrashim

វីដេអូ៖