ភ្នំពេញ: ស្ថិតក្នុងរដូវកាលនេះ ត្រសក់ស្រូវកំពុងពេញប្រមូលផល ហើយក៏សម្បូរប្រជាជននៅតាមស្រុកស្រែចម្ការធ្វើត្រសក់ចាវលក់ផងដែរ។
ត្រសក់ចាវត្រូវបានប្រជាជនខ្មែរនិយមទទួលទានជាមួយបាយ បបរស ឬគ្រឿងក្លែមជាដើម។
ប៉ុន្តែមិនសូវមានអ្នកយកត្រសក់ចាវមកច្នៃធ្វើជាមុខម្ហូបអ្វីប្លែកជាងនេះឡើយ។ យ៉ាងណាមិញ មេចុងភៅល្បីនៅកម្ពុជាលោក លូ ម៉េង បានលើកឡើងពីការប្រើត្រសក់ចាវធ្វើជាគ្រឿងផ្សំមុខម្ហូបបានជាច្រើនមុខ។
ជាមួយបទពិសោធចម្អិន និងកែច្នៃម្ហូបជាច្រើនឆ្នាំ សហគ្រិនភោជនីយដ្ឋានដ៏ជោគជ័យរូបនេះបានលើកឡើងថា៖ «ត្រសក់ចាវអាចយកទៅឆាខ្ញីសាច់ទា ឆាគ្រឿងក្នុង ចំហុយត្រីជាមួយទឹកស៊ីអ៊ីវ ជាពិសេសគឺឆាជាមួយគុយទាវ»។
សម្រាប់គុយទាវឆាជាមួយត្រសក់ចាវ រសជាតិរបស់វាជូរប្រៃស្រដៀងនឹងឆៃប៉ូវដែរ ប៉ុន្តែត្រសក់ចាវមានភាពស្រួយឆ្ងាញ់ជាង។
គុយទាវឆាត្រសក់ចាវប្រើបន្លែ និងសាច់ដូចជាសណ្ដែកបណ្ដុះ ផ្កាគូឆាយ បង្គា ខ្ទឹមក្រហម សាច់ជ្រូកចិញ្ច្រាំ និងពងមាន់ចៀន។ គ្រឿងផ្សំទាំងនេះ ត្រូវបានឆាជាមួយត្រសក់ចាវជូរប្រៃ នាំមកនូវរសជាតិថ្មីប្លែកមួយបែប ញ៉ាំទៅមិនរងាន់។
ភោជនីយដ្ឋាន អ៊ុយ គុយទាវ សាខាទី៣ ទើបនឹងបើកថ្មីថ្មោង តាមបណ្តោយផ្លូវកម្ពុជាក្រោម (ផ្លូវ ១២៨) ផ្ទះលេខ ៨៩៩ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ទំនាក់ទំនងទូរស័ព្ទលេខ ០១៥ ៩១៦ ៨៦៨៕