ក្រុងប៉េកាំង: ភោជនីយដ្ឋាន​ចិន​មួយ​ក្នុង​ក្រុង​ស៊ី​ជា​ហ្សួ​ង ខេត្ដ​បេបៃ បង្ក​ការ​ភ្ញាក់​ផ្អើល​ដោយ​ការ​លក់​ស៊ុប​គុយទាវ​ដ៏​ថ្លៃ​បំផុត​ក្នុង​លោក តម្លៃ ១៣ ៨០០ យន់ (៨,២ លាន​រៀល)។

ស៊ុប​គុយទាវ ហាវ​ហ្សុ​ង​ហាវ ដ៏​ថ្លៃ​នេះ​លក់​នៅ​ភោជនីយដ្ឋាន Niu Gengtian ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​ជាច្រើន ក្រោយ​រូប​ថត​តារាង​មុខ​ម្ហូប​បង្ហាញ​ពី​តម្លៃ​លើ​អនឡាញ។ គួររំឭក​ថា ស៊ុប​គុយទាវ​ថ្លៃ​បំផុត​លំដាប់​ទី ២ គឺ​នៅ​ភោជនីយ​ដ្ឋាន Niu Ba Ba តៃវ៉ាន់ ក្នុង​តម្លៃ​មួយ​ចាន ៣២៩ ដុល្លារ (១,៣២ លាន​រៀល)។

ចុះ​ហេតុអ្វី​គុយទាវ​នេះ​អី​ក៏​ថ្លៃ​ម្ល៉េះ? សំណួរ​នេះ​ត្រូវបាន​បង្វែរ​សួរ​អ្នកគ្រប់គ្រង​ហាង ឈ្មោះ យ៉ាន ដែល​បក​ស្រាយ​បែប​ស្រពេច​ស្រពិល​ថា គុយទាវ​នេះ​ផលិត​ឡើង​ពី​គ្រឿង​ផ្សំ​ថ្លៃៗ​បំផុត ១២ មុខ រួម​មាន ៤ សមាស​ធាតុ​ពី​លើ​មេឃ ៤ នៅ​លើ​ដី និង ៤ ទៀត​ពី​សមុទ្រ តែ​មិន​បាន​បញ្ជាក់​លម្អិត​ឡើយ។ លោក​ក៏​អះអាង​ថា ស៊ុប ១ ចាន​នេះ​កើត​ឡើង​ពី​ស្នាដៃ​មេ​ចុងភៅ ១២ នាក់ ហើយ​ការ​កុម្ម៉ង់​ត្រូវ​តែ​ធ្វើ​ឡើង ១ ខែ​មុន។

ស៊ុប ហាវ​ហ្សុ​ង​ហាវ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​តារាង​ម្ហូប​កាលពី ៦ ខែ​មុន ហើយ​លោក យ៉ាន បាន​និយាយ​ថា លោក​បាន​លក់​ស៊ុប​គុយទាវ​នេះ ៤ ចាន​ឲ្យ​ទៅ​អ្នក​ជំនួញ​ទ្រព្យ​ស្ដុក​រួច​ទៅ​ហើយ។

ដំបូង​ឡើយ មនុស្ស​ភាគច្រើន​ដែល​បានឃើញ​តម្លៃ​រហូតដល់ ១៣ ៨០០ យន់​ក្នុង ១ ចាន គិតថា វា​គ្រាន់​តែ​ជា ការ​លេង​សើច តែ​កាសែត Sin Chew Daily និង​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត បាន​ទៅ​ដល់​ភោជនីយ​ដ្ឋាន​នេះ និង​បាន​បញ្ជាក់​ថា វា​ជា​តម្លៃ​ពិត​ប្រាកដ។

ដូច្នេះ បើ​លោកអ្នក​ហ៊ាន​ចំណាយ​ប្រា​ក់ជាង ២ ០០០ ដុល្លារ​ទិញ​ស៊ុប​គុយទាវ ១ ចាន សូម​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ស៊ីជាហ្សួង។ ចូរ​ចងចាំ​ថា អ្នក​ត្រូវ​កុម្ម៉ង់​មុន ១ ខែ ទើប​អាច​ទៅ​ទទួល​ទាន​បាន៕HR