ក្រុងតៃប៉ិ: ភ្ញៀវទេសចរជាច្រើនមកពីបណ្តាលប្រទេសនានាដើម្បីតម្រង់ជួរញុំាអាហារពិសេសប្រចាំទីក្រុងតៃប៉ិ គឺគុយទាវធ្វើពីម្សៅអង្ករដើមកំណើតតាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ នៅក្នុងតំបន់ Xi-mending ដែលជាតំបន់សម្បូរទៅដោយភ្ញៀវអន្តរជាតិមកម្តុំគ្នាដើរកម្សាន្តទិញវត្ថុអនុស្សាវរីយ៍ និងមានអាហារឆ្ងាញ់ៗលក់តាមផ្លូវជាហូរហែ។
តែក្នុងចំណោមម្ហូបទាំងនោះ ភ្ញៀវភាគច្រើនគឺមកតម្រង់ជួរតកន្ទុយគ្នាញ៉ាំគុយទាវធ្វើពីម្សៅអង្កររបស់ហាង Ay-Chung Flour-Rice Noodle។
ភ្ញៀវទេសចរទាំងអស់ដែលមកលេងតៃប៉ិគឺមិនដែលរំលងគុយទាវធ្វើពីម្សៅរបស់ហាងនេះទេ ដោយម្នាក់ៗមកតម្រង់ជួរញុំាតាំងតែពីព្រលឹម។
ភ្ញៀវដែលមករង់ចាំញុំាគុយទាវនេះភាគច្រើនគឺឈរញុំាទាំងអស់ ព្រោះកន្លែងអង្គុយគឺមានតែពីរបីតុតូចៗតែប៉ុណ្ណោះ។ អ៊ីចឹងហើយសម្រាប់់ភ្ញៀវដែលចង់អង្គុយ គួរតែមកពេលព្រឹក និងមិនចាំបាច់តម្រង់ជួរយូរ។
គុយទាវនេះពិសេសជាងគុយទាវផ្សេងទៀតត្រង់ថាគេប្រើគ្រឿងផ្សំពី Mee Sua soup ជាមួយសាច់ជ្រូកចិញ្ច្រាំមូលជាដុំតូចៗ ដុំសាច់មឹកពិសេសតាមបែបម្ហូបប្រពៃណីរបស់តៃវ៉ាន់។ យើងអាចញុំាគុយទាវនេះជាមួយនិងទឹកម្ទេសហ្មត់ពិសេសប្រចាំហាង ទឹកខ្មេះខ្មៅ និងខ្ទឹមសចិញ្ច្រាំ គ្រឿងផ្សំបន្ថែមទាំងបីមុខនេះគឺរឹតតែធ្វើឲ្យគុយទាវឆ្ងាញ់ជាប់មាត់ ញ៉ាំអស់ ១ ចានចង់ថែម ១ ចានទៀត។
គុយទាវចានតូចមានតម្លៃ ១,៥០ ដុល្លា និងចានធំតម្លៃ ២ ដុល្លារ៕