ត្បូងឃ្មុំៈ ក្នុង​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៨ ពេល​អ្នក​ទៅ​ដល់​ភូមិ​អភិវឌ្ឍន៍​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ពញាក្រែក អ្នក​នឹង​ឃើញ​ក្យូស​ជាច្រើន​សង់​ពី​ឈើ​ប្រក់ស្បូវ ជា​កន្លែង​លម្ហែកាយ​ក្រោម​ជំនោរ​ខ្យល់​ត្រជាក់​លម្អ​ដោយ​ទេសភាព​ទឹក​បឹង​ដ៏ធំ​។

បណ្ដុំ​ក្យូស​សម្រាក​អង្គុយលេង​មួយ​នេះ​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ចូល​សម្រាក និង​ភ្លក្ស​រសជាតិ​សាច់​ក្របី​ងៀត​ដែល​ល្បី​តៗ​គ្នា​ថា ឆ្ងាញ់​ពិសា​។

ក្យូស​លម្ហែកាយ​ល្បី​លក់​ងៀត​ក្របី​ឆ្ងាញ់​មាន​រថយន្ត​ចត​តម្រៀប​គ្នា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ឈរ​មុខ​ចង្ក្រាន​អាំង​ងៀត​ក្របី​ ផ្សែងហុយ​ចេញ​តិចៗ ក្លិន​ឈ្ងុយ​ងៀតក្របី​ហើរ​មក​ប៉ះ​ច្រមុះ អ្នកស្រី ហៀប ស្រីតូច ម្ចាស់​តូប​អ្នកគ្រូ​តូច​លក់​ងៀតក្របី​បាន​បញ្ជាក់​ថា​៖ «​សាច់​ក្របី​ហ្នឹង ខ្ញុំ​យក​មកពី​ស្វាយអន្ទរ សាច់​ក្របី​ខ្មែរ សាច់​ក្របី​ធម្មជាតិ​គឺ​យក​មកពី​ដេប៉ូ​ផ្ទាល់​តែ​ម្តង​។ ខ្ញុំ​ផ្សំ​គ្រឿង​ខ្លួនឯង​ទាំងអស់ ធានា​ថា​ឆ្ញាញ់ អត់​មាន​ជាតិ​ជូរ​ទេ ដោយសារ​យើង​វេចខ្ចប់​បាន​ត្រឹមត្រូវ​»​។

អ្នកស្រី​ក៏​បាន​បង្ហើប​ដែរ​ថា​៖ «​ខ្ញុំ​ប្រឡាក់ ខ្ញុំ​អត់​យក​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ទេ បើ​ដុំ​ណា​មាន​ជាតិ​ខ្លាញ់ និង​សស យើង​ចៀរ​វា​ចេញ កុំ​ឲ្យ​ស្វិត ហើយ​គេ​ល្បី​ណាស់ សាច់​ក្របី​ងៀត​មាន​រសជាតិ​ឆ្ងាញ់ គឺ​មាន​តែ​នៅ​ទី​នេះ​ទេ អ្នកណា​ក៏​ស្គាល់​ដែរ »​។

ប្រកបមុខរបរ​លក់​ងៀតក្របី​នេះ​អស់​រយៈពេល​ជាង ៤ ​ឆ្នាំ អ្នកស្រី ហៀប ស្រីតូច បាន​រំឭក​ថា​ដំបូង​ឡើយ​អ្នកស្រី​ជា​អ្នកលក់​គ្រួច និង​សាច់​អាំង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ តែ​នៅ​ដើម​ឆ្នាំ​ ២០១៥ អ្នកស្រី បាន​ចាប់ផ្តើម​លក់​ងៀតក្របី​តាម​ការណែនាំ​របស់​បងប្រុស​ក្នុង​ចំនួន​ត្រឹម​តែ​ ១ ​គីឡូ ២ ​គីឡូ​តែប៉ុណ្ណោះ​។ ដោយសារ​តែ​ស្នាដៃ​ប្រឡាក់​សាច់​ក្របី​មាន​រសជាតិ​ឆ្ងាញ់ មុខរបរ​លក់​មួយ​នេះ​ក៏​កាន់តែ​កាក់កប​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​នឹង​ធ្វើឲ្យ​អ្នកស្រី បន្ថែម​ចំនួន​ងៀត​ក្របី​កាន់តែ​ច្រើន​ឡើងៗ​។

ងៀត​ក្របី​តម្លៃ​ពី​ ៤ ទៅ ៦ ​ម៉ឺន​រៀល​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកលក់​ងៀត​ក្របី វ័យ ២៩ រូប​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ងៀត​ក្របី​ខ្ញុំ បើ​ថ្ងៃ​ធម្មតា​អាច​លក់​អស់​ពី ១៨ ​គីឡូ​ដល់ ២០ គីឡូ បើ​ថ្ងៃ​បុណ្យ​ធំៗ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​អី អាច​លក់​ដល់​ជាង ១០០ ឬ ២០០ ​គីឡូ​គឺ​ភ្ញៀវ​មក​ច្រើន​មែនទែន​សឹង​តែ​រក​កន្លែង​អង្គុយ​គ្មាន​។ ក្រៅពី​លក់​ដាច់​នៅ​កន្លែង​ក៏​មាន​គេ​​កុម្ម៉ង់​ច្រើន​ដែរ មាន​អ្នក​រតនគិរី មណ្ឌលគិរី សៀមរាប កំពង់ចាម ភ្នំពេញ​អ៊ីចឹង​»​។

ងៀតក្របី​ឆ្ងាញ់​នៅ​ទី​នេះ​មាន​ ៣ ​ប្រភេទ​គឺ ងៀត​ធ្វើ​ភ្លាម​ប្រឡាក់​ភ្លាម ១ ​គីឡូក្រាម តម្លៃ ៤ ​ម៉ឺន​រៀល​។ ងៀតក្របី​ប្រឡាក់ និង​ហាល​រយៈពេល​ ១ ​ថ្ងៃ​តម្លៃ ៥ ​ម៉ឺន​រៀល និង​ងៀត​ក្របី​ប្រឡាក់​ហាល​ចាប់ពី​ ២-៣ ​ថ្ងៃ​ទៅ តម្លៃ ៦ ​ម៉ឺន​រៀល​។

បន្ថែម​ពី​ការលក់​សាច់​ក្របីងៀត​ដែល​ជា​ម្ហូប​ពិសេស​ប្រចាំ​ហាង ហាង​អ្នកស្រី ហៀប ស្រីតូច ក៏​មាន​លក់​ម្ហូប​ជាច្រើន​ផង​ដែរ​ដូចជា ខ្ចងស្រែ ក្រួច កង្កែប ត្រី និង​អាហារ​កុម្ម៉ង់​ផ្សេងៗ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​។ នៅ​រដូវវស្សា ពិសេស​អំឡុង​ខែ​កក្កដា និង​សីហា​ទេសភាព​នៅ​តំបន់​នេះ​មាន​សភាព​ស្រស់ស្អាត​ដោយ​ទឹក​ឡើង​ពេញ​បឹង និង​ទាក់ទាញ​អ្នក​ដំណើរ​មក​សំចត​ទទួលទាន​អាហារ និង​លេង​ទឹក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​។

ហាង​អ្នកគ្រូ តូច លក់​ងៀតក្របី​ឆ្ងាញ់ បើក​លក់ ២៤ ​ម៉ោង និង​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ០៦០ ៨៧៧ ៧៥៤៕