
បាយឆាឆ្ងាញ់ ល្បីនៅផ្សារទួលទំពូង មួយចាន ៨០០០ រៀល។ ឈឹម ស្រីនាង
ភ្នំពេញ: នៅក្នុងផ្សារទួលទំពូង មិនត្រឹមតែជាផ្សារសម្បូរលក់នូវវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវជាតិ និងបរទេសនោះទេ ទីនេះក៏ល្បីមានលក់នូវម្ហូបអាហារឆ្ងាញ់ៗ ជាច្រើនប្រភេទ ដូចជា លតឆា មីស៊ុប បាញ់ស៊ុង ពងទាកូន បាយមាន់ និងបាយឆាជាដើម ។
នៅក្នុងផ្សារនេះ តាំងពីព្រឹករហូតដល់ល្ងាចគឺ មានអ្នកលក់ដូររបស់ញ៉ាំនិងមានភ្ញៀវហូរហែមិនដាច់ ទោះបីជានៅក្នុងផ្សារ មានសីតុណ្ហភាពក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយ។
នៅវេលាថ្ងៃត្រង់ ជាពេលដែលសម្បូរអ្នកមកស្វែងរកអាហារញ៉ាំនៅផ្សារទួលទំពូង ទាំងអ្នកធ្វើការ និងភ្ញៀវទេសចរ។ កន្លែងលក់នីមួយៗមានភ្ញៀវអង្គុយកុម្ម៉ង់ពេញៗតែម្តង។
ក្នុងតូបលក់ម្ហូបអាហារទាំងនោះ កន្លែងបាយឆាមួយកន្លែងនៅក្នុងផ្សារទួលទំពូង មានភ្ញៀវជាច្រើន រហូតដល់អ្នកខ្លះត្រូវឈរកុម្ម៉ង់ក៏មាន ដោយសារតែបាយឆា មីឆា និងគុយទាវឆានៅទីនេះមានរសជាតិឆ្ងាញ់ប្លែក។
អ្នកលក់មានរូបមន្តលាយគ្រឿងឆាបាយ មីឆា និងគុយទាវឆា ដែលធ្វើឲ្យអតិថិជនគាត់នៅបន្តគាំទ្រ ហើយវិលមកញ៉ាំម្ដងហើយម្ដងទៀតអស់រយៈពេល ២០ ឆ្នាំមកហើយ។
បាយឆា មីឆា និងគុយទាវឆានៅទីនេះ គឺដាក់ឆាភ្លាមៗ ដូច្នេះទោះជាអ្នកលក់ញាប់ដៃយ៉ាងណា ក៏ភ្ញៀវដែលប្រាថ្នាញ៉ាំបាយឆាដ៏ឆ្ងាញ់នេះត្រូវអង្គុយ ឬឈរចាំបន្តិចដែរទើបបានឆ្ងាញ់មាត់។
ចង់ញ៉ាំបាយឆាល្បីផ្សារទួលទំពូង ទាល់តែទ្រាំក្ដៅបន្តិច។ មួយចានតម្លៃត្រឹមតែ ៨០០០ រៀលប៉ុណ្ណោះ។ ទូរស័ព្ទ ០៧០ ៧២៩ ៧៧៣៕