ភ្នំពេញ៖ ស្ថិត​នៅ​លើ​អគារ​ពណ៌​ស​​ប្រណីត ២ ជាន់​ មាន​ទីធ្លា​ធំ​ទូលាយ​អាច​​ទទួល​ភ្ញៀវ​បាន​ច្រើន​រយ​នាក់ មាន​​​ជំនោរ​ខ្យល់​​​ត្រជាក់​ និង​ជ្រក​ក្រោម​​ម្លប់​​ដើម​ឈើ​កម្រៗ​មាន​គ្រញូង​ បេង និង​​រុក្ខជាតិ​បៃតង ​ដាំ​ជា​ជួរ​រំលេច​ដូច​​សួន​ស្រស់​ស្អាត​អង្គុយ​គយគន់​ផ្កា​​ ភ្លក្ស​ម្ហូប​​អាហារ​ចិន​ ក្រេប​តែ​ក្តៅ​ ផ្តល់​​នូវ​ផា​​សុខភាព​​ដល់​ភ្ញៀវ​គ្រប់​រូប​ និង​​មាន​​បន្ទប់​សម្រាប់​ការ​​ជួបជុំ​លក្ខណៈ​​គ្រួសារ មិត្តភក្តិ ពិភាក្សា​ការងារ​​ជប់​លៀង​ និង​ជាន់​ក្រោម ​តម្រៀប​កៅ​អី​តុ​​តាម​​​ស្តង់ដា​​​​សិង្ហបុរី​ ព្រម​ទាំង​មាន​​លក់​ស្រា​ក្រឡុក​ នៅ​ខាង​ក្រៅ​អគារ​​អម​ផង​​ក្រោម​បរិយាកាស​ភ្លើង​ពណ៌​យ៉ាង​​រ៉ូមេនទិក​។

អ្នកស្រី Amy Chiv វ័យ​ ៤៥ ឆ្នាំ ជាតិ​​សិង្ហបុរី ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ Tunglok Signatures ប្រាប់​​ភ្នំពេញ ​ប៉ុស្តិ៍​ ​ថា​៖​ «​ខ្ញុំ​​បើក​ភោជនីយដ្ឋាន​នៅ​​កម្ពុជា​ ព្រោះ​ខ្ញុំ​​មាន​ស្វាមី ​ដែល​ជា​ជនជាតិ​​​ខ្មែរ​ធ្លាប់​​​រស់នៅ​​អាមេរិក​​ ពួក​យើង​បាន​​គិត​​តាំង​​​ពី​មុន​មក​ទី​នេះ​ថា ​​ចង់​ជួយ​​ប្រជាជន​​ឲ្យ​មាន​ការងារ​ធ្វើ​ ហើយ​ក៏​ចង់​នាំ​យក​​​​ម្ហូប​​​​​​ស្តង់ដា​ដែរ​»​​។

ភ្ញៀវ​អាច​កុម្ម៉ង់មុខម្ហូប​ទៅ​តាម​ចំណូលចិត្ត​​​នៅ​ភោជនីយ​ដ្ឋាន​បែប​សិង្ហបុរី​ TungLok Signatures។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជ្រូក​​ខ្វៃ​ ចម្អិន​ដោយ​​ចុងភៅ ​​​បទសោធ​ច្រើន​​ឆ្នាំ​មក​ពី​សិង្ហបុរី​ ប្លែក​ទាំង​រសជាតិ​ និង​វិធី​ក្នុង​ការ​​ចម្អិន។ មុន​ពេល​យក​​ទៅ​ចម្អិន ​ចុង​ភៅ​យក​ទៅ​សម្ងួត​​​​​នៅ​ក្នុង​ទូរ​ហូត​ដល់​ស្ងួត (ប្រហែល​ជា​ ២៤ ម៉ោង)​ ទើប​យក​ទៅ​​ខ្វៃ​ ដោយ​មាន​បន្ថែម​​​បាយ​​​ដំណើប​​​​ តម្លៃ​ ២៣០ ដុល្លារ សម្រាប់​ជ្រូក​ ១ ក្បាល​​​។ ​អតិថិជន​​ដែល​និយម​ជ្រូក​ខ្វៃ​សម្រាប់​​ពិធី​បុណ្យ​ផ្សេងៗ​ដូច​ជា​ចូល​ឆ្នាំ​ចិន សែន​ឆេងម៉េង​ ជា​ដើម អាច​ធ្វើ​ការ​កុម្ម៉ង់​មុន​​ពេល​ ៤៨ ម៉ោង សម្រាប់​ការ​ចម្អិន​។​​

អ្នកស្រី Amy Chiv ដែល​ធ្លាប់​បើក​ហាង​កាហ្វេ​នៅ​ឯ​ទឹក​ដី​អាមេរិក​ និង​ចេះ​​ជំនាញ​ចម្អិន​ម្ហូប​ដែរ​​​នោះ​​​​បន្ត​​ថា​៖​ «​Tunglok គឺ​ជា​​ភោជនីយដ្ឋាន​​ដែល​ល្បី​ស្រាប់​នៅ​សិង្ហបុរី​ ហើយ​ក៏​មាន​ច្រើន​សាខា​ដែរ។ ចំពោះ​មុខ​ម្ហូប​​​វិញ​​​​យើង​មាន​ម្ហូប​​កែច្នៃ​ខ្លះ​ និង​បែប​ Original ​ម្ហូប​ចិន​​​កន្តាំង​​។ ​ភោជនីយដ្ឋាន​នេះ ​មាន​ការ​កែច្នៃ​មុខ​ម្ហូប​ជា​ច្រើន​ ព្រោះ​យើង​ធ្វើ​​​តម្រូវ​​​​តាម​ភ្ញៀវ​​​តាម​​តំបន់​»។

Tunglok Signature មាន​​មុខ​ម្ហូប​​ជាច្រើន​ដូច​ជា ​Braised shark''s Fin with Crab Meat ​(៦៨ ដុល្លារ) Chilli Crab Sauce (​តម្លៃ​តាម​ទម្ងន់​ក្តាម​) Tunglok Signatures Roasted Duck (ទាខ្វៃ ៣៨ ដុល្លារ) Nyonya​style Fried (តម្លៃ​តាម​ទំហំ​ត្រី) និង​​​ម្ហូប​​ជាច្រើន​​ទៀត ​​សម្រាប់​ជម្រើស​​​ភ្ញៀវ​។ គួរ​ឲ្យ​កត់​សម្គាល់​នោះ​​ ស៊ុប​ត្រី​ឆ្លាម ​(Double boiled Sharks Fin in Sharks Cartilage Soup និង Braised Sharks Fin with Crab Meat)​ ក៏​ជា​​មុខ​ម្ហូប​ដែល​​ល្បី​ប្រចាំ​ភោជនីយដ្ឋាន​​នេះ​ដែរ​ ខណៈ​ទឹក​ស៊ុប​មាន​ការ​រម្ងាស់​រយៈពេល​ ២៤ ម៉ោង​ ជាមួយ​​​បន្លែ ត្រីសាច់ និង​ក្បាល​​បង្កង​ ​តាម​​ក្បួន​​​រូបមន្ត​ដើម​ ដែល​តម្លៃ​ ១ ​ចាន ៦០ ដុល្លារ។​

បង្អែម Chilled Pumpkin Cream with Purple Rice topped & Coconut Ice-cream​។ អាប់ឌុលរ៉ាស់ហ៊ីម​

ចំពោះ​ប្រភេទ​សាច់ ​ដូច​ជា​សាច់​ទា សាច់​​គោ​ និង​គ្រឿង​សមុទ្រ​​ ដែល​បាន​នាំ​​ចូល​​​​មក​ពី​ប្រទេស ​អូស្ត្រាលី ជប៉ុន និង​​សហរដ្ឋ​អាមេរិក​ និង​ភាគ​តិច​បាន​ប្រើប្រាស់​ផលិតផល​នៅ​​ក្នុង​ស្រុក​ ​ដោយសារ​​មិន​​មាន​​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវ​​ការ​​​ភោជនីយដ្ឋាន​យើង​។ ឯ​​បន្លែ​វិញ​ បាន​​​នាំចូល​ពី​អង្គការ​ ដែល​ជា​ដៃគូ និង​​​​ភាគ​តិច​​បំផុត​ នាំ​ចូល​ពី​ក្រៅ​​ប្រទេស​​ដូច​គ្នា​។

ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​ល្បី​ប្រចាំ​ Tunglok Signatures ក៏​មាន​ជា​ប្រភេទ​បង្អែម​​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​​ដូច​ជា​ Deep-fried Sesame Ball, Double-boiled Almond Cream with ''Tang Yuan'' ​(៨ ដុល្លារ) Warm Valrhona Chocolate Lava Cake Served with Vanilla Ice-cream (១២ ដុល្លារ) និង​បង្អែម​ ​មាន​រសជាតិ​មិន​ផ្អែម​ខ្លាំង​ ការ៉ែម​លាយ​នឹង​​​​អង្ករ​ដំណើប​​បំពង​​ Chilled Pumpkin Cream with Purple Rice topped with Coconut Ice-cream (៨ ដុល្លារ)។

ពាក់ព័ន្ធ​នឹង​តម្លៃ​​មុខ​ម្ហូប​នីមួយៗ​រាង​​​ខ្ពស់​នោះ​​ ​អ្នកស្រី​ Amy Chiv ​ក៏​​បញ្ជាក់​​​​ថា​៖​ «​នេះ​ជា​តម្លៃ​ដែល​បាន​កំណត់​តាម​​ស្តង់ដា​ពី​សិង្ហបុរី ម្យ៉ាង​ទៀត​​យើង​​ប្រើប្រាស់​គ្រឿង​ផ្សំ ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​។ ចំណែក​ឯ​អាហារ​សមុទ្រ​​​នាំចូល​មក​ស្រស់ៗ​​ មាន​​គុណភាព​ខ្ពស់​ មិន​ឲ្យ​​អតិថិជន​​​ខក​​ចិត្ត​ឡើយ​»។

ម្ចាស់​​ភោជនីយដ្ឋាន​Tunglok ​Signatures អ្នកស្រី​ Amy Chiv ដែល​​​បញ្ចប់​បរិញ្ញាបត្រ​ជាន់​​ខ្ពស់​ផ្នែក​ទីផ្សារ​ និង​​​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ​ Murdoch ​ថ្លែង​ថា​៖ ​«​នៅ​ពេល​នេះ ​យើង​មិន​ទាន់​​​រៀបចំ​រួច​​​រាល់​ទេ ​ហើយ​​​ក៏​ទើប​​បើក​សាក​ដំបូង​​ទទួល​ភ្ញៀវ​តែ​ពេល​ល្ងាច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃទី ​១ ខែ ​មករា ដើម​ឆ្នាំ ២០២០​ ទើប​បាន​​​​មាន​លក់​អាហារ​ថ្ងៃ​ត្រង់​ពី​ម៉ោង​ ១១:៣០ ដល់​ម៉ោង ២:៣០​ រសៀល និង​​​ល្ងាច​ពី​ម៉ោង ៦ ល្ងាច​ ដល់​​ម៉ោង​ ១២ យប់​។​ បន្ថែម​ពី​នេះ​ក៏​មាន​​លក់​ស្រាក្រឡុក​ផង​ដែរ​»។

ភោជនីយដ្ឋាន​នេះ​ ​ទើប​តែ​បាន​​ដំណើរការ​ពី​ថ្ងៃទី ​២ ខែ ធ្នូ ឆ្នាំ ​២០១៩ មក​នេះ ​មាន​លក់​តែ​អាហារ​ពេល​​​ល្ងាច​តែ​​ប៉ុណ្ណោះ​ ចាប់​ពី​ម៉ោង​ ៦ ល្ងាច ​ទៅ​ ដែល​ទទួល​​ភ្ញៀវ​ ៣-៤ តុ ក្នុង​មួយ​ថ្ងៃ ​ភាគ​ជា​ភ្ញៀវ​​ខ្មែរ​ និង​មាន​​​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ ​៣០ ផ្លូវ​លេខ​ ២២២ កែង​ផ្លូវ ៥៥ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូន​ពេញ។ លោក​អ្នក​អាច​ទំនាក់ទំនង​​តាម​ទូរស័ព្ទ​​លេខ​ ០៦៩ ៩៣១ ​៨៨៨ ឬ​តាមរយៈ​ហ្វេសប៊ុក​ផេក Tunglokcambodia៕

វីដេអូ៖