ភ្នំពេញ: ស្ថិត​នៅ​លើផ្លូវ​មុនីវង្ស ម្តុំ​មី​ទាញ​ឆ្ងាញ់​ពេទ្យ​ចិន រទេះ​លក់​បង្អែម​ចាប់​លៀង​ល្បី​ឆ្ងាញ់​មួយ​កន្លែង មាន​ភ្ញៀវ​អង្គុយ​ញ៉ាំ ហើយ​អ្នក​ខ្លះ​ឈរ​រង់ចាំ​ខ្ចប់​យក​ទៅ​ផ្ទះ​យ៉ាង​កុះករ។

កញ្ញា ដានិក ដែលជា​ម៉ូយ​ប្រចាំ​នៅ​កន្លែង​លក់​បង្អែម​ចាប់​លៀង​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​មក​ញុំា​បង្អែម​ចាប់​លៀង​នេះ​តាំង​ពី​ជំនាន់​ខ្ញុំ​រៀន​ថ្នាក់​ទី ៨ មក​ម្ល៉េះ ហើយ​ឥឡូវ​ខ្ញុំ​ចូល​ធ្វើការ​បាន​ច្រើន​ឆ្នាំ​ហើយ​ឃើញ​ថា​គាត់​នៅ​តែ​លក់​ដដែល។ សម្រាប់​ចាប់​លៀង​កន្លែង​គាត់​នេះ​គឺ​ឆ្ងាញ់​ជាង​គេ​តាំង​ពី​ខ្ញុំ​ញ៉ាំ​មក។ ដោយសារ​តែ​កន្លែង​គាត់​ធ្វើ​ស្អាត លក់​មិន​ដែល​សល់ គឺ​អស់ៗ​តែ​ម្តង ណាមួយ​គ្រឿង​បង្អែម​ចាប់​លៀង​ទាំង​អស់​គាត់​ធ្វើ​ដោយ​ខ្លួន​ឯង​សឹង​តែ​គ្រប់​មុខ ដូចជា​សណ្តែក​ចំហុយ ត្រាវ​ដំឡូង​ឆឹង គ្រាប់​ឈូក មើម​ឈូក​ចំហុយ ស្រូវ​សាលី​ចំហុយ គ្រាប់​ពុទ្រា​ក្រហម​ចំហុយ និង​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន​មុខ​ទៀត»។

កញ្ញា​បាន​បន្តថា៖ «បើតាម​ខ្ញុំ​ដឹង​អ៊ី​លក់​បង្អែម​ចាប់លៀង​នេះ​គឺ​គាត់​លក់​យូរ​មកហើយ ប្រហែល​ជា ២០ ឆ្នាំ តាំង​ពី​គាត់​នៅ​ជួយ​លក់​ជាមួយ​ថៅកែ​ចិន អ៊ីចឹង​ហើយ​គេ​បង្រៀន​ឲ្យ​គាត់ ធ្វើ​គ្រប់​មុខ​ទាំង​អស់ ហើយ​រៀន​បាន​ជំនាញ​ច្រើន​ចំពោះ​ការ​ធ្វើ​បង្អែម​ចាប់​លៀង​នេះ»។

លក្ខណពិសេស​ជាងគេ​នៃ​បង្អែម​ចាប់លៀង​របស់គាត់​ត្រង់ទឹក​ស្ករ គឺ​គាត់​ធ្វើ​ឆ្ងាញ់ សម្រាប់​លក់​មួយ​ថ្ងៃៗ រីឯ​គ្រឿង​បង្អែម​វិញ​គឺ​មិន​ដែល​លក់​សល់​ដល់​ថ្ងៃ​ស្អែក​នោះ​ទេ។

ចង់​ញ៉ាំ​បង្អែម​ចាប់លៀង ស្នាដៃ​ជំនាញ​ជាង២០ឆ្នាំ​ទេ? អាច​ទៅរក​ញ៉ាំ​បាន​នៅ​កន្លែង​លក់​របស់ អ៊ី​ចាប់​លៀង ពេទ្យ​ចិន មួយ​ចាន​តម្លៃ​ត្រឹម​តែ ៤០០០ រៀល តែ​ប៉ុណ្ណោះ ឆ្អែត​ល្មម​សម្រាប់​អ្នក​ញ៉ាំ​តិច តែបើ​អ្នក​ញ៉ាំ​ច្រើន​អាច​ថែម​មួយ​ចាន​ទៀត​គឺ​ឆ្អែត​តែម្តង។ ទំនាក់​ទំនង​ទូរស័ព្ទ កុម្ម៉ង់ ០៩៦ ២៨៤ ៤៩៩៤៕