ភ្នំពេញ: ជម្រាបសួរមិត្តអ្នកអានកាសែតភ្នំពេញ ប៉ុស្ដិ៍ ទាំងអស់គ្នា! សប្ដាហ៍នេះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែក ដោយសារយើងខ្ញុំនឹងនាំលោកអ្នកទៅកាន់ភោជនីយដ្ឋាន អាយហ៊្វូត ដើម្បីស្វែងយល់ពីវិធីចម្អិនម្ហូបឆ្ងាញ់ៗ ហើយសប្តាហ៍នេះភ្នំពេញ ប៉ុស្តិ៍ នឹងបង្ហាញពីរបៀបធ្វើចាយ៉ដ៏ងាយៗ តែវាពិតជាមានឱជារសឈ្ងុយឆ្ងាញ់ពិសា។
ដើម្បីធ្វើចាយ៉ ពិសេសនេះបានលោកអ្នកត្រូវការគ្រឿងផ្សំមិនច្រើននោះទេក្នុងនោះមានខ្ទឹមបារាំង ខ្ទឹមក្រហម ជីរនាងវង សាច់គោ ប្រេងឆា ស្ករស និងម្សៅស៊ុប។
របៀបធ្វើ
មុនដំបូងនេះ លោកអ្នកត្រូវយកសាច់គោទៅចញ្ច្រាំឲ្យម៉ដ្ឋជាមួយនឹងខ្ទឹមបារាំងជីរនាងវងនិងខ្ទឹមក្រហមឲ្យម៉ដ្ឋ និងច្របល់លាយគ្នាជាមួយនឹងគ្រឿងផ្សំដូចជាម្សៅស៊ុប និងស្ករស។ សម្រាប់ការធ្វើចាយ៉នេះគឺមិនដាក់អំបិលទេបន្ទាប់មកយកសាច់ដែលបានលាយគ្រឿងរួចយកទៅខ្ចប់នឹងសម្បកចាយ៉រួច ចាំយកទៅបំពងជាមួយនឹងប្រេងឆាឲ្យបានឆ្អិនល្អហើយស្រង់ដាក់កញ្រ្ជែងឲ្យអស់ជាតិប្រេង។
របៀបធ្វើទឹកត្រីគឺយកខ្ទឹមសនិងម្ទេសមកចិញ្ច្រាំឲ្យម៉ដ្ឋរួចដួសដាក់ចាន ហើយចាក់ទឹកត្រីចូលបន្តិចលាយជាមួយនឹងទឹកក្តៅរួចហើយចាំដាក់គ្រឿងផ្សំលាយចូលគ្នាជាការស្រេច។ការធ្វើចាយ៉នេះប្រើរយៈពេលខ្លី ប៉ុណ្ណោះ ប៉ុន្តែលោកអ្នកអាចទទួលបានអាហារដ៏មានឱជារស។
សម្រាប់ចាយ៉បំពងនេះអាចបរិភោគជាមួយនឹងសាលាដ និងជីរអង្កាមជ្រលក់ជាមួយនឹងទឹកត្រីតែម្តង។
ប្រសិនបើលោកអ្នកចង់ដឹងថា ចាយ៉ អាយហ៊្វូតនេះមានរសជាតិប្លែកមាត់យ៉ាងណានោះ សូមអញ្ជើញសាកល្បងភ្លក្សនៅភោជនីយដ្ឋានអាយហ៊្វូត ស្ថិតនៅផ្ទះលេខ ៤៩ ផ្លូវលេខ ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ២១៦ ៣៥៨ និង ០៩៨ ២១៦ ៣៥៨៕