ភ្នំពេញ៖ អំឡុងពេលវិបត្តិកូវីដ ១៩ ជាវេលាដែលមេចុងភៅខ្មែរកាណាដា យេន ចាន់ធី ងាកមកសញ្ជឹងគិតដល់ម្ហូបសាវតារ ដែលជំរុញឲ្យលោកបើកហាងក្នុងក្ដីស្រមៃ។
លោក ចាន់ធី ដែលជាម្ចាស់ហាង «ទូក» (Touk) ក្រោយពីជោគជ័យនឹងជំនួញភោជនីយដ្ឋានប៉ុន្មានកន្លែងផ្សេងទៀតនោះ បានសស្រោកសស្រាំនឹងបេសកកម្មផ្សព្វផ្សាយរសជាតិដ៏សម្បូរនៃម្ហូបខ្មែរ ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក។
ចុងភៅមានបទពិសោធធ្វើការជាមួយកំពូលចុងភៅល្បីៗក្នុងលោក រួមមាន Ferran Adria និង Adoni Aduriz រូបនេះ បានធ្វើការបម្រើរសជាតិ និងផ្សារភ្ជាប់ប្រវត្តិម្ហូបខ្មែរទៅកាន់អតិថិជននៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា តាមរយៈគម្រោង Introduction to Cambodian Gastronomy។
មេចុងភៅវ័យ ៣២ ឆ្នាំរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «គោលដៅខ្ញុំ គឺជាការណែនាំឲ្យអតិថិជនបានស្គាល់ពីរបៀបធ្វើ និងគ្រឿងផ្សំខ្មែរ។ ខ្ញុំចង់បើកឲ្យអតិថិជនយល់ឲ្យទូលំទូលាយពីវប្បធម៌ខ្មែរ និងបញ្ជាក់ថា ម្ហូបខ្មែរក៏ដូចជាម្ហូបល្បីៗនៅក្នុងពិភពលោកផងដែរ និងសង្ឃឹមថា អាចនាំម្ហូបខ្មែរទៅលំដាប់មួយទៀត»។
ក្រោយពីប្រថុយប្រថានបើកហាង ទូក នៅរដូវកាលកូវីដ លោក ចាន់ធី ត្រូវបានទទួលស្គាល់តាមរយៈទំព័រមុខបណ្ដាញព័ត៌មានល្បីៗដូចជា Bon Appetite។
បូករួមជាមួយបទពិសោធចម្អិនម្ហូបនៅបរទេស និងជាពិសេសការចិញ្ចឹមបីបាច់ដោយរសជាតិអាហារគ្រួសារខ្មែរពីជីដូន លោកក៏មានគំនិតបង្កើតជាវគ្គអាហារខ្មែរ ដែលចែកចេញជា ៤ ភាគ។
ទី១- Essential Techniques និយាយពីតិចនិករបស់លោក ដែលប្រើក្នុងការចម្អិនមាន ស្ងោរ ចៀន អាំង និងប្រឡាក់ គ្រឿងផ្សេងៗ។
ទី២-Pillars of Flavour គឺផ្ដោតលើរសជាតិរបស់ខ្មែរ ដែលមានទាំងរបៀបធ្វើយ៉ាងណា និងប្រើអ្វីខ្លះឲ្យបានរសជាតិប្រៃ ផ្អែម ជូរ ល្វីង។
ទី៣-Guilty Pleasures ផ្ដោតទៅលើការរស់នៅរបស់លោកនៅកាណាដា ហើយរៀនអំពីម្ហូបអាហារខ្មែរដោយសម្របខ្លួនក្នុងនាមជាជនជាតិខ្មែរម្នាក់នៅកាណាដា។
ទី៤-Celebration គឺផ្ដល់ចំណេះដឹងទៅលើម្ហូបខ្មែរ ដែលពេញនិយមបម្រើភ្ញៀវក្នុងពិធីសំខាន់ៗដូចជា មង្គលការ និងជប់លៀងជាដើម។
កាលវិភាគក្នុងការបម្រើវគ្គម្ហូប ត្រូវបានលោក យេន ចាន់ធី ប្រាប់ឲ្យដឹងដែរថា៖ «ចំពោះ Essential Techniques បានធ្វើរួចហើយ កាលពីខែកញ្ញា និង Pillars of Flavour ក្នុងខែតុលា នេះ។ បានឃើញថាមានអតិថិជនចូលរួមជាច្រើន ត្រឹមរយៈពេល ៦ ទៅ ៨ ម៉ោងប៉ុណ្ណោះអាហារត្រូវបានលក់ដាច់អស់»។
លោកបន្តថា៖ «ចំពោះពីរភាគបន្តទៀត ខ្ញុំសង្ឃឹមថានឹងអាចធ្វើនៅខែវិច្ឆិកានេះ ព្រោះបច្ចុប្បន្ន ក្រុងម៉ុងរ៉េអាល់ស្ថិតនៅក្នុងការរឹតបន្តឹងចំពោះការធ្វើដំណើរនៅឡើយ។ តែទោះជាយ៉ាងណា ភ្ញៀវនៅតែអាចកុម្ម៉ង់ម្ហូបចេញទៅក្រៅបាន»។
លោកក៏បានឲ្យដឹងដែរថា ក្នុងការរៀបចំណែនាំពីម្ហូបអាហារប្រទេសខ្មែរ នេះ លោកមានបញ្ជីមុខម្ហូបដែលសរសេរជាភាសាខ្មែរដោយប្រើប្រាស់ព្យញ្ជនៈអង់គ្លេស។ ពេលនោះអតិថិជនដែលមិនយល់ លោកនឹងប្រើប្រាស់ឱកាសពន្យល់បកស្រាយពីអាហារនីមួយៗ។
ឈុតអាហារខ្មែរប្រណីតមានតម្លៃ ១២៥ ដុល្លារ បូករួមទាំងស្រា សម្រាប់មនុស្សម្នាក់ ដោយរួមមានអាហារ ៧ មុខ បម្រើផ្សារភ្ជាប់នឹងការរៀបរាប់ពីប្រវត្តិម្ហូបនីមួយៗ។
មេចុងភៅ ចាន់ធី និយាយថា៖ «ខ្ញុំធ្វើបែបនេះ ដើម្បីឲ្យពួកគាត់បានយល់បន្ថែម ព្រោះម្ហូបលើកមកគាត់អាចនឹងឃើញតែសាច់ បន្លែ ស៊ុប។ វាជារសជាតិខ្មែរមែន តែតិចនិកដែលខ្ញុំប្រើគឺលើសពីនោះ។ វាបញ្ចូលរួមទាំងអ្វីដែលខ្ញុំបានរៀនជារបៀបអន្តរជាតិ»។
កន្លងមក លោកបានទទួលមតិយោបល់សរសើរយ៉ាងច្រើន ទាំងពីអតិថិជនខ្មែរ និងកាណាដា។
លោក ចាន់ធី បានស្រង់មតិយោបល់ទាំងអស់សំណើចថា៖ «ពេលខ្ញុំកំពុងបុកល្ហុង មានអ៊ំស្រីខ្មែរម្នាក់ប្រាប់ខ្ញុំថា អាអូនកុំដាក់ទឹកខ្មេះច្រើនពេក ជូរណាស់ដាក់ក្រូចឆ្មារវិញ។ វាគួរឲ្យចងចាំនៅពេលដែលមានប្រជាជនខ្មែរជួយកែខ្ញុំពីអ្វីដែលខ្ញុំធ្វើខុស ព្រោះដូចជាជីដូនខ្ញុំអ៊ីចឹង»។
លោកបន្តថា៖ «ខ្ញុំក៏សប្បាយចិត្តដែលឃើញខ្មែរដូចគ្នា ហើយមានកូនខ្មែរកាណាដាពួកគាត់អាចមកញ៉ាំជុំគ្នានៅទីនេះ ពិតជារំភើបណាស់»។
បច្ចុប្បន្នលោកកំពុងតែផ្លាស់ប្ដូរផ្ទះបាយអាមេរិក ឲ្យទៅជាផ្ទះបាយខ្មែរ តែវាជាកិច្ចការលំបាកបន្តិច ព្រោះឧបករណ៍ប្រើប្រាស់មិនដូចគ្នា។
លោកក៏បានបង្ហើបឲ្យដឹងពីមហិច្ឆតានាថ្ងៃអនាគត ដោយលោកសង្ឃឹមថា នឹងអាចចម្អិនហូបថ្វាយគ្រួសាររាជវង្សទូទាំងពិភពលោក។
លោក ចាន់ធី បានលើកឡើងថា៖ «ខ្ញុំក៏សង្ឃឹមថាទូកអាចមានទីតាំងនៅខ្មែរនៅថ្ងៃមុខផងដែរ ហើយក៏ជាបំណងចិត្តដែលខ្ញុំចង់ធ្វើការជាមួយចុងភៅខ្មែរផ្លាស់ប្ដូរបទពិសោធ ដើម្បីដឹងថា ម្ហូបខ្មែរដើរដល់ណាហើយតិចនិកអីខ្លះដែលមានការគាំទ្រច្រើនបច្ចុប្បន្ន»៕