ភ្នំពេញ: ឲ្យ​តែ​និយាយ​ដល់ «នំគម» មនុស្ស​ភាគច្រើន​ប្រាកដជា​នឹក​ដល់​នំ​ស្នូល​ដូង និង​សណ្ដែក​ដែល​វេច​ស្លឹក​ចេក។ តែ​សម្រាប់​នំគម​អ្នក​កំពត​វិញ គឺ​មិន​មាន​ខ្ចប់​ស្លឹក​អ្វី​បិទ​បាំង​ឡើយ ដោយ​អ្នក​ស្រុក​នាំគ្នា​ហៅ «នំគម​ស្រាត»។

អ្នកនាង ឆ​យី តារា​សម្តែង បាន​ចាប់ផ្តើម​លក់​នំគម​ស្រាត​ដែល​ធ្វើ​ផ្ទាល់​ដោយ​ស្នាដៃ​របស់​ម្តាយ​នាង​ផ្ទាល់ ដែល​ជា​អ្នក​ស្រុក​កំពត។

អ្នកនាង ឆ​យី បាន​និយាយថា៖ «សម្រាប់​នំគម​ស្រាត​នេះ​ជាធម្មតា​គឺ​គេ​ហៅ​ទៅតាម​តំបន់​តាម​ស្រុក ក៏​ប៉ុន្តែ​ធម្មតា​នំ​នេះ​គឺ​មាន​ឈ្មោះ​របស់​អ្នក​ខេត្ត​កំពត គេ​ហៅថា នំគម​ស្រាត ហើយ​ជាទូទៅ​នំគម​របស់ យើង​មាន​វេច​ស្លឹក តែ​នំគម​សម្រាប់​អ្នក​កំពត អត់​មាន​ស្លឹក​ទេ គឺ​ស្រាត​តែម្តង»។

អ្នកនាង​បន្តថា៖ «ចំពោះ​នំគម​ស្រាត​នេះ គឺ​ម្តាយ​របស់ខ្ញុំ​គាត់​ជា​អ្នកធ្វើ​ដោយ​ខ្លួនឯង​តែម្តង ដោយសារ​តែ​គាត់​ជា​អ្នក​កំពត​ស្រាប់ អ៊ីចឹង​គាត់​មាន​ជំនាញ​ក្នុង​ការ​ធ្វើ និង​ចម្អិន​វា​ដោយ​មិន​បាច់​វេច​ស្លឹក​ចេក»។

តារា​សម្ដែង ឆ​យី បាន​បន្តទៀតថា៖ «ខ្ញុំ​បានចាប់ផ្តើម​លក់​នំគម​ស្រាត​នេះ​បាន​រយៈ​ជិត ២ អាទិត្យ​ហើយ មាន​ភ្ញៀវ​គាត់​ចាប់​ផ្តើម​ស្គាល់ និង​កុម្ម៉ង់​ច្រើន​គួរសម​ដែរ ដោយ​មួយ​ថ្ងៃ​បាន ៥០ ទៅ ៦០ ប្រអប់​ដែរ។ នំគម​ស្រាត​នេះ​គឺ​យើង​ធ្វើ​ភ្លាមៗ​ជូន​ភ្ញៀវ​តែម្តង អ៊ីចឹង​នៅ​ពេល​ភ្ញៀវ​ចាប់ផ្តើម​កុម្ម៉ង់ ម្តាយ​របស់​ខ្ញុំ​គាត់​ចាប់ផ្តើម​ចម្អិន​ភ្លាម។ នំគម​ស្រាត​នេះ​គឺ​យើង​មាន​ថែម​ទឹក​ខ្ទិះ​ពី​លើ​ដើម្បី​ឲ្យ​រស​ជាតិ​ឆ្ងាញ់​ប្លែក​មាត់»។

ចង់​ភ្លក្ស​រសជាតិ​នំគម​ស្រាត​អ្នក​កំពត ដែលមាន​អ្នកលក់​ជាតា​រា​រូប​ស្រស់ ឆយី​ទេ? នំគម​ស្នូល​ដូង ឬ​សណ្ដែក ១ ប្រអប់ ១ ម៉ឺន​រៀល។ ទូរស័ព្ទ​លេខ ០៧៧ ៣៩៧២៧២៕