The Phnom Penh Post Search

Search form

ឆា​មីសួ​បង្គាពី​ភោជនីយដ្ឋាន Mr. Mab

Content image - Phnom Penh Post
ឆា​មីសួ​ចម្អិន​ជាមួយ​បង្គាបំពង​ស្រស់ៗ​យកមក​ពី​ខេត្ត​កែប​។ ឈឹម ស្រីនាង

ឆា​មីសួ​បង្គាពី​ភោជនីយដ្ឋាន Mr. Mab

ភ្នំពេញ: ក្រោយពី​ទទួលជោគជ័យ​ជាមួយ​នឹង​ភោជនីយដ្ឋាន Mr. Mab នៅ​ខេត្តកែបមក ម្ចាស់​ហាង​​លោក ឈឹម សុវណ្ណាឫទ្ធិ៍ បាន​សម្រេចចិត្ត​នាំយក​រសជាតិអាហារ​​គ្រឿង​ស​មុទ្រ​ឆ្ងាញ់​ៗ​មក​កាន់​រាជធានី​ភ្នំពេញ តាមរយៈ​ហាង Mr. Mab នៅ​ផ្លូវលេខ ៣៦០ ហួស​ម្ដុំម្លប់ដូង។

ក្នុង​ចំណោម​មុខ​ម្ហូប​គ្រឿងសមុទ្រ​ទាំង​នោះ ​ឆាមីសួបង្គាទទួល​បាន​ការ​​ពេញនិយម​ជាងគេ។

គ្រឿងផ្សំ​សម្រាប់មុខម្ហូប​នេះ​មាន បង្គា​ស្រស់ ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ផ្សិតឈើ មីសួ ផ្សិតត្រចៀក​កណ្ដុរ ខ្ទឹមបារាំង ខ្ទឹមស ម្ទេស ម្ទេសហាវ៉ៃ ប្រេងល្ង ម្រេចម៉ដ្ឋ និង​ប្រេងឆា។គ្រឿងផ្សំ​រសជាតិ ម្សៅស៊ុប អំបិល ស្ករស និង​ទឹកប្រេងខ្យង។

វិធីចម្អិនគឺ ជា​ដំបូង​ត្រូវយកបង្គា​ស្រស់ទៅ​លាង​ឲ្យ​ស្អាតរួច​បំពង​ទុក​ឲ្យ​ស្រក់ប្រេង​មួយ​អន្លើ​សិន។ មីសួត្រូវស្រុស​ឲ្យទន់​ហើយ​ទុក​ដោយ​ឡែក។

បន្ទាប់យក​ខ្ទឹមស​ចិញ្ច្រាំ ហើយ​ឆាជា​មួយចំណិតម្ទេសហាវ៉ៃ ខ្ទឹមបារាំង ផ្សិត​ឈើ និងផ្សិតត្រចៀក​កណ្ដុរ​ ប្រេងល្ង ប្រេងឆា​ មុន​នឹងបន្ថែមគ្រឿងផ្សំ​រ​សជាតិ​ដូចជា ម្សៅស៊ុប អំបិល ស្ករស ទឹក​ប្រេងខ្យង និង​ម្រេច​ម៉ដ្ឋ។

ចាប់​ផ្ដើម​ដាក់មីសួឆា​ច្របល់ចូលគ្នា​ សឹម​ចាក់​ទឹក​បន្តិច​។ បន្ដ​មកឆា​ឲ្យស្ងួត​ទឹកសឹម​ដាក់​ស្លឹក​ខ្ទឹម។ ពេល​រួចរាល់ហើយ​ត្រូវ​ដួស​មីសួដាក់​ចាន ហើយ​រៀបបង្គាបំពង​ពីលើ ​រោយ​ជីរវ៉ាន់ស៊ុយ​ រៀបម្ទេស​ និងបន្លែ​ពីលើ​ជា​ការ​ស្រេច។

ក្រៅ​ពី​ឆា​មី​សួ​បង្គា ភោជនីយដ្ឋាន Mr. Mab ក៏មាន​មុខម្ហូប​ឆ្ងាញ់ៗ​ដទៃ​ទៀត​ដូចជា ខ្យង​ប៉ារ៉ា​លីង​អំបិលម្ទេស អយស្ទើរ​ចំហុយ​ខ្ទឹមស ក្ដាមឆា​ម្រេចខ្ចី សម្ល​ម្ជូរ​អង្រង​ និង​បង្គា​អាំង​ចង្ក្រាក់ជាដើម ក្នុង​តម្លៃពី ៦ ទៅ ១០ ដុល្លារ​។

ភោជ​នីយដ្ឋាន​ស្ថិត​នៅ​ផ្ទះលេខ ១១០ ដេ ផ្លូវ ៣៦០ កាច់​ជ្រុងផ្លូវ ១៦៣ រាជធានី​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍