ភ្នំពេញ: ស្ថិតនៅម្ដុំបឹងកេងកង ១ ភោជនីយដ្ឋានម្ហូបថៃ ប៊ុង្គុត រំលេចរចនាប័ទ្មជាផ្ទះបែបថៃបុរាណជាមួយដំបូលស្រួចកោងម៉ូដឈើ អមដោយរុក្ខជាតិបៃតងដាំតាមរបងហាង។
ទោះជារចនាប័ទ្មខាងក្រៅមានលក្ខណៈហាក់វិលទៅសម័យអតីតកាលក្ដី ប៉ុន្តែឈានជើងចូលខាងក្នុងហាង លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយការរចនាបែបទំនើប។
ចង្កៀងរំយោលតាមជញ្ជាំងពណ៌ទឹក្រូចចាស់ រំលេចវាំងននពណ៌ខៀវ កៅអីពូកពណ៌សដ៏ទាន់សម័យ កែវស្រាបារាំង មានជើងចំទើតលើតុអាហារខ្មៅរលោងស្រិល។ ក្នុងចំណោមជម្រើសម្ហូបថៃ និងថៃកាត់ចិនជាច្រើន ភ្ញៀវភាគច្រើនតែងតែមិនរំលងនូវម្ហូបពិសេសប្រចាំហាងគឺ តុមយ៉ាំបង្កង ទឹកគ្រឿងកាពិត្រីប្លាធូគ្រឿងក្លែមត្រជាក់ ខជើងជ្រូក ពងទាចៀនអយស្ទ័រ សាច់ជ្រូកស្រួយហុងកុង និងឈុតបុកល្ហុងពិសេស។
ក្នុងចំណោមអាហារទាំងនោះ ក៏មានម្ហូប «ឆាម្រះព្រៅទាខ្វៃ» ដែលគ្រាន់តែឮឈ្មោះភ្លាម ក៏ធ្វើឲ្យយើងចង់ដឹងពីរសជាតិរបស់វាភ្លែត។
សាច់ទាខ្វៃដែលជាទូទៅគេទទួលទានជ្រលក់ជាមួយទឹកសៀងខាប់ បែរជាត្រូវបានគេយកមកឆាបែបថៃជាមួយម្រះព្រៅម្ទេស ខ្ទឹមស និងម្ទេសហឹរ។ សាច់ទាផុយឆ្ងាញ់ ផ្សំជាមួយក្លិនឈ្ងុយនៃម្រះព្រៅ និង ម្ទេសហឹរ បង្កើតបានជារសជាតិថ្មីប្លែក ដែលមិនសាកមិនបាន។
ភោជនីយដ្ឋាន ប៊ុង្គុត ស្ថិតនៅផ្ទះលេខ ២៨ ផ្លូវ៣០២ ចន្លោះផ្លូវលេខ ៥១ និងផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕